ដោយៈ មូលសម្បត្តិ / ភ្នំពេញៈ ដើម្បីធានាឱ្យបានថា ការគ្រប់គ្រង តាមបណ្តាគោលដៅ តំបន់ទេសចរណ៍នានា ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ផ្តល់ការទុកចិត្ត ដល់ភ្ញៀវទេសចរ ក៏ដូចជា ជួយជំរុញដល់កំណើន ចលនាទេសចរណ៍ក្នុងស្រុក ប្រកបដោយនិរន្តរភាព ក្រសួងទេសចរណ៍ បានដាក់ចេញនូវ វិធានសុវត្ថិភាពទេសចរណ៍ ក្នុងនោះ ក៏មានការបង្កើតក្រុមការងារ ទទួលបន្ទុកចុះត្រួតពិនិត្យ និងជំរុញការអនុវត្ត វិធានសុវត្ថិភាព តាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស។

ថ្មីៗនេះ អនុក្រុមការងារ ទទួលបន្ទុក ចុះជំរុញការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ តាមគោលដៅខេត្ត តំបន់ឆ្នេរសមុទ្រ និងខេត្តភូមិភាឦសាន្ត ដឹកនាំដោយលោក នី ផល្លី អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសហការជាមួយ រដ្ឋបាលខេត្ត ដែលមានមន្ទីរទេសចរណ៍ ជាសេនាធិការ ដោយមានការចូលរួមពី រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន។ .

ចុះជំរុញការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ ទាំង៦ នៅតាមបណ្តាគោលដៅខេត្ត ទាំង៨ រួមមានៈ តំបន់ឆ្នេរ (ទិសនិរតី) ខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០) និងតំបន់អេកូទេសចរណ៍ (ទិសឦសាន្ត) ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី (ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០) ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យ លោក នី ផល្លី បានកត់សម្គាល់ឃើញថាៈ រដ្ឋបាលខេត្ត ក្នុងគោលដៅខាងលើ ដែលមានអង្គភាពមន្ទីរជំនាញ ជាសេនាធិការ មានការយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែង យ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយ អប់រំ និងជំរុញដល់ មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ឲ្យបានខ្ជាប់ខ្ជួន។ ក្នុងនោះ ក៏សង្កេតឃើញថា មូលដ្ឋានអាជីវកម្ម មួយចំនួន បានយល់ និងអនុវត្តតាមបានត្រឹមត្រូវ ធ្វើឲ្យមានទំនុកចិត្ត ពីភ្ញៀវទេសចរ។

ទន្ទឹមនេះ លោកអនុរដ្ឋលេខាធិការ បានសំណូមពរ ឲ្យមានការចូលរួមពី ប្រជាពលរដ្ឋ ឲ្យបានផុលផុស និងបានស្នើដល់ មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋាន ទេសចរណ៍ទាំងអស់ បន្តអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ ឲ្យបានជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ ១៩ ។
គួរបញ្ជាក់ដែរថា វិធានសុវត្ថិភាពទេសចរណ៍ទាំង ៦ ត្រូវបានដាក់ចេញ ដោយក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ នោះ រួមមាន៖ ១. វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្ម ស្នាក់នៅទេសចរណ៍។ ២. វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។ ៣. វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្ម ដឹកជញ្ជូនទេសចរណ៍ផ្លូវគោក។ ៤. វិធានសុវត្តិភាពទេសចរណ៍ សម្រាប់សេវាកម្ម ដឹកជញ្ចូនទេសចរណ៍ផ្លូវទឹក។ ៥. វិធានសុវត្តិភាពទេសចរណ៍ សម្រាប់សេវាកម្ម រមណីយដ្ឋានទេសចរណ៍។ ៦. វិធានសុវត្តិភាពទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍៕S/

