ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ផ្លូវសងខាងនៅមុខផ្សារស្រអែមក្នុងឃុំស្រអែមស្រុកជាំក្សាន្តជាផ្លូវដ៏សំខាន់មួយឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារនោះត្រូវបានប្រជាពលរដ្ឋមួយចំនួនបានរំលោភយកធ្វើជាកន្លែងលក់ដូរ។ដែលបញ្ហានេះបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់និងបាត់សោភ័ណ្ឌភាពតាម
ដងផ្លូវសម្រាប់អ្នកដំណើរជិតឆ្ងាយពិសេសភ្ញៀវទេសចរ។

លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងកាលពីរសៀលថ្ងៃទី៤ខែតុលាឆ្នាំ២០២០ថាៈបញ្ហានៅមុខផ្សារស្រអែមដែលប្រជាពលរដ្ឋយកចំណីផ្លូវធ្វើអាជីវកម្មលក់ដូរនោះគឺជាបញ្ហាស្មុគ្រស្មាញមួយដែលជំនាញនិងអាជ្ញាធរមូលដ្ឋានតែងតែឈឺក្បាល។ប៉ុន្តែស្របពេលដែលរង្វង់មូលស្រអែមថ្មីបានសាងសង់រួចរាល់ជាស្ថាពរនោះក្នុងនាមមន្ទីរសាធារណការខេត្តលោកបានប្តេជ្ញាចិត្តថានឹងរៀបចំរំដោះចំណីផ្លូវមុខផ្សារស្រអែមនេះឱ្យបាន។

លោក សំ លាងទ្រី បានបន្តថា តាមរយៈការផ្សព្វផ្សាយជូនដំណឹងមួយរយៈកន្លងមក ឃើញថាចាប់ពីថ្ងៃទី៣ខែតុលា ឆ្នាំ២០២០មក ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមចិញ្ចើមផ្លូវ នៅមុខផ្សារស្រអែម គាត់មានយល់ដឹងច្រើន និងបានសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរ សមត្ថកិច្ច ។ដោយស្មគ្រ័ចិត្តឈប់លក់ដូរតាមចិញ្ចើមផ្លូវនិងបានរុះរើសំណង់ដែលបានសង់រំលោភចំណីផ្លូវកន្លងមកដោយខ្លួនឯង។

លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ និងសមត្ថកិច្ចស្រុកជាំក្សាន្តដែលបានសហការជាមួយមន្ទីរសាធារណការខេត្តធ្វើការរំដោះចំណីផ្លូវនៅមុខផ្សារស្រអែមទទួលបានជោគជ័យ។លោកក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលជាអាជីវករបានសហការដោយស្ម័គ្រចិត្ត ក្នុងន័យធ្វើឱ្យផ្លូវនៅទីប្រជុំជនមុខផ្សារស្រអែម មានភាពធំទូលាយឡើងវិញ ។ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិហើយពេលនេះមន្ទីរកំពុងធ្វើការពង្រីកផ្លូវ និងកាយលូប្រអប់ដែលស្ទះដោយសំរាម។
ជាមួយគ្នានេះដែរលោក សំលាងទ្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋឈប់លក់ដូរលើចិញ្ចើមផ្លូវតទៅទៀត ។កុំសាងសង់សំណង់រំលោភលើចំណីផ្លូវនិងកុំចោលសំរាមចូលទៅក្នុងលូទឹកត្រូវចតរថយន្តឱ្យមានសណ្តាប់ធ្នាប់នៅជុំវិញរង្វង់មូលស្រអែម ពិសេសកុំរំលោភលើចំណីផ្លូវទៀត៕S/