Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទេសចរ​ពិភពលោក...

ទេសចរ​ពិភពលោក​ធ្លាក់ចុះ​ពី​៦០​ទៅ​៨០% ក្នុងសម័យ​វិបត្តិ​កូ​វីដ​១៩

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២០ ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​» រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងទេសចរណ៍ មន្ទីរ អង្គភាព អាជ្ញាធរ​សាធារណៈ និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ បាន​ប្ដេជ្ញា​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍​ជនបទ ក​សិ​ទេសចរណ៍ អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ដើម្បី​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង ជាមួយនឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ​។​

​ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២០​នេះ បានធ្វើ​ឡើង​ក្រោម​ការសហការ​រវាង​ក្រសួងទេសចរណ៍ ជាមួយ​អង្គការ​ទេសច​រណ៍​ពិភពលោក (UNWTO) នា​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០​នៅ​ស​ណ្ឋ​គារ​សុខា​ល័យ​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្តសៀមរាប សមត្ថកិច្ច​ពាក់ព័ន្ធ សមាគមន៍​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សាកល​វិ​ទ្យ​ល័យ សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ផ្នែក​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​សរុប​ប្រមាណ ២៥០​នាក់ ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព និង​អនាម័យ​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​

​អង្គពិធី​បាន​ស្តាប់​នូវ​ខ្លឹមសារ​ដែល​ដកស្រង់​ចេញពី​វីដេអូ​ឃ្លី​ប​របស់លោក អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស (Antonio Guterrres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក ហ្ស៊ូ​រ៉ាប់ ប៉ូ​ឡូ​លីកា​ហ្ស៊ី​លី (Zurab Pololikashvili) អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) និង​សារលិខិត​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២០ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​អង្គពិធី​នេះ​បានបង្ហាញ​ពី​គន្លឹះ​ជាច្រើន ដោយ​ផ្តោត​សំខាន់​លើ​ចំណុច​មួយចំនួន​៖
១៖ ទេសចរណ៍ ការអភិវឌ្ឍ​ជនបទ និង​កូ​វីដ​-១៩​។ ទេសចរណ៍ គឺជា​មូលដ្ឋាន​នៃ​ជីវភាព​រស់នៅ​សម្រាប់​សហគមន៍​ជនបទ ជាពិសេស​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។ តាម​ព្យាករណ៍​របស់ UNWTO ទេសចរ​អន្តរជាតិ​នឹង​ធ្លាក់ចុះ​ចន្លោះ ៦០-៨០% ក្នុង​ឆ្នាំ​២០២០ ដូច្នេះ​នឹងមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​ជីវភាព​រស់នៅ និង​អាជីវកម្ម​តាម​ជនបទ​។ ពិភពលោក​យល់ឃើញថា​ទេសចរ​ផ្ទៃក្នុង​នឹង​ត្រឡប់មកវិញ​មុន​ទេសច​រ៍​អន្តរជាតិ​។ ដូចនេះ​ប្រសិនបើ​មានការ​គ្រប់គ្រង​ច្បាស់លាស់ សហគមន៍​ជនបទ​អាចនឹងទទួល​បាន​ផលចំណេញ​ច្រើន ជាពិសេស​បង្កើត​ឱកាស​ការងារ បង្កើន​ជីវភាព​រស់នៅ និង​ពង្រឹង​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជាដើម​។​
២៖ ទេសចរណ៍​ជំរុញ​ការអភិវឌ្ឍ​ជនបទ​។ វិស័យនេះ​មាន​សមត្ថភាព​ពិសេស​ក្នុង​ការគាំទ្រ​ដល់​សកម្មភាព​រស់​ឡើងវិញ​នៃ​សហគមន៍​ជនបទ ជួយ​សហគមន៍​មូលដ្ឋាន​ឲ្យ​ងើប​ចេញពី​វិបត្តិ​កូ​វីដ​-១៩ និង​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​។ ការអភិវឌ្ឍ​ទេសចរណ៍​ជនបទ មិន​ត្រឹមតែ​ផ្តល់ឱកាស​ការងារ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ ចំណាកស្រុក តាមរយៈ​សកម្មភាព​នានា ដូចជា ការការពារ និង​អភិរក្ស​បរិស្ថាន តំបន់​ធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​មូលដ្ឋាន​។​
៣៖ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អប់រំ​៖ ការអភិវឌ្ឍ​ទេសចរណ៍​ជនបទ ទាមទារ​ឲ្យ​មានការ​យកចិត្ត​ដាក់​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ស្របតាម​តម្រូវការ​សង្គម​សេដ្ឋកិច្ច និង​ការវិវត្ត​បច្ចេកវិទ្យា​។ ស្ថាប័ន​ពាក់ព័ន្ធ ក៏មាន​តួនាទី​ដ៏​សំខាន់​ផងដែរ ក្នុងការ​ធានាបាន​នូវ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ឲ្យ​ទេសចរ​អាច​ទស្សនា​កម្សាន្ត និង​ទទួលបាន​បទពិសោធន៍​ល្អៗ​ពី​តំបន់​ជនបទ ពិសេស អេកូ​ទេសចរណ៍​ក​សិ​ទេសចរណ៍​ដោយ​ងាយស្រួល​។​
៤៖ ការបង្កើត​ការងារ​បន្ថែម និង​កាន់តែ​ប្រសើរ​ក្នុង​សហគមន៍​ជនបទ​៖ ការអភិវឌ្ឍ​ទេសចរណ៍​ជនបទ​បាន​បង្កើត​ការងារ​បន្ថែម​សម្រាប់​ក្រុម​ដែល​ងាយ​រងគ្រោះ ដូចជា ស្ត្រី យុវជន​វ័យក្មេង ព្រមទាំង​អ្នក​ដែលមាន​ជំនាញ​កម្រិត​ទាប​។ តាមរយៈ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជនបទ ការងារ​ថ្មីៗ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ នឹង​កើតឡើង​ដែលជា​មូលដ្ឋាន​ទ្រទ្រង់​សេដ្ឋកិច្ច​ច្នៃប្រឌិត (Creative Economy)​។​
៥៖ ឱកាស​ថ្មីៗ​៖ តាមរយៈ​ការ​មក​ទស្សនា​របស់​ទេស​ចរ​នៅ​តំបន់​ជនបទ សហគមន៍​មានឱកាស​ទទួលបាន​នូវ​គំនិត​ថ្មី និង​អាច​បង្កើន​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ និង​នវានុវត្តន៍​។ ការអភិវឌ្ឍ​ជំនាញ ការទទួលបាន​ហិរញ្ញវត្ថុ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរ​ឌីជីថល ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច អភិបាលកិច្ច​ថ្មី និង​ការវាយតម្លៃ​ផលប៉ះពាល់ គួរតែ​ត្រូវ​បានដាក់​ជា​ចំណុច​ស្នូល​នៃ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ជាពិសេស​ទេសចរណ៍​ជនបទ ក្នុង​គោលដៅ​អាចធ្វើ​ឲ្យ​សហគមន៍​អាចមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​មូលដ្ឋាន​របស់ខ្លួន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular