ដោយ៖ដេប៉ូ/ភ្នំពេញ៖បរិស្ថានស្អាតគឺត្រូវផ្តើមពីខ្លួនយើងម្នាក់ៗ ដូចនេះការ សម្រេចជោគជ័យទៅបាន ក្រសួងបរិស្ថានមានទិសដៅសំខាន់ៗដូចជា ទី១គឺការផ្តល់នូវចំណេះដឹងតាមរយៈការអប់រំនិងទី២ គឺការបំផុសនូវចលនាស្រលាញ់បរិស្ថាន។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។
ថ្លែងបញ្ជាក់នៅក្នុងអង្គសិក្ខាសាលាបូកសរុបការងារ ឆ្នាំ២០២០ និង ទិសដៅការងារឆ្នាំ២០២១កាលពីថ្ងៃទី២ ខែ តុលា ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានចំណេះដឹង និង ព័ត៌មានបរិស្ថានក្រោមប្រធានបទ«លើកកម្ពស់ចំណេះដឹងបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនប្រតិបត្តិមេត្រីភាពបរិស្ថាន» លោកនេត្រភក្ត្រាបានឱ្យដឹងថាការពង្រឹងពង្រីកនិងផ្សព្វផ្សាយស្តីពីបរិស្ថានឱ្យបានទូលំទូលាយគឺជាទិសដៅដ៏សំខាន់ក្នុងការចែករំលែកបរិស្ថានដើម្បីជួយដល់សាធារណជនបានជ្រាបច្បាស់ស្តីពីបរិស្ថានហើយវាក៏ជាចំណែកសំខាន់ក្នុងការចូលរួមទប់ស្កាត់នូវរាល់ព័ត៌មានបំពុលពីបរិស្ថាននៅកម្ពុជាផងដែរ។
លោកបានបន្ថែមថាការផ្សព្វផ្សាយអំពីបរិស្ថានស្អាតល្អនិងព្រមទាំងកន្លែងធនធានធម្មជាតិដ៏ស្អាតល្អនៅកម្ពុជាបានធ្វើឱ្យមិនត្រឹមតែជនបរទេសចូលមកកម្សាន្តនៅកម្ពុជាទេប៉ុន្តែក៏បានជំរុញឱ្យពលរដ្ឋកម្ពុជាស្រឡាញ់បរិស្ថានពិសេសនាំគ្នាចូលរួមអភិរក្សនិងចូលទៅកម្សាន្តតំបន់ទាំងនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។
ជាមួយគ្នានេះលោករដ្ឋលេខាធិការបានបង្ហាញការគាំទ្រចំពោះអគ្គនាយកដ្ឋានចំណេះដឹង និង ព័ត៌មានបរិស្ថានដែលបានដាក់គោលដៅសំខាន់ៗចំនួន៣ដូចជាទី១ គឺការពង្រឹងពង្រីកការរៀបចំនិងផ្សព្វផ្សាយព័ត៌មានស្តីពីបរិស្ថានឱ្យបានទូលំទូលាយ,ទី២លើកកម្ពស់ការអប់រំបរិស្ថាននិងជំរុញលើកទឹកចិត្តចំពោះការប្រតិបត្តិមេត្រីភាពបរិស្ថានឱ្យបានល្អប្រសើរនិងទី៣ការប្រមូលផ្តុំទិន្នន័យបរិស្ថាននិងការរៀបចំអំពីរបាយការណ៍ពីស្ថានភាពបរិស្ថានឱ្យបានទៀងទាត់។ដែលគោលដៅទាំងនេះពិតជាឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបរិស្ថាននិងធនធានធម្មជាតិរបស់ក្រសួងបរិស្ថានក៏ដូចជាស្របតាមទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបានឱ្យដឹងបន្ថែមថា បរិស្ថានស្អាតគឺត្រូវផ្តើមពីខ្លួនយើងម្ល៉ោះហើយ ដើម្បីឱ្យប្រធានបទនេះ សម្រេចជោគជ័យទៅបានត្រូវមានទិសដៅរបស់ក្រសួងបរិស្ថាន ទី១គឺការផ្តល់នូវចំណេះដឹងតាមរយៈការអប់រំ។ ទី២ គឺការបំផុសនូវចលនាស្រលាញ់បរិស្ថាន។
លោករដ្ឋលេខាធិការបានថ្លែងផងថាចំពោះគោលសំខាន់ទាំងពីរនេះ អគ្គនាយកដ្ឋានចំណេះដឹង និង ព័ត៌មានបរិស្ថានរបស់ក្រសួងបរិស្ថានបានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា រៀបចំជាមេរៀន រៀបចំជាឯកសារពាក់ព័ន្ធ ជាសម្ភារៈឧបទេ្ទសសម្រាប់ការបង្ហាត់បង្រៀនផ្សេងៗ ដើម្បីផ្តល់ជូន ទៅដល់សាលារៀននៅទូទាំងប្រទេសកម្ពុជា ។ បន្ថែមពីនេះទៀតផ្ទាំងរូបភាព(Poster)ស្តីពីការបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ ការបែងចែកសំណល់ផ្តល់ជូនដល់សិស្សក៏ដូចជាប្រជាពលរដ្ឋទូរទៅបានស្វែងយល់ផងដែរ។
លោកបានមានប្រសាសន៍បន្តថា ការងារនេះ បើទោះជាបច្ចុប្បន្នប្រជាពលរដ្ឋមានការផ្លាស់ប្តូរឥរិយាបថយល់ដឹងច្រើន និង ងាកមកចូលរួមថែរក្សាបរិស្ថានច្រើនជាងមុនយ៉ាងណាក្តី ប៉ុន្តែក្រសួងបរិស្ថានមិនបញ្ឈប់ត្រឹមនេះទេ គឺនៅតែបន្តសកម្មភាពការងារទៅមុខទៀតដដែល។
លោកនេត្រភក្រ្តា បានមានប្រសាសន៍បន្ថែមថា ទន្ទឹម នេះដែរ ក្រសួងបរិស្ថានបានលើកទឹកចិត្តទៅដល់អ្នកប្រតិបត្តិមេត្រីភាពបរិស្ថានល្អគឺមានន័យថា ពួកគាត់បានអនុវត្តជាគំរូ ជាអ្នកស្រលាញ់បរិស្ថាន ជាអ្នកស្រលាញ់ធនធានធម្មជាតិ។ ដូចជា ការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីច ការចូលរួមនៅក្នុងការការពារធនធានធម្មជាតិ ហើយពួកគាត់បានចូលរួមអប់រំផ្សព្វផ្សាយបន្តទៅដល់សារធារណជនផ្សេងៗទៀត។ ការលើក ទឹកចិត្តនេះ អនុវត្តធ្វើនៅទូរទាំងប្រទេស។
គួរបញ្ជាក់ថាៈ ការផ្តល់ជូនការលើកទឹកចិត្តដល់អ្នកប្រត្តិបត្តិមេត្រីភាពបរិស្ថានមាន វត្តអារាម, សាលារៀន សាកលវិទ្យាល័យ រួមនឹងគ្រឹះស្ថានផ្សេងៗទៀត។ ចំពោះពានរង្វាន់ដែលផ្តល់ជូនមានបណ្ណមួយសន្លឹក ធុងចំរោះទឹក ធុងបែងចែកសម្រាមជាដើម។ ការផ្តល់ជូននេះ ធ្វើទ្បើង ទាំងលើរូបវន្តបុគ្គល និង និតិបុគ្គល ៕dp