ដោយបូកគោ/កំពតៈឧទ្យានដងព្រែកជាផ្នែកមួយនៃបណ្តុំទេសចរណ៍នៅតំបន់ទឹកឈូមានទីតាំងជាប់ដងស្ទឹងកំចាយស្ថិតក្នុងភូមិបត់ក្បាលដំរីឃុំម៉ាក់ប្រាងស្រុកទឹកឈូខេត្តកំពត។ម្ចាស់រមណីយដ្ឋានបែបច្នៃប្រឌិដ្ឋមួយនេះបាននិងកំពុងកែលម្អសោភ័ណភាពក៏ដូចជាពង្រីកសេវាកម្មរបស់ខ្លួនឱ្យកាន់តែសម្បូរបែបដើម្បីទាក់ទាញភ្ញៀវទេសចរ។

ការយកចិត្តទុកដាក់ចម្បងសម្រាប់មណ្ឌលកម្សាន្តទាំងមូលគឺការគិតគូរផ្នែកអនាម័យសុខភាពភ្ញៀវ និងក្រុមការងារនាដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩នេះ។កញ្ញាសុខាតំណាងឱ្យម្ចាស់រមណីយដ្ឋានឧទ្យានដងព្រែកបានរៀបរាប់ថាៈតាមគំនិតជនបរទេសម្នាក់ឧទ្យានដងព្រែកត្រូវបានបង្កើតឡើងកាលពីជាង៥ឆ្នាំមុន។ដំបូងឡើយកន្លែងនេះធ្វើឡើងសម្រាប់តម្រូវចិត្តទេសចរបរទេសដោយមានការអុំទូកកៃយ៉ាក់ ជិះខ្សែរ៉ត និងដាក់តាំងលក់ភេសជ្ជៈបន្តិចបន្តួចប៉ុណ្ណោះ។

ប៉ុន្តែជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រជាជនខ្មែរដែលមានលទ្ធភាពដើរកម្សាន្តច្រើនជាងជនបរទេសអ្នកគ្រប់គ្រងបានពង្រីកសេវាកម្មតាមរយៈការកែសម្រួលបច្ចេកទេសដោយបង្កើតបន្ទប់ទឹកជាលក្ខណៈស្តងដារការធ្វើចំណតយានយន្តកាន់តែធំទូលាយដើម្បីឱ្យស្របនឹងបរិមាណភ្ញៀវតាមក្តីរំពឹងទុកនោះ។

តំណាងដដែលបានបន្តថាបន្ថែមលើនេះក៏មានការបង្កើនខ្យូសអង្គុយការបង្កើតសួនសម្រាប់លម្ហែកម្សាន្ត និងថតរូបអនុស្សាវរីយ៍ ស្ថាបនាសួនបណ្តែតទឹក ការបង្កើនទូកកៃយ៉ាក់ ទាទឹក អូប័រ កង់ធាក់លើទឹក ព្រមទាំងកន្លែងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះចំនួនភ្ញៀវនៅតែកើនឡើងដដែល។

កញ្ញាសុខាបានបញ្ជាក់ថាហេតុផលដែលឧទ្យានដងព្រែកអាចរក្សានិងមានកំណើនភ្ញៀវជាលំដាប់ដោយសារម្ចាស់រមណីយដ្ឋានអនុវត្តបានតាមសេចក្តីណែនាំពីក្រសួងសុខាភិបាលក៏ដូចជាចំណាត់ការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ ជាក់ស្តែងនៅតាមច្រកចូល ព្រមទាំងបណ្តាបន្ទប់ទឹកទាំងអស់សុទ្ធតែមានជែលនិងសាប៊ូសម្រាប់លាងសម្អាតដៃគ្រប់គ្រាន់។ម្យ៉ាងទៀតកន្លែងអង្គុយក៏បានរៀបចំលក្ខណៈជាខ្យូសដាច់ដោយឡែកពីគ្នាទើបធ្វើឱ្យភ្ញៀវមិនព្រួយបារម្ភពីការឆ្លងរាលដាលនូវជំងឺដ៏កាចសហាវនោះ។

លោកសយស៊ីណុលប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថាឧទ្យានដងព្រែកជាចំណែកសំខាន់ក្នុងការទាក់ទាញភ្ញៀវឱ្យចូលមកខេត្តកំពត។ទីនោះមានលក្ខណៈកែច្នៃបានល្អតាមបច្ចេកទេសស្តង់ដារទាំងទីតាំង សេវាកម្ម អនាម័យបរិស្ថាន និងធានាបានសម្រាប់សុវត្ថិភាពភ្ញៀវ៕S/





