Home ព័ត៌មានជាតិ សង្គម មន្ទីរពេទ្យបេ...

មន្ទីរពេទ្យបេះដូងFUWAIរបស់ចិន បណ្តុះបណ្តាលផ្នែកអេកូសាស្រ្តដល់ក្រុមគ្រូពេទ្យបង្អែកស្រុកបាធាយ

ដោយ៖ដេប៉ូ/កំពង់ចាម៖ ក្រុមគ្រូពេទ្យប្រចាំមន្ទីរពេទ្យបេះដូងFUWAIប្រចាំខេត្តយូណាន ប្រទេសចិន បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីអេកូសាស្រ្តជំងឺបេះដូងចំហរបស់កុមារដល់ក្រុមគ្រូពេទ្យគ្រូពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម។    

          លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាធាយ បានបញ្ជាក់ឱ្យដឹងកាលពីថ្មីៗមកនេះថាគោលបំណងសំខាន់នៃការបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យពីអេកូសាស្រ្តជំងឺបេះដូងចំហរបស់កុមារនេះដើម្បីផ្តល់ភាពជំនាញដល់ក្រុមគ្រូពេទ្យ ក៏ដូចជាបម្រើសេវាសុខាភិបាលយ៉ាងល្អប្រសើរជូនដល់ប្រជាជននៅក្នុងស្រុកបាធាយ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

លោកបានបន្ថែមថា ជានិច្ចកាលក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាធាយតែងខិតខំគៀងគរមូលនិធិ និងស្វះស្វែងរកនូវប្រភពជំនួយ ប្រភពធនធានពុទ្ធិ ក្នុងការចូលរួមចំណែកអភិវឌ្ឍ កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធ្វើទំនើបកម្មសម្ភារៈបរិក្ខាពេទ្យជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាធាយ ក៏ដូចជាការធ្វើវិក្រឹត្យការលើជំនាញអេកូសាស្រ្តជូនដល់វេជ្ជបណ្ឌិតនៅក្នុងស្រុកបាធាយ ។

 លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាធាយដែលបានផ្តល់ឱកាសដល់សមាគម អង្គការYUNDI និងមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណានបានចូលរួមចំណែកនៅក្នុងការបណ្តុះបណ្តាលផ្នែកអេកូសាស្រ្តដល់ក្រុមគ្រូពេទ្យ។ពិសេសជាងនេះមន្ទីរពេទ្យបេះដូងFUWAIតែងជួយដល់កុមាររស់នៅក្នុងស្រុកបាធាយដែលមានជំងឺបេះដូងចំហទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៃជំងឺបេះដូងចំហពីប្រទេសចិន។

ដោយឡែក លោក  យឹម  ចន្ថា  ប្រធានការិយាល័យប្រតិបត្តិស្រុកបាធាយ ជំនាញផ្នែកអេកូសាស្រ្តពីប្រទេសចិន បានថ្លែងថាការចុះមកបណ្តុះបណ្តាលក្រុមគ្រូពេទ្យពេលនេះដែរគឺដើម្បីបម្រើសេវាផ្នែកសុខាភិបាលកាន់តែប្រសើរជូនដល់ប្រជាជននៅមូលដ្ឋាន។

គួរបញ្ជាក់ថាក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមគ្រូពេទ្យក៏បានអនុវត្តដោយផ្ទាល់ផ្នែកអេកូសាស្រ្តតាមរយៈម៉ាស៊ីនអេកូសាស្រ្តពីមន្ទីរពេទ្យបេះដូងFUWAI ទៅលើកុមារចំនួន៣រូបដែលត្រឡប់មកដល់ស្រុកបាធាយកាលពីខែកញ្ញា ឆ្នាំ២០១៩ ក្រោយពីទទួលបានការជួយជ្រោមជ្រែងពីក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាធាយ ដើម្បីទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៃជំងឺបេះដូងចំហពីមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណានប្រទេសចិន៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular