Interpol​ចេញ​និវេទន៍​ក្រហម​សំរាប់​អ្នក​ស្នង​ក្រុមហ៊ុន​គោ​ជល់​ថៃ​ចំពោះ​ការបុក​រត់​

​ការចោទប្រកាន់​ប្រឆាំង​លោក វ៉ូ​រ៉ា​យុទ្ធ “​បូ​ស​” យូ​វី​តយ៉ា ត្រូវ​បាន​ទម្លាក់​ចោល​កាលពី​ខែ​កក្កដា​ឆ្នាំ​២០២០​នេះ តែ​កាលពី​ថ្ងៃអាទិត្យ​ទី​០៤​តុលា​ប៉ូលិស​ថៃ​បាន​អះអាងថា ប៉ូលិស​អន្តរជាតិ​បានចេញ​«​និវេទន៍​​ក្រហម​»​ដើម្បី​តាម​ចាប់​ជន​ស្នង​តំណែង​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​Red Bull​រូបនេះ ចំពោះ​តួ​នាតី​របស់​លោក​ក្នុងការ​បុក​ប៉ូលិស​ម្នាក់​ស្លាប់​ហើយ​បើក​រត់គេច​កាលពី​៨​ឆ្នាំមុន​។​

​ការចេញ​ដីកា​តាមរក​ចាប់ខ្លួន​ពី​សំណាក់​អង្គការ​ប៉ូលិស​អន្តរជាតិ​នេះ​ជា​ចំណាត់ការ​ចុងក្រោយ​បំផុត​នៅក្នុង​សំណុំរឿង​ចំណាស់​រាប់​ឆ្នាំ​ជុំវិញ​លោក វ៉ូ​រ៉ា​យុទ្ធ “​បូ​ស​” យូ​វី​តយ៉ា​(Vorayuth “Boss” Yoovidhya)​ដែល​បាន​បើករថយន្ត​Ferrari បុក​ស្លាប់​ប៉ូលិស​ដែល​កំពុង​ជិះ​ម៉ូតូ​។​

​ការចោទប្រកាន់​លោក​វ៉ូ​រ៉ា​យុទ្ធ ដែល​ជា​ចៅ​របស់​សហ​ស្ថាបនិក​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​Red Bull ត្រូវ​បាន​ទម្លាក់​ចោល​កាលពី​ខែកក្កដា ជាហេតុ​នាំ​អោយ​ផ្ទុះ​កំហឹង​ក្នុងចំណោម​សាធារណជន​ថៃ ដែល​មើល​​ឃើញ​ថា​វា​ជា​គំរូ​និទណ្ឌភាព​មួយ ដែល​ក្រុម​វណ្ណៈ​ថ្នាក់លើ​និង​ពួក​អ្នក​មាន​នៃ​ព្រះរាជាណាចក្រ​នេះ​កំពុង​ទទួលបាន​។​

​វា​នាំ​អោយ​អោយ​មាន​ការបើក​ការស៊ើបអង្កេត​ដោយ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជាច្រើន រួម​មាន​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា ដែល​កាលពី​ខែ​មុន​បានប្រកាស​ចោទប្រកាន់​លោក​វ៉ូ​រ៉ា​យុទ្ធ​ឡើងវិញ​ពី​បទ​បើកបរ​​ទ្វេ​ស​ប្រហែស​បង្ក​អោយ​បាត់បង់​អាយុជីវិត​មនុស្ស និង​ប្រើ​ថ្នាំញៀន​កូកាអ៊ីន​។​

​អ្នកនាំពាក្យ​ប៉ូលិស​ថៃ បានបញ្ជាក់​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា និវេទន៍​ក្រហម​មួយ​ត្រូវបាន​ចេញ​នៅ​សប្តាហ៍​នេះ ហើយ​«​ក្រោយពី​ទទួលបាន​ការបញ្ជាក់ យើង​បន្ទាប់មក​អាច​បញ្ជូន​សំណើ​របស់​យើង​​ទៅកាន់​ប្រទេស​ជា​សមាជិក​ចំនួន​១៩៤ ដោយ​ស្នើសុំ​អោយ​ពួកគេ​ជួយ​រក​ចាប់ខ្លួន​បញ្ជូន​មក​ថៃ​។​យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​នាំ​គាត់​មក​កាន់​ប្រទេស​ថៃ​នៅ​ទីបំផុត ដោយសារ​វា​ជា​បទឧក្រិដ្ឋ​ធ្ងន់​​ធ្ង​រមួយ​»​។​

​សូមបញ្ជាក់​ថា វ៉ូ​រ៉ា​យុទ្ធ “​បូ​ស​” យូ​វី​តយ៉ា បាន​ភៀសខ្លួន​ចេញពី​ប្រទេស​តាម​យន្តហោះ​ឯកជន​មួយ​នៅ​ឆ្នាំ​២០១៧​។​

​ក្រោយ​ការចោទប្រកាន់​គាត់​ត្រូវបាន​ទម្លាក់ចោល​នៅ​ខែកក្កដា ការស៊ើបអង្កេត​មួយ​ដោយ​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​សន្និដ្ឋានថា ការស៊ើបអង្កេត​ទាំងមូល​ពីមុន ត្រូវបាន​សម្របសម្រួល​។​កំហឹង​​អំពី​ករណី​របស់​វ៉ូ​រ៉ា​យុទ្ធ​នេះ​កើតឡើង​ចំ​ពេល​រដ្ឋាភិបាល​ជួប​ការលំបាក ជួន​គ្នា​នឹង​មាន​ការតវ៉ា​ប្រឆាំង​ស្ទើរ​រាល់ថ្ងៃ ដែល​ដឹកនាំ​ដោយ​ពួក​សកម្មជន​និស្សិត​ដើម្បី​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ​ ចាន អូ​ចា ចុះចេញ​ពី​តំណែង​។​

​បើ​តាម​ទស្សនា​វ​ដ្តី​Forbes បក្ខពួក​សហ​ស្ថាបនិក​ភេសជ្ជៈ​គោ​ជល់​ថៃ​លោក ចា​លែ​វ យូ​វីត​យ៉ានេះ ជា​ក្រុម​អ្នក​មាន​បំផុត​ទី​២​នៅ​ថៃ ជាមួយនឹង​ទ្រព្យធន​ប្រមាណ​២០,២​ពាន់​លាន​ដុល្លារ ៕​ប្រែ​សម្រួល​៖​វាសនា​

​វ៉ូ​រ៉ា​យុទ្ធ និង​រថយន្ត​Ferrari​កំពិត​ក្បាល ដែល​ប៉ូលិស​រកឃើញ​នៅ​ភូមិគ្រឹះ​របស់​លោក ក្រោយ​ហេតុការណ៍​បុក​រត់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular