នាយប៉ូលិស៥នាក់ត្រូវបានបញ្ឈរជើង ដោយសារតែការដោះស្រាយលើការស៊ើបអង្កេតការរំលោភបូកនិងសម្លាប់ស្ត្រីវ័យ១៩ឆ្នាំម្នាក់ ដែលបានបង្កកំហឹងនៅទូទាំងប្រទេសឥណ្ឌានិងការតវ៉ាប្រឆាំងអស់ប៉ុន្មានថ្ងៃមកនេះ។
យុវតីមកពីវណ្ណៈទាបដាលីតដែលរងរបួសធ្ងន់ត្រូវបានគេប្រទះឃើញកាលពីពាក់កណ្តាលខែកញ្ញានៅក្រៅភូមិរបស់នាងនៅក្នុងរដ្ឋអ៊ុតតា ប្រាដែស និងបានស្លាប់នៅសប្តាហ៍នេះនៅមន្ទីរពេទ្យមួយក្នុងក្តុងញូវដេល្លី។
ប៉ូលិសបានចាប់ខ្លួនបុរស៤នាក់ចំពោះការរំលោភ និងឃាតកម្ម។តែក្រុមប៉ូលិសបានរងការរិះគន់ចំពោះការដុតសាកសពស្ត្រីនេះទាំងកណ្តាលយប់ ប្រឆាំងនឹងបំណងប្រថ្នារបស់គ្រួសារនាងនិងប្រពៃណីតាមបែបសាសនា។
ប៉ូលិសជាន់ខ្ពស់ម្នាក់កាន់តែបង្កកំហឹងកាលពីថ្ងៃព្រហស្បតិ៍ ក្រោយអះអាងថា របាយការណ៍ពិនិត្យសាកសពបង្ហាញថា ស្ត្រីនេះមិនត្រូវបានរំលោភផ្លូវភេទទេ។វាផ្ទុយពីសេចក្តីរាយការណ៍ពីជនរងគ្រោះ និងម្តាយរបស់នាង ព្រមទាំងការរកឃើញរបស់មន្ទីរពេទ្យ ។
ប៉ូលិសរាប់រយនាក់ក៏ត្រូវបានបញ្ជូនទៅកាន់ភូមិរបស់នារីរងគ្រោះ ដើម្បីរារាំងមិនអោយគ្រួសារនាងចាកចេញនិងមិនអោយពួកអ្នកកាសែតនិងអ្នកនយោបាយប្រឆាំងចូលជួបនិយាយជាមួយពួកគេ។ទូរស័ព្ទដៃរបស់គ្រួសារនេះក៏ត្រូវបានគេដកហូត។
បងប្រុសរបស់នារីរងគ្រោះបានប្រាប់ទូរទស្សន៍ឥណ្ឌាមួយថា សមាជិកគ្រួសារលោកភ័យខ្លាចអំពីសុវត្ថិភាពរបស់ខ្លួន នៅពេលតុលាការមូលដ្ឋានមួយ បានចេញបញ្ជាអោយអាជ្ញាធរការពារគ្រួសារនេះ។
នាយកមន្ត្រីឬ អភិបាលរដ្ឋអ៊ុតតា ប្រាដែស កាលពីយប់ថ្ងៃសុក្រ បានប្រកាសបញ្ឈរជើងមេប៉ូលិសស្រុកម្នាក់ និងប៉ូលិស៤នាក់ទៀត។
កាលពីល្ងាចថ្ងៃសុក្រ ក្នុងការតវ៉ាចុងក្រោយមួយ មនុស្សប្រមាណ៥០០នាក់ បានជួបជុំគ្នានៅក្រុងញូវដេល្លី ដោយទាមទាររកយុត្តិធម៌។
ការស្លាប់របស់នារីវ័យក្មេងនេះ បានកើតឡើងប៉ុន្មានខែក្រោយបុរស៤នាក់ត្រូវបានព្យួរក ដោយសារតែទោសចាប់រំលោភហើយសម្លាប់នារីម្នាក់នៅលើរថយន្តក្រុងក្នុងទីក្រុងញូវដេល្លីកាលពីឆ្នាំ២០១២។
យោងតាមការិយាល័យកំណត់ត្រាបទឧក្រិដ្ឋជាតិ ជាមធ្យមមានការចាប់រំលោភ៨៧ករណីនៅឥណ្ឌាកាលពីឆ្នាំមុន៕ប្រែសម្រួល៖វាសនា

ការចាប់រំលោភនិងវាយប្រហារលើនារីអាយុ១៩ឆ្នាំ បង្កការតវ៉ាទាមទាររកយុត្តិធម៌នៅឥណ្ឌា