ដោយ: បូរិន / ភ្នំពេញ: នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ លោក ប៉ាន់យ៉ារ៉ាក់ កូនសាប់ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យកឋិនទានព្រះរាជទានតំណាងព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលទ្រង់បានប្រោសព្រះរាជទានដល់ក្រសួងការបរទេសថៃ នាំយកមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រឹម សនៅពុទ្ធសីមាវត្តឥណ្ឌូកម្ពុជា ធម្មនិមិត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិ កនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។
លោក ប៉ាន់យ៉ារ៉ាក់ កូនសាប់ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងឱ្យដឹងថា ក្រសួងការបរទេសថៃតែងតែរៀបចំប្រារព្ធពិធីបុណ្យកឋិនទានព្រះរាជទាននៅវត្ត ពុទ្ធសាសនាជាច្រើនក្នុងប្រទេសផ្សេងៗ ជារៀងរាល់ឆ្នាំ។ សម្រាប់ប្រទេសកម្ពុជា បានទទួលអង្គកឋិនទាន ព្រះរាជទានលើកដំបូងកាលពីឆ្នាំ១៩៩៥ និងបានប្រារព្ធបន្តរៀងមកស្ទើរតែរៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នា រវាងវត្តនៃគណៈមហានិកាយ និងធម្មយុត្តិកនិកាយ។
លោក ប៉ាន់យ៉ារ៉ាក់ កូនសាប់ បានបញ្ជាក់ថា ឆ្នាំនេះ ទោះបីជាមានស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ១៩ ទូទាំងសកលលោក រហូតបណ្តាលឱ្យ មិនអាចបញ្ជូនតំណាងជាន់ខ្ពស់ដើម្បីធ្វើជាអធិបតីក្នុងពិធីបុណ្យមកពីប្រទេសថៃមកបានដូចសព្វឆ្នាំ ក៏ដោយ តែដោយសាឆ្នាំនេះជាឆ្នាំគម្រប់ខួបលើកទី៧០ ការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ និង ដោយគិតគូរអំពីភាពជាប្រទេសជិតខាងមួយដែលមានចំណងមិត្តភាពដ៏ស្អិតរមួតនៅកម្រិតប្រជាជន ផងនោះ ទើបកម្ពុជាគឺជាប្រទេសតែមួយគត់ដែលមានការប្រារព្ធពិធីបុណ្យកឋិនទានព្រះរាជទានរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍។
សូមបញ្ជាក់ថា ស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែង ធម៌ទេសនា តាមប្រពៃណីខ្មែរ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២០ នៅស្ថានទូតថៃប្រចាំព្រះរាជា – ណាចក្រកម្ពុជា។ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ស្ថានទូតថៃដង្ហែអង្គកឋិនចូលវត្តឥណ្ឌូកម្ពុជា ធម្មនិមិត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយប្រគេនបច្ច័យចំនួន១៦,៥០៨ដុល្លារអាមេរិកជាថវិកាពីព្រះមហាក្សត្រថៃឡង់ដ៍ និង ពុទ្ធបរិស័ទកម្ពុជានានាបន្ថែមទៀត មានចំនួនលុយដុល្លារ១៣,០១០ដុល្លារអេមរិក និង លុយខ្មែរ១២,៥៨៣,៩០០រៀល។
អង្គកឋិនឆ្នាំនេះមានវត្តមានមន្ត្រីរាជការប្រចាំស្ថានទូតថៃ ក្រុមហ៊ុនឯកជនថៃ នៅក្នុងប្រទេសកម្ពុជា និង ក្រុមគ្រួសារ រួមទាំងបុគ្គល សំខាន់ៗ ខាងភាគី កម្ពុជា ដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ លោកស្រី ស៊ឹង រ័ត្នឆវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកអគ្គរាជទូតឡាវ និងមីយ៉ាន់ម៉ាប្រចាំ ព្រះរាជាណាចក្រកម្ពុជា រួមទាំងពុទ្ធបរិស័ទថៃ និងខ្មែរផងដែរ៕ ល