ដោយៈបូរិន/ភ្នំពេញៈ ហាងកាត់ដេរ សម្លៀកបំពាក់ បុរស លំដាប់ជួរមុខ និងល្បីឈ្មោះលំដាប់ ផ្កាយ៥ នៅព្រះរាជាណាចក្រថៃគឺ ហាង Chao Khun (ចៅឃុន) នឹងបើកដំណើរការហាងរបស់ ខ្លួនក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ។ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីសូត្រមន្តឡើងហាងថ្មីខាងលើកាលពីថ្ងៃទី៣ ខែតុលា ដែលត្រូវបានធ្វើឡើងនៅទីតាំងហាងផ្ទាល់ នាផ្ទះលេខ៣៤ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

លោកស្រី សិរិណាត់ ស៊ូងប្រាសិទ្ធិ នាយកប្រតិបត្តិហាង “ចៅ ឃុន” បានបញ្ជាក់ថា ហាងចៅ ឃុន គឺហាងកាត់ដេរសម្លៀកបំពាក់ដ៏ល្បីល្បាញដែលមានប្រវត្តិរាប់សិបឆ្នាំមកហើយនៅ ព្រះរាជាណាចក្រថៃហើយអតិថិជនជាច្រើននៅប្រទេសថៃមានការនិយមចូលចិត្តរាប់ទាំងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី តារាភាពយន្តល្បីឈ្មោះសុទ្ធតែធ្លាប់ស្គាល់ និងពេញចិត្តនូវស្នាដៃរចនាម៉ូត របស់ហាងចៅឃុនពិសេសលើការរចនាម៉ូតសម្លៀកបំពាក់អាវធំរបស់បុរសដែលប្រើក្នុងពិធីអាពាហ៍ពិពាហ៍ដែលសម្លៀកបំពាក់ចេញពីហាងចៅឃុនផ្ទាល់មានអត្តសញ្ញាណមួយផ្ទាល់ខ្លួននិងមានគុណភាពខ្ពស់។

លោកស្រីបន្តថា ព្រោះតែភាពល្បីល្បាញរបស់ហាងនេះកន្លងមកក៏មានអតិថិជនមួយចំនួន បានធ្វើដំណើរពីកម្ពុជាទៅកាន់ហាងផ្ទាល់នៅទីក្រុងបាងកកដើម្បីកាត់ដេរសម្លៀកបំពាក់។
លោកស្រីបន្តថា ដោយនៅទីនេះក៏មានបន្ទប់VIP ដែលផ្តល់ផាសុខភាពហើយនៅទីនេះ ក៏មានការកាត់ដេរឈុតសម្លៀកបំពាក់ឯកសណ្ឋានបម្រើការងារផងដែរដែលសាច់ក្រណាត់នៃសម្លៀកបំពាក់ទាំងអស់គឺពិតជាពិសេសនាំចូលមកពីបាងកកផ្ទាល់និងមានតែមួយទេនៅហាងចៅឃុនប៉ុណ្ណោះ។ប្រសិនបើទទួលបានការគាំទ្រច្រើនលោកស្រីនឹងបន្ថែមសេវាកម្មកាត់ដេរសម្លៀកបំពាក់ផ្នែកនារីបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះដែរលោកស្រីបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះវិស័យម៉ូតសម្លៀក បំពាក់ការរចនាម៉ូតនៅកម្ពុជាមានការរីកចម្រើននិងគួរឲ្យចាប់អារម្មណ៍មិនខុសពីប្រជាជននៅប្រទេសថៃនោះទេហើយដោយសារសន្លឹងមើលពីទីផ្សារនៃការរីកចម្រើននេះហើយទើបលោកស្រីសម្រេចចិត្តបើកដំណើរការសាខាហាងនេះនៅកម្ពុជា។
លោកស្រីរំពឹងថាអតិថិជននៅកម្ពុជាទាំងអស់នឹងទទួលបានទំនុកចិត្តជាមួយការរចនាម៉ូតយ៉ាងពិសេសដោយមិនបាច់ធ្វើដំណើរទៅកាន់ទីក្រុងបាងកកដូចមុនទេស្របពេលដែលរដូវ អាពាហ៍ពិពាហ៍ចូលមកដល់៕

