ដោយៈមូលសម្បត្តិ / ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្ត ដល់អ្នកថតរូបទាំងអស់ ឱ្យបន្តចូលរួមផលិត រូបភាពស្អាតៗ នៅតាមតំបន់ការពារធម្មជាតិនានា នៅប្រទេសកម្ពុជា ដើម្បីជាការផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋកម្ពុជា។
ការលើកឡើងរបស់លោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយអ្នកថតរូប មេត្រីភាពបរិស្ថាន រៀបចំឡើង នាល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នាអគារ«ខេមរានី» ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។


ក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោកសាយ សំអាល់ បានថ្លែងអំណរគុណ ដល់អ្នកថតរូបទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត ពេលវេលា និងថវិកា ដើម្បីជួយផ្សព្វផ្សាយ ពីសក្ដានុពលដ៏អស្ចារ្យ នៃប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាៈ នេះជាការបង្ហាញ ពីស្មារតីស្នេហាជាតិមួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ដែលពោពេញ ដោយសមត្ថភាព និងទេពកោសល្យ តាមរយៈការផលិត នូវរូបភាពស្អាតប្រណិត ដើម្បីបង្ហាញបន្ត ជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានឃើញពីភាពអស្ចារ្យ នៃសម្រស់តំបន់ធម្មជាតិ របស់កម្ពុជា។


លោកបានលើកឡើងថាៈ តាមរយៈរូបភាព កន្លងមក របស់អ្នកថតរូបកម្ពុជា ពិតជាមានសារៈប្រយោជន៍ ខ្លាំងណាស់ ក្នុងការជួយផ្សព្វផ្សាយ ពីសក្តានុពលធម្មជាតិ ជូនសាធារណជន ហើយសកម្មភាពនេះ ក៏បានបង្ហាញពីការចូលរួម ប្រតិបត្តិមេត្រីភាព បរិស្ថានល្អប្រសើរ ដោយផ្តោតលើ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅ ដោយចីរភាព។
ក្នុងកម្មវិធីដដែលនេះ លោក ក៏បានបញ្ជាក់ដែរថាៈ ក្រសួងនឹងពង្រឹងកិច្ចការងារអភិរក្ស តំបន់ការពារធម្មជាតិ ឱ្យកាន់តែប្រសើរ តាមរយៈមន្ត្រីឧទ្យានុរក្ស សំណូមពរឱ្យប្រជាពលរដ្ឋ គ្រប់រូប បង្ហាញភាពស្រឡាញ់ ចំពោះតំបន់ការពារធម្មជាតិរបស់យើង និងចូលរួមការពារ ធនធានធម្មជាតិទាំងអស់គ្នា។
នៅក្នុងពិធីជួបសំណេះសំណាល ជាមួយអ្នកថតរូបមេត្រីភាពបរិស្ថាន នាពេលនេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ជូនប័ណ្ណសសើរ មេត្រីភាពបរិស្ថាន ជូនដល់ថតរូប ជាច្រើននាក់ និងបានពិសាអាហារសាមគ្គី រួមគ្នាផងដែរ៕R