ទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ បានក្លាយជាក្រុងនៅអឺរ៉ុបដំបូងគេ ដែលបិទជាថ្មីបន្ទាប់ពីមានវិធានការរឹតត្បិតប្រឆាំងវីរុសកូវីដ១៩ ដែលដាក់អនុវត្តដោយរដ្ឋាភិបាលអេស្ប៉ាញ។
ប្រជាជនជិត៤,៨លាននាក់ទីក្រុងម៉ាឌ្រីដ ត្រូវបានរារាំងមិនឱ្យចាកចេញពីតំបន់នោះបន្ទាប់ពីទីក្រុងនេះ មានអត្រាឆ្លងខ្ពស់បំផុតនៅអឺរ៉ុបដោយមានករណីឆ្លង៨៥០នាក់ក្នុងមនុស្សចំនួន ១០០.០០០ នាក់។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។
តាមរយៈវិធានការថ្មី ដែលនឹងចាប់ផ្តើមអនុវត្តនៅម៉ោង ១០យប់ថ្ងៃសុក្រទី២តុលា គេឃើញព្រំប្រទល់ទីក្រុងនេះត្រូវបានបិទចំពោះការធ្វើដំណើរមិនសំខាន់ និង ឧទ្យាននិងសួនកុមារ បិទទ្វារ ការប្រមូលផ្តុំមានកម្រិតមនុស្ស៦នាក់ចុះនិងបារនិងភោជនីយដ្ឋាន ត្រូវបានបញ្ជាឱ្យបិទនៅម៉ោង ១១ យប់។
វិធានការដែលក្រសួងសុខាភិបាលអេស្ប៉ាញបានដាក់ចេញនេះធ្វើឡើងបន្ទាប់ពីប្រទេសអេស្បាញបានកត់ត្រាករណីឆ្លងវីរុសសរុបចំនួន ៧៨៩,៩៣២ នាក់គិតត្រឹមថ្ងៃសុក្រ ដោយកើនឡើងចំនួន ១១,៣២៥ នាក់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក៕

បុគ្គលិកពេទ្យក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ធ្វើតេស្តិ៍ប្រជាជននៅទីក្រុងនេះដើម្បីរកវីរុសកូវីដ១៩