ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ មនុស្សចំនួនជាង ៦៤០ នាក់ បានបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល ជាង ២ពាន់នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស រយៈពេល ១៥៦ ថ្ងៃ និងត្រួតពិនិត្យផាកពិន័យ យានយន្តជាង ១៨ ម៉ឺនគ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីល្ងាច ថ្ងៃទី៣ ខែតុលាថាៈ គ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១៥៦ ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បានកើតឡើង ១.២៨៦ លើក ស្លាប់មនុស្ស ចំនួន ៦៤៧ នាក់ របួសចំនួន ២.០០៤ នាក់ ក្នុងនោះរបួសធ្ងន់ ១.១៩៨ នាក់ ។

ដោយឡែក សម្រាប់គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ កើតឡើងចំនួន ១២ លើក ស្លាប់ ៤នាក់ និងរបួស ១៥នាក់ ក្នុងនោះ របួសស្រាល ៨ នាក់ និងធ្ងន់ ៧នាក់។
អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តទៀតថាៈ សម្រាប់លទ្ធផលរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យ លេខ៣៩ រយៈពេល ១៥៦ ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ យានយន្តដែលត្រូវបាន ត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ១៨៣.២១៧ គ្រឿង ក្នុងនោះម៉ូតូមាន ចំនួន ១៣៥.៥៧៤ គ្រឿង និងរថយន្តមានចំនួន ៤៧.៦៤៣ គ្រឿង (រថយន្តតូច ៤០.៨៨៨ គ្រឿង និងរថយន្តធំ ៦.៧៥៥ គ្រឿង)។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថាៈ បទល្មើសភាគច្រើន សម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទ ពេលបើកបរ ៕/V




