ដោយៈមូលសម្បត្តិ / ភ្នំពេញៈ ស្របតាមគោលនយោបាយទេសចរណ៍ និងចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលចង់ឱ្យខេត្តសៀមរាប មានផលិតផល ទេសចរណ៍ ថ្មីៗបន្ថែម លើសពីតំបន់បេតិកភណ្ឌ ពិភពលោកនោះ ឥឡូវនេះ «សហគមន៍បាគងភូមិខ្ញុំ» បានអភិវឌ្ឍន៍ខ្លួន យ៉ាងស្រស់ឆើតឆាយ លើទឹកដីឃុំបាគង ស្រុកប្រាសាទបាគង អាចបម្រើបានស្ទើរតែគ្រប់ សេចក្ដីត្រូវការរបស់ ភ្ញៀវទេសចរ ក្នុងប្រទេស។
សហគមន៍បាគងភូមិខ្ញុំនេះ បានបើកទទួលបម្រើសេវាកម្ម ជូនភ្ញៀវទេសចរក្នុងស្រុក រយៈពេលជិតមួយខែមកហើយ ហើយទទួលបានការគាំទ្រ ពីភ្ញៀវទេសចរ គួរឱ្យកត់សម្គាល់ ដែលនេះជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ និងជំរុញចលនាទេសចរផ្ទៃក្នុង ស្របពេលដែល ពិភពលោក ក៏ដូចជា ប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ-១៩។

វត្តមានរបស់ សហគមន៍ទេសចរណ៍នេះ ទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រដ្ឋបាលស្រុកប្រាសាទបាគង និងរដ្ឋបាលឃុំបាគង ផងដែរ។

ក្នុងពិធីសំណេះសំណាល ជាមួយប្រជាសហគមន៍ បាគងភូមិខ្ញុំ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថាៈ ដើម្បីឱ្យសហគមន៍ មានភាពស្ថិតស្ថិរទៅបាន ចាំបាច់ត្រូវមានការចូលរួម ពីប្រជាពលរដ្ឋ ឱ្យបានច្រើន និងត្រូវបែកចែកចំណូល ប្រកបដោយសមធម៌ ទៅឱ្យពួកគាត់ មានន័យថា អ្នកធ្វើកិច្ចការងារណា ត្រូវតែទទទួលបាន ប្រាក់ចំណូល ពីការងារនោះ ដោយអ្នកធ្វើតិចបានតិច ធ្វើច្រើនបានច្រើន។
នៅពេលដែល សហគមន៍អនុវត្ត ការបែងចែកនេះ ត្រឹមត្រូវនោះ ប្រជាពលរដ្ឋ នឹងទទួលបានចំណូលសមរម្យ អាចដោះស្រាយជីវភាពគ្រួសារបាន ប្រជាពលរដ្ឋ នឹងមិនចំណាកស្រុក ទៅណាឡើយ ហើយពួកគាត់ នឹងនៅបម្រើការ ក្នុងវិស័យទេសចរណ៍ ជាមួយសហគមន៍ ប្រកបដោយភាពរីករាយ សុខដុមរមនីយ។

លោករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ ដល់ប្រធានសហគមន៍ ត្រូវផ្តោតលើការយកចិត្តទុកដាក់ ចំពោះបដិសណ្ឋារកិច្ច នៅក្នុងសហគមន៍ និងត្រូវផ្ដល់សេវាកម្ម ទេសចរណ៍ ប្រកបដោយគុណភាព រីឯបុគ្គលិកបម្រើសេវាកម្ម ត្រូវមានភាពញញឹម រួសរាយរាក់ទាក់ សំដីសំដៅ ក៏ត្រូវមានភាពសមរម្យ ដាក់ភ្ញៀវទេសចរ។
លោក ក៏បានណែនាំដល់មន្ទីរទេសចរណ៍ខេត្តត្រូវជួយសហគមន៍បន្ថែមទៀត ពិសេសគឺការបណ្ដុះបណ្ដាល ធនធានមនុស្ស (ជ្រើសរើសចេញ ពីក្នុងមូលដ្ឋានផ្ទាល់) អំពីការទទួលបដិសណ្ឋារកិច្ច ការបម្រើសេវាកម្មផ្សេងៗ និងគុណភាពសេវាកម្ម ព្រោះសេវាកម្ម ជាការទាក់ទាញភ្ញៀវទេសចរ។ ម្យ៉ាងវិញទៀត បញ្ហាអនាម័យ បរិស្ថាន និងសំរាម ក៏ត្រូវគិតគូរឱ្យបានហ្មត់ចត់ ផងដែរ មានន័យថា ក្នុងសហគមន៍ មិនត្រូវមានសំរាម ត្រូវមានបរិស្ថានស្អាត ម្ហូបអាហារ និងរបស់របរប្រើប្រាស់ ត្រូវមានអនាម័យជានិច្ច។

លោកបានបញ្ជាក់ថាៈ ឱ្យតែបដិសណ្ឋារកិច្ច គុណភាពសេវាកម្ម និងអនាម័យដំណើរការបានល្អ សហគមន៍ នឹងអាចទាក់ចិត្តភ្ញៀវទេសចរ បានកាន់តែច្រើន និងចូលរួមផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍ ខេត្តសៀមរាប បានកាន់តែល្អផងដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត គប្បីបន្តការជួយគាំទ្រ ដល់សហគមន៍បាគងភូមិខ្ញុំនេះ ដើម្បីឱ្យផលិតផលទេសចរណ៍ ដ៏ល្អនេះ កាន់តែមានការរីកចម្រើនទៅមុខ និងមានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព នវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់ ពោលគឺត្រូវដើរឱ្យស្របនឹងទស្សនទាន «ការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ»។

លោកបានបង្ហាញក្ដីសង្ឃឺមថា ការអនុវត្តរួមគ្នានេះ នឹងនាំជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ឱ្យកាន់តែមានជីវភាព រីកចម្រើន តទៅមុខ និងអភិរក្សបាន នូវសម្បត្តិបេតិកភណ្ឌជាតិ នៅទីនោះផងដែរ។
លោក សូត្រ សួរ ប្រធានសហគមន៍បាគងភូមិខ្ញុំ បានឱ្យដឹងថាៈ គោលបំណង នៃការបង្កើត សហគមន៍ទេសចរណ៍ នេះឡើង គឺដើម្បី៖ ១. ជំរុញសក្ដានុពល ទេសចរណ៍ នៅតំបន់ប្រាសាទបាគង តាមរយៈការតភ្ជាប់ ទំនាក់ទំនងការទស្សនាប្រាសាទ និងទេសភាពជនបទ សំដៅទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តឱ្យបានច្រើនឡើង។ ២. ជំរុញលើកទឹកចិត្ត ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការបង្កើតផលិតផលកសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ យកសាច់ និងផលិតផល អនុស្សាវរីយ៍ ក្នុងមូលដ្ឋាន ដើម្បីលក់ជូនភ្ញៀវទេសចរ បង្កើនចំណូលផ្ទាល់ លើកកម្ពស់ជីវភាពសហគមន៍ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ៣. លើកកម្ពស់អនាម័យ និងបរិស្ថានស្អាត ក្នុងសហគមន៍ ចូលរួមជំរុញ និងអនុវត្តចលនា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងផ្ដល់ភាពកក់ក្ដៅ»។
លោក សូត្រ សួរ បានបន្តថាៈ សហគមន៍បាគងភូមិខ្ញុំ បានចាប់ផ្ដើមរៀបចំខ្លួន បន្តិចម្ដងៗ តាំងពីឆ្នាំ២០១០ មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្ន សហគមន៍ មានសេវាកម្មទេសចរណ៍ និងសេវាកម្ម ម្ហូបអាហារ ជាច្រើនសម្បូរបែប ក្នុងនោះមានដូចជា ម្ហូបអាហារ ភេសជ្ជៈ តូបអង្គុយជុំវិញមាត់ទឹក ជិះទូកកម្សាន្ត សួនកម្សាន្ត សម្រាប់កុមារ បោះតង់ ទស្សនាការតាំង ឧបករណ៍បុរាណ ទស្សនាកម្មវិធីទេសចរណ៍ វប្បធម៌ប្រចាំថ្ងៃ ស្ទួចត្រី ដាក់បង្កៃ ដាក់មង ឆ្លុះត្រីពេលយប់ អាំងត្រី-សាច់ ដុតពោត-ដំឡូង ទិញបន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងកសិផលរបស់ ប្រជាពលរដ្ឋមូលដ្ឋាន។ ក្រៅពីនេះ សហគមន៍ ក៏មានរៀបចំកម្មវិធី កម្សាន្តជាច្រើនទៀត នៅពេលរដូវបុណ្យទានម្ដងៗ ដូចជា ការសម្ដែងក្បាច់គុន ល្បក្កតោ ចាប៉ី ល្ខោន យីកេ របាំ ដែលសុទ្ធតែជា អត្តសញ្ញាណ វប្បធម៌របស់ប្រជាជាតិខ្មែរ តាំងពីបុរាណកាលមក៕S/