Home ព័ត៌មានអន្តរជាតិ អាហ្ស៊ែរបៃហ្ស...

អាហ្ស៊ែរបៃហ្សង់ថាអាមេនីផ្តោតគោលដៅលើទីក្រុងនានានៅក្រៅតំបន់ជម្លោះ

ការប្រយុទ្ធគ្នារវាងកងកម្លាំងអាមេនីនិងអាហ្ស៊ែរបៃហ្សង់បានបន្តកាលពីថ្ងៃអាទិត្យទី៤តុលាជុំវិញទឹកដីផ្តាច់ខ្លួន ណាហ្គ័រណូការ៉ាបាក់ ដោយអាហ្ស៊ែរបៃហ្សង់ចោទប្រកាន់អាមេនីថាផ្តោតគោលដៅវាយលើទីក្រុងនានារបស់ខ្លួន ដែលនៅឆ្ងាយពីតំបន់ជម្លោះ។

លោក ហ៊ីកមេត ហាជីយ៉េវ ជំនួយការប្រធានាធិបតីអាហ្ស៊ែរបៃហ្សង់ លោក អ៊ីលខាំ អាលីយ៉េវ បាននិយាយកាលពីថ្ងៃអាទិត្យថា អាមេនីបានផ្តោតគោលដៅវាយប្រហារដោយមីស៊ីលទៅលើទីក្រុងធំៗ ដូចជា ហ្គានចា និង មីនហ្គាឆេវៀ ។ ទីក្រុងហ្គានចា ដែលមានប្រជាជនរស់នៅរាប់សែននាក់និងជាទីក្រុងធំជាងគេទី ២ របស់ប្រទេស គឺមានទីតាំងស្ថិតនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ពីទីក្រុងស្តេផាណាកឺត ដែលជារដ្ឋធានីរបស់តំបន់ផ្តាច់ខ្លួនណាហ្គ័រណូការ៉ាបាក់ ហើយទីក្រុងមីនហ្គាឆេវៀក៏ស្ថិតក្នុងចម្ងាយខ្ទង់១០០គីឡូម៉ែត្រពីតំបន់ជម្លោះផងដែរ។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៧ ខែកញ្ញានិងបានសម្លាប់មនុស្សរាប់សិបនាក់ ដែលនេះជាការផ្ទុះអាវុធធំបំផុតនៅក្នុងជម្លោះរាប់ទសវត្សរ៍ជុំវិញតំបន់ផ្តាច់ខ្លួន ដែលស្ថិតនៅក្នុងទឹកដីរបស់អាហ្ស៊ែរបៃហ្សង់ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយកងកម្លាំងជនជាតិភាគតិចអាមេនី ដែលគាំទ្រដោយរដ្ឋាភិបាលអាមេនី។

កាលពីថ្ងៃអាទិត្យលោកហាជីយ៉េវបានធ្វីតវីដេអូមួយ ដែលពិពណ៌នាអំពីអគារខូចខាតជាច្រើន ហើយបានហៅវាថាជាលទ្ធផលនៃការវាយប្រហារមីស៊ីលរបស់អាមេនីទៅលើតំបន់ដែលមានប្រជាជនរស់នៅច្រើននៅក្នុងទីក្រុងហ្គានចា។ គេមិនទាន់អាចផ្ទៀងផ្ទាត់ភ្លាមៗបានទេថាតើវាជាវីដេអូពិតឬយ៉ាងណា។

លោកហាជីយ៉េវនិយាយនៅក្នុងធ្វីតមួយផ្សេងទៀតនៅល្ងាចថ្ងៃអាទិត្យថាកងកម្លាំងអាមេនីក៏បានបាញ់មីស៊ីលលើទីក្រុងមីនហ្គាឆេវៀផងដែរ “ជាកន្លែងស្តុកទឹកនិងរោងចក្រអគ្គិសនីដ៏សំខាន់”។

ក្រសួងការពារជាតិអាមេនីបានច្រានចោលការអះអាងនេះ។ អ្នកនាំពាក្យក្រសួងលោកស្រី ស៊ូសាន ស្តេហ្វានៀន បានសរសេរនៅលើហ្វេសប៊ុកថា “មិនមានការបាញ់ផ្លោងមីស៊ីលចេញពីអាមេនីក្នុងទិសដៅទៅអាហ្ស៊ែរបៃហ្សង់ទេ” ហើយបានហៅការចោទប្រកាន់នេះថាជាការប្រឹងប្រែងបង្កាច់បង្ខូចពីភាគីអាស៊ែបៃហ្សង់។

មេដឹកនាំតំបន់ណាហ្គ័រណូការ៉ាបាក់ លោក អារ៉ាយីក ហារូតយុនយ៉ាន បាននិយាយនៅលើហ្វេសប៊ុកថា លោកបានបញ្ជាឱ្យបាញ់រ៉ុក្កែតដើម្បីកម្ទេចគោលដៅយោធានៅទីក្រុងហ្គានចា ប៉ុន្តែក្រោយមកបានប្រាប់កងកម្លាំងរបស់លោកឱ្យបញ្ឈប់ការបាញ់នោះដើម្បីបញ្ចៀសការស្លាប់ជនស៊ីវិល។ អ្នកនាំពាក្យរបស់មេដឹកនាំរូបនេះ ឈ្មោះថា វ៉ារ៉ាម ផុកហូសយ៉ាន បានប្រាប់បណ្តាញផ្សព្វផ្សាយរបស់អាមេនីកាលពីល្ងាចថ្ងៃអាទិត្យថា គ្មានហេតុផលដែលកងកម្លាំងរបស់តំបន់ណាហ្គ័រណូការ៉ាបាក់ផ្តោតគោលដៅវាយលើទីក្រុងមីនហ្គាឆេវៀ នោះទេ។

ក្រុមមន្ត្រីអាហ្ស៊ែរបៃហ្សង់បានបដិសេធថា ពុំមានទីតាំងយោធាណាមួយត្រូវបានវាយនៅទីក្រុងហ្គានចាទេ ប៉ុន្តែនិយាយថា ការវាយប្រហារបានបង្កការខូចខាតដល់សំណង់អគាររបស់ជនស៊ីវិល។ អាជ្ញាធរនិយាយថា ជនស៊ីវិលម្នាក់បានស្លាប់ និង៣២នាក់ទៀតរងរបួស។

លោកហ្សាកៀ ហាសានូវ រដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្ស៊ែរបៃហ្សង់និយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា “ការបាញ់ប្រហារមកលើទឹកដីអាហ្ស៊ែរបៃហ្សង់ពីទឹកដីអាមេនីគឺជាការបង្ករឿងយ៉ាងច្បាស់ក្រឡែត និង បានពង្រីកតំបន់អរិភាព”។

យោងតាមលោកហាជីយ៉េវ ពុំមានអគារណាមួយរងការខូចខាតទេនៅទីក្រុងមីនហ្គាឆេវៀ ប៉ុន្តែជនស៊ីវិលជាច្រើននាក់បានរងរបួស៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...