​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

ដោយ​: លី ម៉េង​ហួរ / ភ្នំពេញ​: កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានប្រកាសថា បុរស​ជនជាតិ​អង់គ្លេស​ដែលជា​អ្នកជំងឺ​កូ​វីដ​១៩​ទី​២៧៥ នៅ​កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា​ឆ្នាំ​២០២០​។ ក៏ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​២៨ មកដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ នៅ​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​ពីរ​នាក់​ទៀត គឺជា​បុរស​ជនជាតិ​ចិន​ម្នាក់ នៅ​ភ្នំពេញ ធ្វើដំណើរ​មកពី​ប្រទេស​ហ្វីលីពីន ឆ្លងកាត់​ប្រទេស​កូរ៉េខាងត្បូង និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ នៅ​ខេត្តបាត់ដំបង ដែល​ទើប​មកពី​អាម៉េរិក​។ ជា​សរុប មកដល់​ថ្ងៃទី​៣ ខែតុលា នៅ​ទូទាំងប្រទេស​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៧៨​នាក់​។ ក្នុងនោះ ២៧៥​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៣​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តសៀមរាប នៅ​មន្ទីរពេទ្យ ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​មន្ទីរ​ខេត្តបាត់ដំបង​។​

​កងកម្លាំង​មួក​ខៀវ ចំនួន ១៣៩​នាក់ ដែល​បញ្ចប់​បេសកកម្ម នៅ​ប្រទេស​ម៉ាលី និង​បាន​ត្រលប់​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ត្រូវបាន​អនុញ្ញាតអោយ​ត្រលប់​នៅតាម​ផ្ទះ បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ និង​លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ចំនួន ២​លើក បង្ហាញថា អវិជ្ជមាន​។ តែ​ទោះបីជា​យ៉ាងណា អគ្គនាយក​ម​ជ្ឈ​ម​ណ្ឌ​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បាន​ស្នើអោយ​កងកម្លាំង​ទាំងអស់ ត្រូវខិតខំ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ស្នាក់នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​ចំនួន ១៤​ថ្ងៃ​បន្ថែមទៀត ដើម្បី​បញ្ជាក់​អោយ​កាន់តែច្បាស់​ថា ខ្លួន​ពិតជា​គ្មាន​ករណី​មេរោគ​កូ​វីដ​១៩ ប្រាកដ​មែន​។​

​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម កាលពី​ថ្ងៃទី​២៩ ខែកញ្ញា បាន​អះអាង​ជាថ្មី​ថា ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម បច្ចុប្បន្ន សម្រេចបាន ៨៤​ភាគរយ​ស្មើនឹង​ប្រមាណ ១.២៧០​គីឡូម៉ែត្រ​។ ការបោះបង្គោល​ព្រំដែន​នេះ អនុលោម​តាមច្បាប់ និង​គោលការណ៍​បច្ចេកទេស ដែល​មិនបាន​ធ្វើអោយ​កម្ពុជា​បាត់បង់​ទឹកដី​នោះទេ​។ យ៉ាងណាក៏ដោយ​ភាគី​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម បាន​ឯកភាព​ដោះដូរ​ដី​គ្នា ដោយ​ស្មើភាព ចំនួន ៣១ ទីតាំង ដើម្បី​ធានា​ផ្តល់នូវ​ផលប្រយោជន៍​រួម​របស់​ប្រជាជន​ប្រទេស​ទាំងពីរ ដែលមាន​ទីតាំងនៅ​លើដី​ជាក់ស្តែង​បច្ចុប្បន្ន​។​

​កាលពី​ថ្ងៃទី​២៩​កញ្ញា ក្រសួងការបរទេស បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​នៅ​កម្ពុជា​។ នេះ​គឺជា​កិច្ចប្រជុំ លើក​ទី​២ មាន​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៩-៣០ ខែកញ្ញា​។ កិច្ចប្រជុំ​លើក​ទី​២​នេះ ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ទស្សនទាន​ដោយស្មោះ​ត្រង់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ព្រមទាំង​លើកកម្ពស់​ការយល់ដឹង ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស អំពី «​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​» និង «​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​» និង​កាតព្វកិច្ច​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​ពន្យារ​ផែនការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ ដោយសារ​កា​រប​ន្ទុ​ច​បង្អាក់​បង្កឡើង ដោយ​ជំងឺ​កូ​វីដ​១៩​។ សំណើរ​នេះ ត្រូវបាន​សម្ដេច​លើកឡើង​ក្នុង​កិច្ចប្រជុំ ស្តីពី «​ហិរញ្ញប្បទាន​របៀបវារៈ​ការអភិវឌ្ឍ​ដោយ​ចីរភាព ឆ្នាំ​២០៣០ ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ និង​ពេលខាងមុខ​» នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​។ នៅក្នុង​កិច្ចប្រជុំ​នោះ សម្ដេច ក៏បានផ្ដល់​ទស្សនទាន ៥​ចំណុច​ផងដែរ​។​

​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាស​ដំណើការ​បណ្ណ​បើកបរ​អន្តរជាតិ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បើកបរ​គ្រប់​ប្រទេស​លើ​ពិភពលោក​។ ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ នៅក្នុង​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល ក្នុង​រាជធានី​ភ្នំពេញ លោក ស៊ុន ចាន់ថុល លើកឡើងថា បណ្ណ​បើកបរ​អន្តរជាតិ​ថ្មី​នេះ មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អាច​បើកបរ​រថយន្ត​លើក​ទឹកដី​បរទេស​បាន គឺ​រហូតដល់​ទៅ ៩៩​ប្រទេស លើ​ពិភពលោក ក្នុងនោះ រួមមាន​ទាំង​នៅ​សហរដ្ឋអាមេរិក ផងដែរ​។ ការប្តូរ​ប័ណ្ណបើកបរ​ធម្មតា ទៅ​ប័ណ្ណបើកបរ​អន្តរជាតិ​នេះ ត្រូវ​ចំណាយ ២៥​ម៉ឺន​រៀល ដោយ​គ្មាន​ការប្រឡង​ឡើងវិញ​ទេ​។​

​ក្រុមការងារ​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​៣០ ខែកញ្ញា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា រិះរក​យន្តការ​ដោះស្រាយ​បញ្ហា​ប្រឈម ជួយ​ដល់​សហគមន៍​អេកូ​ទេសចរណ៍ ៤ ក្នុង​ខេត្តកំពង់ធំ សៀមរាប កំពង់ស្ពឺ និង​ខេត្តព្រៃវែង​។ តាមរយៈ​កិច្ចប្រជុំ ក្រុមការងារ​អន្តរក្រសួង បានសម្រេច​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​បញ្ហា​ជា​ជំហាន និង​ដំណាក់ៗ លើ​បញ្ហា​ផ្លូវ​គមនាគមន៍ អគ្គិសនី សេវា​ទូរស័ព្ទ និង​បញ្ហា​អនាម័យ ជាដើម នៅក្នុង​តំបន់​អេកូ​ទេសចរណ៍ ទាំង ៤​។ តំបន់​អេកូ​ទេសចរណ៍ ទាំង ៤​នោះ រួមមាន​៖ តំបន់​អេកូ​ទេសចរណ៍ ភ្នំ​ខ្នង​ផ្សារ នៅ​ខេត្តកំពង់ស្ពឺ តំបន់​អេកូ​ទេសចរណ៍ ផាត់​សណ្តាយ នៅ​ខេត្តកំពង់ធំ តំបន់​អេកូ​ទេសចរណ៍ ទឹក​ជប់​ខ្នា​ល​ពោធិ៍ នៅ​ខេត្តសៀមរាប និង​តំបន់​អេកូ​ទេសចរណ៍ ទួល​ព័ន្ធ​តា​ឡី ហៅ បឹង​ស្នេហ៍ នៅ​ខេត្តព្រៃវែង​។​
​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​សំដែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការផ្សព្វផ្សាយ​របាយការណ៍​ចុងក្រោយ​មួយ ស្ដីអំពី បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​ព័ត៌មាន​របស់​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ចេញផ្សាយ​ដោយ​ក្រសួងការបរទេស កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​ជា​ផ្លូវការ​ហើយ ដាក់ចេញ​នូវ​យន្តការ​សំខាន់ៗ​មួយចំនួន ដើម្បី​ស្តារ​ស្ថានភាព​ធ្លាក់ចុះ​នៃ​ចំនួន​អ្នកទេសចរ នៅ​ខេត្តសៀមរាប​ឲ្យ​ងើប​ឡើងវិញ បន្ទាប់ពី​ខេត្ត​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុ​ជាមួយនេះ បាន​ធ្លាក់ចុះ​នូវ​ចំនួន​អ្នកទេសចរ​ជា​បន្តបន្ទាប់ រាប់​ចាប់តាំងពី​មុន​ផ្ទុះ​នូវ​ការ​រា​ត​ត្បា​យ​ជំងឺ​កូ​វីត​១៩ ទៅទៀត​។ យន្តការ​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ និង​ដាក់ចេញ រួមមាន ការបង្កើត​ផែនការមេ​អភិវឌ្ឍន៍​ខេត្តសៀមរាប ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ក្រៅពី​អង្គរវត្ត ក៏ដូចជា​ការបង្កើត និង​ប្រមូលផ្តុំ​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ នៅ​ខេត្តសៀមរាប ជាដើម​។​

​របាយការណ៍​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយចុះ​គួរឱ្យកត់សំគាល់ នៅក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០២០​នេះ បើ​ប្រៀបធៀប​នឹង​ខែ​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។ នោះ​គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ថយ ៧២៩​លើក អ្នកស្លាប់​ថយ ២៦៤​នាក់ របួស​ថយ ១​ពាន់​នាក់​។ រដ្ឋមន្ត្រី​មហាផ្ទៃ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​សម្ដែង​ក្ដី​រីករាយ និង​អំពាវនាវ​ឱ្យ​អ្នកបញ្ជា​យានយន្ត​បន្ត​ការគោរព​ច្បាប់ និង​ងាក​មក​គោរព​ច្បាប់ ដើម្បី​បញ្ចៀស​ការផាកពិន័យ និង​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​។​

​នៅក្នុង​រយៈពេល ៩​ខែ ក្នុងឆ្នាំនេះ កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ជាង ៧​ពាន់​ករណី ឃាត់​មនុស្ស​បាន​ជាង ១​ម៉ឺន ៥​ពាន់​នាក់ ។ ក្នុងករណី​បង្ក្រាបបាន​ជាង ៧​ពាន់​ករណីនេះ សមត្ថកិច្ច​បាន​រឹបអូស​ថ្នាំញៀន​បាន​ជាង ៧០០​គីឡូក្រាម និង​ដកហូត​សម្ភារ​បាន​មួយចំនួន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ដាក់ពង្រាយ​កម្ល...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

មន្ត្រី​ជំនាញ បញ្ឈប់​ការជ...

​ដោយៈ គ្រញូង /​បាត់ដំបងៈ ...

ការរៀបចំបីដំណាក់កាល​សម្រា...

ភ្នំពេញៈ ក្រសួងសុខាភិបាល​...

មន្រ្តីចូលនិវត្តន៍នៃក្រសួ...

យើងខ្ញុំ​ទាំងអស់គ្នា ចាប់...