ដោយ៖ដេប៉ូ/ភ្នំពេញ ៖ លោកនេត្រ ភក្ត្រាមន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំក្រុមអ្នកសារព័ត៌មានមកពីចំនួន១៨ស្ថាប័ន ចុះពិនិត្យនិងស្វែងយល់ការងាររៀបចំគម្រោងរេដបូកនិងការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ពីថ្ងៃទី ៣-៥ ខែតុលា ឆ្នាំ ២០២០ ។
បើយោងតាមការឱ្យដឹងរបស់លោកនេត្រភក្ត្រាបានឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចចុះពិនិត្យនិងស្វែងយល់នៅដែនជម្រកសត្វព្រៃកែវសីមាស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីធ្វើឡើងដើម្បី ស្វែងយល់និងជួយលើកកម្ពស់ការយល់ដឹងសាធារណៈអំពី ការរៀប ចំនិងការអនុវត្តគម្រោងកែវសីមា រេដបូក ការការពារនិងអភិរក្សធនធានជីវៈចម្រុះ និងកម្មវិធី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។
លោកបានបញ្ជាក់ដែរថាក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងអញ្ជើញជួបជាមួយតំណាងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាយកដែនជម្រកសត្វព្រៃកែវសីមា មន្ត្រីឧទ្យានុរក្ស និងតំណាងអង្គការ WCS នៅឯស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងរេដបូក និងយន្តការពាក់ព័ន្ធនឹងការបែងចែកផលប្រយោជន៍ដល់សហគមន៍។
បន្ទាប់ពីនោះគណៈប្រតិភូបានបន្តដំណើរទៅកាន់សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ជំរំសត្វទោចថ្ពាល់លឿងស្ថិតក្នុងភូមិអណ្តូងក្រឡឹងនិងរមណីយដ្ឋានទឹកធ្លាក់«លែងអង»និង«លែងឃិន»ស្ថិតក្នុងស្រុកអូររាំង ដើម្បីជួបសំណេះសំណាលជាមួយសហគ្រាសសហគមន៍កែច្នៃឫស្សីរបស់សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ ក្រុមកសិករផលិតស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (អាប៊ីស រ៉ាយស៍) ក្រុមសហគមន៍ទេសចរណ៍ធម្មជាតិ និងពិនិត្យមើលសមិទ្ធិផលមួយចំនួនដែលសហគមន៍អនុវត្តនិងសម្រេចបានក្រោមគម្រោងរេដបូក ដូចជា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្នាក់ភូមិ រោងប្រជុំសហគមន៍ អណ្តូងស្នប់ និងស្ពានឆ្លងកាត់ភូមិ។
លោកស្រី Veena Reddy នាយកបេសកកម្មទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំកម្ពុជា បានកត់សម្គាល់ថា «ការអនុវត្តគម្រោងរេដបូកប្រកបដោយជោគជ័យនឹងផ្តល់អត្ថប្រយោជន៍រួមដល់សហគមន៍ ធម្មជាតិ និងសេដ្ឋកិច្ច។ គម្រោងនេះអាចជួយការពារនិងអភិរក្សប្រភេទសត្វសំខាន់ៗដែលជិតផុតពូជ ធនធានជីវៈចម្រុះ និងគម្របព្រៃឈើ។ វាក៏អាចជួយអភិរក្សវប្បធម៌នៅក្នុងតំបន់ផងដែរ៊”។
ព្រមជាមួយគ្នានេះលោក កែន សេរីរដ្ឋានាយកអង្គការ WCS ប្រចាំនៅកម្ពុជាបានឱ្យដឹងថា “ដោយមានការគាំទ្រជា បន្តបន្ទាប់ពីម្ចាស់ជំនួយរបស់យើង អង្គការWCSសម្រេចបានសមិទ្ធិផលការងារអភិរក្សយ៉ាងច្រើនគួរឱ្យ កត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
គួរបញ្ជាក់ថាគម្រោងរេដបូកគឺជាយន្តការអន្តរជាតិមួយនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងការកាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ និង រេចរិលព្រៃឈើ។កម្មវិធីនេះបានកំពុងចូលរួមលើការងារចម្បងចំនួន២គឺការពារព្រៃឈើឱ្យគង់វង្សនិងជួយឱ្យសហគមន៍ក្នុងតំបន់និងក្បែរតំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ៕