ដោយៈ ពៅនិមល / ភ្នំពេញៈ ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ ពីការរីករាលដាល នៃជំងឺឆ្លងកូវីដ ១៩ ក្តី ក្នុងនោះ ការនាំចេញ ផលិតផលកសិកម្ម របស់កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២០ នេះ មានការកើនឡើង ល្អប្រសើរ គឺមានបរិមាណសរុប ចំនួនជាង ៥,៨ លានតោន។
យោងតាមរបាយការណ៍ការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នេះ បានឱ្យដឹងថាៈ សម្រាប់លទ្ធផល នៃការងារបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ គិតត្រឹមចុងខែកញ្ញា សម្រេចធ្វើការស្ទូង និងព្រួសសរុប ២.៧១៤.២១៦ ហិកតា ស្មើនឹង ១០៤,៨៧ ភាគរយ នៃផែនការ ចំនួន ២.៥៨៨.១៣០ ហិកតា លើសកាលពីឆ្នាំ២០១៩ ចំនួន ៧០.២១៧ ហិកតា។ តាមរយៈលទ្ធផល ដែលសម្រេចបាននេះ រួមមានៈ ស្រូវស្រាល ចំនួន ៨២៨.៧៣៣ ហិកតា, ស្រូវកណ្តាល ចំនួន ១.៣៨៥.០៦៦ ហិកតា, ស្រូវធ្ងន់ចំនួន ៤៤៦.៣០១ ហិកតា, ស្រូវចម្ការចំនួន ២០.៦៦៨ ហិកតា និងស្រូវឡើងទឹក ចំនួន ៣៣.៤៤៨ ហិកតា។ ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាល ដើមរដូវវស្សា បានជាបណ្តើរៗ បានចំនួន ៤៣៦.២៨៧ ហិកតា ទទួលបរិមាណផលសរុប ចំនួន ១.៦៦២.០៦១ តោន លើសឆ្នាំមុនចំនួន ២៤៦.៦១៨ តោន ទិន្នផលគិតជាមធ្យម ទទួលបាន ៣,៨១០ តោន ក្នុងមួយហិកតា។

ដោយឡែក ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ និងមិនបានឆ្លងកាត់ ក៏មានការកើនឡើង ល្អប្រសើរ គឺមានបរិមាណសរុប ចំនួនជាង ៥,៨ លានតោន ដែលក្នុងនេះ មានផលិតផល សំខាន់ៗមួយចំនួន ដូចជា អង្ករសម្រេចបាន ៤៨៨.៧៧៥ តោន មានកំណើន ២២,៦៣ ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩ (៣៩៨.៥៨៦ តោន) បាននាំចេញទៅកាន់៦០ប្រទេស។ ស្រូវសម្រេចបាន ១.៣៩២.៣០៦ តោន ថយចុះប្រមាណជា ១៧ ភាគរយ ប្រៀបធៀបទៅឆ្នាំ២០១៩ នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។ គ្រាប់ស្វាយចន្ទីសម្រេចបាន ២០៤.២០៨ តោន មានកំណើន ២០,៥ ភាគរយ, នាំចេញទៅកាន់ប្រទេសវៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួកគី, បង់ក្លាដេស និង ថៃ ។ ចំណែកគ្រាប់ពោត សម្រេចបាន ១៩៣.៩៥០ តោន បាននាំចេញទៅកាន់ប្រទេសថៃ, កូរ៉េ និងកោះតៃវ៉ាន់, ចេកស្រស់ សម្រេចបាន ២៣៥.១៧១,៦៣ តោន មានកំណើន ២២៥,៦៩ ភាគរយ បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម និង ជប៉ុន ។

ដោយឡែក ផលិតផលក្រូចថ្លុង សម្រេចបាន ១៥.១៥០ តោន។ ដំណាប់ស្វាយ សម្រេចបាន ៤.៩៩៨,៦៤ តោន, ដំឡូងមីស្រស់ សម្រេចបាន ១.៧៨០.៤៩៦ តោន, ចំណិតដំឡូងមីក្រៀម សម្រេចបាន ១.២០២.៦៤៤,៨១ តោន, ម្សៅដំឡូងមី សម្រេចបាន ១២.០០២ តោន បានថយចុះ ៥៦,៧២ ភាគរយ, បាននាំចេញទៅកាន់ប្រទេសឥណ្ឌា, ចិន, ប៊ែលហ្សិក, ហូឡង់, ប៉ាគីស្ថាន, ឆេក, ក្រូអាត និង អ៊ីតាលី និងម្រេចសម្រេចបាន ៤.១២១ ,៩៥ តោន មានកំណើន ១២៣,៧៦ ភាគរយ។ល។ ៕/V

