Home ព័ត៌មានជាតិ នយោបាយ កម្ពុជា ស្នើ​...

កម្ពុជា ស្នើ​ភាគី​ថៃ អនុញ្ញាត​ដល់​ពលករ​កម្ពុជា អាច​វិលត្រឡប់ ទៅធ្វើ​ការ នៅ​ថៃ​វិញ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើ​ភាគី​ថៃ ឱ្យ​អនុញ្ញាត​ដល់ ពលករ​កម្ពុជា ដែល​កាន់​ប័ណ្ណ​ព្រំដែន និង​ពលករ ដែល​ចុះឈ្មោះ​ធ្វើការ តាម​អនុស្សរណៈ ស្តីពី​ការយោគយល់​គ្នា អាច​វិលត្រឡប់ ទៅធ្វើ​ការ នៅ​ប្រទេស​ថៃ​វិញ និង​ជួយ​បញ្ចុះ​ថ្លៃ ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ ផងដែរ​។ ការស្នើ​នេះ បាន​ធ្វើឡើង​តាមរយៈ ការសន្ទនា តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​លោក ដន ប្រា​ម៉ាត់​វិណៃ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ កាលពី​ថ្ងៃទី​២ ខែតុលា ។​

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ ប្រមុខ​ការទូត​ទាំងពីរ បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​ការ​រំលឹក​ខួប អនុស្សាវរីយ៍ លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា​-​ថៃ ការ​រួមគ្នា​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា កិច្ចការ​តំបន់ និង​សកលលោក ដែលជា​ប្រយោជន៍ និង​ជា​ក្ដីកង្វល់​រួម​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន (​រូប​ថ​តៈ ក្រសួងការបរទេស​)

​រដ្ឋមន្ត្រីការបរទេស​ថៃ បាន​កោតសរសើរ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ យ៉ាង​ធំធេង ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ទូទាំងប្រទេស ហើយ​ក៏បាន​ថ្លែងអំណរគុណ ដល់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​កម្ពុជា ចំពោះ​ការជួយ​សម្រួល ដល់​ការធ្វើ​មាតុភូមិនិវត្តន៍ របស់​ពលរដ្ឋ​ថៃ ក្នុងអំឡុងពេល​កូ​វីដ​-១៩​។​

​ជាការ​ឆ្លើយតប លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​ការកោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​ថៃ ក្រោម​ការដឹកនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​ថៃ បាន​ដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​ថៃ សម្រាប់​ការផ្ដល់​ជំនួយ​ថវិកា និង​បរិក្ខារ​ពេទ្យ ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រួមទាំង​ការជួយ​សម្រួល ឱ្យ​និស្សិត និង​អ្នកជំងឺ​សង្គ្រោះបន្ទាន់​កម្ពុជា ចេញ​-​ចូល​ប្រទេស​ថៃ​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក ដន ប្រា​ម៉ាត់​វិណៃ ឧបនាយករដ្ឋមន្ត្រីថៃ (​រូប​ថ​តៈ ក្រសួងការបរទេស​)

​ក្នុងអំឡុង​កិច្ចសន្ទនា​នេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ ដល់​អាជ្ញាធរ​ថៃ ចំពោះ​ការជួយ​សម្រួល ក្នុងការ​ពន្យារ​សុពលភាព ទិដ្ឋាការ​ស្នាក់នៅ (stay permit) និង​ប័ណ្ណ​អនុញ្ញាត ឱ្យធ្វើ​ការងារ (work permit) ដល់​ពលករ​កម្ពុជា ព្រមទាំង​បង្កើន​អត្ថប្រយោជន៍ សម្រាប់​អ្នក​បាត់បង់​ការងារ និង​អត្ថប្រយោជន៍ ផ្នែក​សង្គម​នានា ដល់​ពលករ ដែល​ត្រូវបាន​ព្យួរការងារ​។​

​ប្រមុខ​ការទូត​ទាំងពីរ រីករាយ​ចំពោះ ពាណិជ្ជកម្ម​ទ្វេភាគី ដ៏​រឹងមាំ បើទោះបី​ជាមាន​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ដោយ​កម្ពុជា បានស្នើ​ភាគី​ថៃ ជួយ​សម្រួល ការដឹកជញ្ជូន​ទំនិញ​ឆ្លងដែន បង្កើន​ការនាំ​ចូល កសិផល​របស់​កម្ពុជា ព្រមទាំង​ព​ន្លឿ​ន ការចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី​ការដឹកជញ្ជូន​ឆ្លងដែន និង​ការងារ​សំខាន់ៗ ដទៃទៀត​។​

​ភាគី​ទាំងពីរ បាន​សម្តែង​នូវ​ការពេញចិត្ត យ៉ាងខ្លាំង ចំពោះ​ការបើក​ច្រកព្រំដែន​តំបន់ និង​អន្តរជាតិ​ថ្មីៗ បន្ថែមទៀត និង​ការ​តម្លើង​កំរិត​ច្រកព្រំដែន​តំបន់ ដែលមាន​ស្រាប់ ទៅជា​ច្រកព្រំដែន​អន្តរជាតិ​។ កម្ពុជា កត់សម្គាល់ ដោយ​ក្តី​រីករាយ ចំពោះ​តួលេខ​វិនិយោគ​ថៃ នៅ​កម្ពុជា ដែល​បាន​កើនឡើង ជិត​បី​ដង ក្នុង​រយៈពេល​ប្រាំបី​ខែ ដើមឆ្នាំ ២០២០​នេះ ធៀប​នឹង​តួលេខ​ឆ្នាំមុន​។ កម្ពុជា​លើកទឹកចិត្ត ឲ្យ​វិនិយោគិន​ថៃ មក​ធ្វើការ​វិនិយោគ នៅ​កម្ពុជា ឱ្យ​កាន់តែច្រើន ថែមទៀត​។ ភាគី​ទាំងពីរ ក៏បាន​សម្តែង​នូវ​ក្តី​រីករាយ កត់សម្គាល់​ចំពោះ វឌ្ឍនភាព​ដ៏​ល្អប្រសើរ លើ​វិស័យ​សំខាន់ៗ ដទៃទៀត រួមមាន សន្តិសុខ អប់រំ ទេសចរណ៍ ថាមពល និង​ការតភ្ជាប់​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងមន្ត្រីការបរទេសនៃភាគីកម្ពុជា (​រូប​ថ​តៈ ក្រសួងការបរទេស​)

​ភាគី​ទាំងពីរ បាន​គូសបញ្ជាក់ អំពី​សារសំខាន់ នៃ​ការអនុវត្ត ឱ្យ​កាន់តែ​ប្រសើរ នូវ​សេចក្តីថ្លែងការណ៍​រួម និង​កិច្ចព្រមព្រៀងទ្វេភាគី​នានា រវាង​ប្រទេស​ទាំងពីរ និង​រំពឹងថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ លើក​ទី​៤ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើក​ទី​១១ នឹងត្រូវ​បានរៀបចំ​ឡើង ក្នុងពេល​សមស្រប​បំផុត ក្រោយ​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ បាន​ប្រសើរឡើង​។​ ភាគី​ទាំងពីរ បាន​ប្ដេជ្ញាចិត្ត យ៉ាង​មុតមាំ ក្នុងការ​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ក្របខណ្ឌ​ពហុភាគី ដូចជា អាស៊ាន និង​កិច្ចប្រជុំ​កំពូល អាស៊ី​-​អឺរ៉ុប ជាដើម​។

​ប្រមុខ​ការទូត​ទាំងពីរ បាន​សម្ដែង​ក្តី​រីករាយ ចំពោះ​សមិទ្ធផល ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដែល​សម្រេចបាន នាពេល​កន្លងមក ក្នុងឱកាស​នៃ​ការ​រំលឹក​ខួប អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា និង​ថៃ​។ ភាគី​ទាំងពីរ បាន​អះអាង​ជាថ្មី អំពី​ការប្ដេជ្ញាចិត្ត យ៉ាង​មុតមាំ ដើម្បី​លើកកម្ពស់ ចំណងមិត្តភាព ដ៏​យូរលង់ ភាពជា​អ្នកជិតខាង​ដ៏​ល្អ កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ និង​ភាពជា​ដៃគូ ដើម្បី​សន្តិភាព និង​វិបុលភាព រវាង​ព្រះរាជាណាចក្រ ទាំងពីរ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...