ដោយៈជា សីហៈ/ភ្នំពេញៈដើម្បីបង្កើនផលិតភាពនិងផលិតកម្មនៃខ្សែរសង្វាក់ផលិតកម្មស្បៀងនៅក្នុងប្រទេស នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អមដំណើរដោយ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយ ចំនួនទៀតមកចែកជូនកសិករចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីបីស្រុក គឺស្រុកឧដុង្គ ស្រុកឱរ៉ាល់ និងស្រុកថ្ពង។
លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយ ការណ៍ជូនអង្គ ពិធីជ្រាបដោយសង្ខេបអំពីការងារបង្កបង្កើនផលជារួម ដោយឡែកវិស័យវារីវប្បកម្មនៅទូទាំងខេត្តថា ខេត្តកំពង់ស្ពឺមានបណ្តុំអាជីវកម្មត្រីចំនួន១១ (២៧៣គ្រួសារ) ដោយបានផ្តល់កូនត្រីចម្រុះចំនួន ១៣៦.៥០០កូន មានបណ្តុំអាជីវកម្មកង្កែប ១១កន្លែង ចំនួន២១៦ គ្រួសារ និងមានកសិករចិញ្ចឹមត្រីនៅក្រៅបណ្តុំ ៤០២គ្រួសារ បានដាក់កូនត្រីចម្រុះចិញ្ចឹមចំនួន ២៥១.៣០០ក្បាល មានបង្កាត់ ភ្ញាស់កូនត្រី និងកង្កែបជាលក្ខណគ្រួសារចំនួន ៤កន្លែង ដែលអាចផលិតកូនបាន ៧២២.០០០កូន។ ដោយឡែកក្រុមហ៊ុន សុវណ្ណភូមិ ស្រុកភ្នំស្រួច អាចផលិតកូនបាន ១៤០.០០០កូន។ ដោយទទួលបានបច្ចេកទេសចិញ្ចឹមពីមន្ទីរ និងរដ្ឋបាលជល មានកសិករ ១២ គ្រួសារកំពុងចិញ្ចឹមបង្កងអូស្ត្រាលី ដោយពួកគេមានកូនបង្កង ៣.៣២០កូន និងមាន ១គ្រួសារ ផ្សេងទៀតកំពុងចិញ្ចឹមបង្កងទឹកសាបមានបង្កង ៧០.០០០កូន។
ក្នុងពេលជួបសំណេះសំណាល លោក រដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជាពិសេសគឺការងារផលិតកម្មស្បៀង ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពកសិកម្មនៅក្នុងខេត្ត។

បន្ទាប់មក លោក រដ្ឋមន្ត្រីក៏បានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានតាអ៊ី ៦១៩ ចិញ្ចឹមមាន់ស្រែ នៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង ដែលកំពុងតែដំណើរការដោយ លោក ឡេង ស៊ីវុទ្ធី អតីតពលករមកពីកូរ៉េ។
កសិដ្ឋាននេះបានចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ២០១៧ ជាបណ្តើរៗដោយមានការជ្រោមជ្រែងពីមន្ទីរ និងបទពិសោធន៍ចិញ្ចឹមដែលទទួលបានពីប្រទេសកូរ៉េ កសិដ្ឋានមានការវិវឌ្ឍន៍ជាបន្តបន្ទាប់ បច្ចុប្បន្នមានមេពូជចំនួន ៣០០ ទុកបង្កាត់ ភ្ញាស់យកកូនលក់ ៤៥០០-៥០០០រៀល/ក្បាល ហើយក៏មានចិញ្ចឹមមាន់សាច់ផងដែរ។ បច្ចុប្បន្នអាចរកចំណូលបានពី ១៥០០-២០០០ដុល្លារ/ខែ។

ចេញពីកសិដ្ឋានចិញ្ចឹមមាន់ លោក រដ្ឋមន្ត្រីក៏បានឆ្លៀតចូលសួរសុខទុក្ខសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំរលាំងចក ដែលនៅទីនោះត្រូវបានស្វាគមន៍ដោយ កញ្ញា វង្ស ចំប៉ា ប្រធានសហគមន៍ ។
នៅទីនោះ លោក រដ្ឋមន្ត្រី បានកោតសរសើរ គាំទ្រ និងលើកទឹកចិត្តឲ្យសហគមន៍ខិតខំប្រឹង ប្រែងបន្ថែម ទៀតទាំងលើអាជីវកម្មធាតុចូលកសិកម្ម និងអាជីវកម្មផ្សេងៗទៀត ព្រមជាមួយការចិញ្ចឹមត្រី កង្កែប និងមាន់។ ចំណូលដែលទទួលបានពីប្រភពអាជីវកម្មទាំងអស់នឹងធ្វើឲ្យសហគមន៍កាន់តែអភិវឌ្ឍន៍ខ្លួនជាបណ្តើរៗ ក្លាយជាសហគ្រិននាពេលអនាគត។
ដើម្បីជាការបំពេញបន្ថែម និងបង្កើតការងារ លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ត្រីជំនាញរដ្ឋបាលជលផលមកសហការដើម្បីសិក្សាពីលទ្ធភាពបង្កើតកន្លែងភ្ញាស់កូនត្រីសម្រាប់ផ្គត់ផ្គង់ឲ្យសមាជិក ដោយសារភូមិសាស្ត្រអំណោយផល។R