ដោយ៖ឆាយានាថ / កំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នេះ បានឃាត់ខ្លួនបុរសម្នាក់ដែលបើកឡានដឹកដីបុកមនុស្សមួយក្រុមដែលឈរជជែកគ្នាលើផ្លូវសាធារណៈ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ដោយអនុវត្តតាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។

ការឃាត់ខ្លួនជនបង្កនាពេលនេះ ក្រោយវីដេអូឃ្លីបបានបែកធ្លាយ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មកម្ល៉េះ នៅចំណុចភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ថ្លែងថា អ្នកបើកបររថយន្តដឹកដីឈ្មោះ វើក វន្នី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុភាគីទាំងសងខាងមិនបានប្តឹងមកសមត្ថកិច្ចទេ ពោលគឺបានធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខណៈខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជន ដែលឈរជជែកគ្នានៅលើផ្លូវសាធារណៈ។
ប៉ុន្តែក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាល មកប្រគល់សមត្ថកិច្ចនៅស្រុកអធិការកំពង់ត្រឡាច ឱ្យជួយដឹងឮ តែក្រោយមកក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទើបបង្កឱ្យមានការភ្ញាក់ផ្អើល តែម្តង។

បន្ទាប់មក សមត្ថកិច្ចនគរបាលចរាចរណ៍ បានធ្វើការស៊ើបអង្កេតជាបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និង ឃាត់ខ្លួនជនបង្កបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នេះ ។
តាមរយៈឃ្លីបវីដេអូថតបានដោយចៃដន្យ បង្ហាញថា មនុស្សមួយក្រុមបានឈរជជែកគ្នាលេងលើផ្លូវសាធារណៈ ខណៈឡានដឹកដីបានស៊ីផ្លេខ្លាំង តែយុវជនរងគ្រោះមិនបានគេចចេញទេ ទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍ តែម្តង ៕ ល
