Home កម្សាន្ត តារាចម្រៀង សា...

តារាចម្រៀង សាយ ប្រកាស​រត់​រយៈពេល​៩៩​ថ្ងៃ​ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​

ដោយ​: បូ​រិ​ន​/​ភ្នំពេញ​: ម្ចាស់​បទ​”​ងប់​ង​ល់​” គឺ​តារាចម្រៀង សាយ បានប្រកាស​ជា​ផ្លូវការ​អំពី​កម្មវិធី សប្បុរសធម៌ មួយ​ជួយ​ដល់​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​នោះ​គឺ​ការរត់​នៅ​ជុំវិញ​ប្រទេស​កម្ពុជា​។ លោក​នឹង​ចាប់ ផ្តើម​រត់​គ្រប់​ខេត្ត​រាជធានី​ចាប់ពី​អង្គារ​សប្តាហ៍​នេះ​ដែល​តាម​គម្រោង គឺ​ប្រមាណ​៤០​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ និង​ប្រើពេល​ប្រមាណ​ជាង​បី​ខែ​នោះ​។

​សម្រាប់​ការជ្រើសរើស​យក​ការរត់​ចម្ងាយ​ព្រោះតែ​ក្រៅពី​ការងារ​សិល្បៈ​លោក​ចូលចិត្ត​និយម ចូលចិត្ត​ហាត់​កីឡា​មួយ​ប្រភេទ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក អ៊ួ​ន បឋម ហៅ សាយ បានបញ្ជាក់​ក្នុង​កម្មវិធី​ប្រកាស​យុទ្ធនាការ​សប្បុរសធម៌​មួយ​នេះ​ដែល​ត្រូវបានធ្វើ​កាល ពី​ល្ងាច​ថ្ងៃទី ២ ខែតុលា​នៅ​រោងភាពយន្ត​Major Cineplex By Smart​។ លោ​កថា​កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​តបស្នង​ទៅ​សង្គមជាតិ​វិញ ដោយ​ការរត់​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាស​មូលនិធិ​ជួយ​ដល់​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។

​លោក​បាន​ថ្លែងថា ការប្រមូល​មូលនិធិ​នេះ​មិនមែន​ផ្តោត​តែ​ទៅលើ​ការ​រៃអង្គាស​ថវិកា​តែ ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ត្រូវបាន​ធ្វើឡើង​ក្នុង​អត្ថន័យ​និង​គោលដៅ​ទាញ​ការចាប់អារម្មណ៍​របស់​សាធារណជន​ចំពោះ​ការជួយ កុមារ​និង​អនាគត​របស់​ពួកគេ​។ តាមរយៈ​កម្មវិធី​នេះ សាយ​នឹង​រត់​ក្នុង រយៈពេល​៩៩​ថ្ងៃ​ចេញពី​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពីថ្ងៃ​ទី​៦​ខែតុលា​ដែលជា​ថ្ងៃកំណើត​របស់ សាយ​ផ្ទាល់​ដោយ​ក្នុង​មួយថ្ងៃ​តម្រូវ​ឲ្យ​រត់​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ដោយ​លោក​ថា អាច​ធ្វើបាន​ខណៈដែល​ក​ន្ល​ង​ទៅ​លោក​ធ្លាប់​សាកល្បង​រត់​ជាច្រើន​រួចហើយ​។

​លោក​បាន​និយាយទៀតថា រាល់​មូលនិធិ​ទាំងអស់ ទទួលបាន ពី​សប្បុរសជន​ដែល​គាំទ្រ សកម្មភាពរ​ត់របស់​សាយ​នេះ នឹងត្រូវ​ឧបត្ថម្ភ​ដោយផ្ទាល់​ជូនទៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​កុមារ អង្គរ​ជា​អង្គ​ភាពមិន​ស្វែងរក​ប្រាក់ចំណេញ ដែលមាន​បេសកកម្ម​លើកកម្ពស់​សុខុមាលភាព​កុមារ កម្ពុជា​គ្រប់រូប​។ លោក​សាយ​ដែលជា​អ្នក​ផ្តួចផ្តើម​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​បាន​គូសបញ្ជាក់ថា ការផ្តល់​មូលនិធិ​ដល់​មន្ទីរពេទ្យ កុមារ​អង្គរ ទោះ​តិចក្តី​ឬ​ច្រើនក្តី គឺ​ពិតជា​ទង្វើ​សប្ប​រស​បង្កប់​ទៅ ដោយ​អត្ថន័យ​និង​ក្តីមេត្តា​ដ៏​សម្បើម​សម្រាប់​ជីវិត​កុមារ​នៅ​កម្ពុជា​។

​លោក​បន្តថា វា​ពិតជា​សំខាន់​ណាស់​ដែល ប្រជាពលរដ្ឋ​ម្នាក់ៗ​នៅក្នុង​សង្គមជាតិ​គួរ​ចូលរួម ចែករំលែក​ដោះស្រាយ​បញ្ហា​មិន​ថា​តូច​ឬ​ធំ រក្សា​ឲ្យ​បាន​នូវ​ការរួបរួម​គ្នា​ដើម្បី​ភាព​រីកចម្រើន ទាំងអស់គ្នា​។ នេះ​គឺជា​ក្តីសង្ឃឹម​និង​ការចូលរួម​គាំទ្រ​តូច​មួយ​ដើម្បី​យុវជន​ជំនាន់​ក្រោយ ជាពិសេស ដើម្បី​ធានាបាន​ថា​កុមារ​នៅ​កម្ពុជា​អាច​ទទួលបាន​ឱកាស​ដូចៗ​គ្នា​ក្នុងការ​លូត លាស់​ប្រកបដោយ​សុខភាព​បរិបូរ​ណ៌ និង​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ ប្រទេសជាតិ​។

​សូម​បញ្ជាក់ដែរថា មិន​ត្រឹមតែ​ផ្តល់​សេវា​សុខាភិបាល​ដល់​កុមារ​ដោយ​ឥតគិតថ្លៃ​តាំងពី​ឆ្នាំ ១៩៩៩​ប៉ុណ្ណោះ​ទេ តែ​មន្ទីរពេទ្យ កុមារ​អង្គរ​ក៏​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ របស់​សិស្ស និស្សិត និង​មន្ត្រី​សុខាភិបាល​ផ្សេងទៀត​។ នៅ​ចំពោះមុខ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ប្រភព ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​បានមកពី​ការផ្តល់​មូលនិធិ​ទាំង​នៅក្នុង​ប្រទេស និង​ពី​ក្រៅប្រទេស​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​បណ្តាល​ឲ្យ​មន្ទីរពេទ្យ​ដ៏​សប្បុរស​មួយ​នេះ រង​ការ​ប្រឈម​យ៉ាងខ្លាំង​ក្នុង​បេសកកម្ម​ផ្តល់​សេវា​សុខភាព​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ដោយ​ឥត​គិត​កម្រៃ ប្រកបដោយ​គុណភាព ខ្ពស់​និង​ក្តីមេត្តា​យ៉ាងតិចណាស់​ចំនួន​៤០០ នាក់​ក្នុង​មួយថ្ងៃៗ​នោះ​។

​កម្មវិធី​នេះ​មាន​គោលដៅ​ស្វែងរក​ថវិការ​ពី​ការបរិច្ចាក​ជូន​មន្ទីរពេទ្យ​ខាងលើ​ឲ្យ​បាន​ប្រមាណ​១​ពាន់​លាន​រៀល ដែល​សប្បុរសជន​អាចធ្វើ​ការបរិច្ចាក​បាន​ទៅកាន់​គណនី​ធនាគារ ABA និង Wing ដែល​បានបង្ហាញ​លើ​វីដេអូ​នេះ​ស្រាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular