ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំបានគ្រវីដៃដាក់អ្នកគាំទ្រពីក្បួនរថយន្តមួយ កាលពីថ្ងៃអាទិត្យទី៤តុលា ក្នុងដំណើរមួយភ្លែតនៅខាងក្រៅមន្ទីរពេទ្យ កន្លែងដែលលោកកំពុងត្រូវបានព្យាបាលជំងឺកូវីដ១៩។
ដំណើរនេះបានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីប្រធានាធិបតីបានប្រកាសពី “ទស្សនកិច្ចភ្ញាក់ផ្អើល” សម្រាប់អ្នកគាំទ្រ ហើយវាហាក់ដូចជាត្រូវបានរៀបចំឡើងដើម្បីទប់កុំឱ្យគេនិយាយច្រើនអំពីសុខភាពរបស់គាត់ បន្ទាប់ពីការផ្ញើសារកាលពីចុងសប្តាហ៍ដ៏ច្របូកច្របល់និងផ្ទុយគ្នាស្រឡះពីសេតវិមាននិងក្រុមវេជ្ជសាស្ត្ររបស់ត្រាំ។
ពាក់ម៉ាស់ខ្មៅនិងគ្រវីដៃពីក្នុងរថយន្ត លោកប្រធានាធិបតីបានធ្វើដំណើរកាត់ក្រុមអ្នកគាំទ្រដែលពោរពេញដោយក្តីរីករាយ មុនពេលវិលត្រឡប់ទៅមន្ទីរពេទ្យយោធាវ៉ាល់ធឺរីដក្បែរទីក្រុងវ៉ាស៊ីនតោន។
លោកត្រាំបាននិយាយនៅក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គមធ្វីតធឺមុននោះបន្តិចថា “យើងនឹងធ្វើទស្សនកិច្ចភ្ញាក់ផ្អើលបន្តិចបន្តួចចំពោះអ្នកស្នេហាជាតិដ៏អស្ចារ្យមួយចំនួនដែលយើងមាននៅលើដងផ្លូវ។ ខ្ញុំនឹងរៀបចំការធ្វើដំណើរទស្សនកិច្ចគួរឱ្យភ្ញាក់ផ្អើលមួយ”។
លោកត្រាំ ដែលគេស្តីបន្ទោសម្តងហើយម្តងទៀតចំពោះការមិនអើពើនឹងគោលការណ៍ណែនាំសុខភាពសាធារណៈនិងការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺរាតត្បាត បានបន្ថែមថា លោកបាន “រៀនសូត្រច្រើនអំពីកូវីដ” ដោយការចូលដេកពេទ្យដោយផ្ទាល់ នៅពេលដែលលោកតស៊ូនឹងវីរុសនេះ។
លោកបានបន្ថែមថា “នេះគឺជាសាលារៀនពិតៗ។ នេះមិនមែនជាការអានសៀវភៅសាលាទេ ហើយឥឡូវខ្ញុំបានយល់ហើយ ខ្ញុំយល់ពីវាហើយ វាជារឿងគួរឱ្យចាប់អារម្មណ៍ណាស់”។
ប៉ុន្តែការសម្រេចចាកចេញពីបន្ទប់មន្ទីរពេទ្យរបស់លោកត្រូវបានការរិះគន់យ៉ាងខ្លាំងពីសហគមន៍វេជ្ជសាស្រ្តដែលបានសម្តែងការហួសចិត្តថាលោកប្រធានាធិបតីមិនបង្ខាំងខ្លួននៅដាច់ពីគេ ខណៈដែលគាត់កំពុងសម្រាកព្យាបាលជំងឺឆ្លងខ្លាំងនេះ។
លោកជែមស៍ ហ្វីលីព ប្រធានវេជ្ជសាស្ត្រគ្រាមានមហន្តរាយនៅសាកលវិទ្យាល័យចចវ៉ាស៊ីនតោន បាននិយាយថា “រថយន្ត SUV របស់ប្រធានាធិបតីមិនត្រឹមតែការពារគ្រាប់ប៉ុណ្ណោះទេ តែថែមទាំងការពារប្រឆាំងនឹងការវាយប្រហារដោយគីមីទៀតផង”។
លោកបន្តថា “ហានិភ័យនៃការចម្លងកូវីដ១៩នៅខាងក្នុងរថយន្តពិតជាមានខ្ពស់ព្រោះវាប្រាសចាកនឹងនីតិវិធីវេជ្ជសាស្ត្រ។ ការគ្មានទំនួលខុសត្រូវពិតជាអស្ចារ្យមិនគួរឱ្យជឿ។ ខ្ញុំអាណិតតែពួកភ្នាក់ងារសម្ងាត់ដែលគេបង្ខំឱ្យធ្វើដូច្នេះ”៕ ដោយ ៖ កញ្ញាដាលីស/Ha
