ការបោះឆ្នោតអាម៉េរិក២០២០ ៖ តើរុស្ស៊ីចិននិងអ៊ីរ៉ង់ចង់ឱ្យនរណាឈ្នះ?

តើវិមានក្រឹមឡាំងនឹងព្យាយាម “រក្សានូវអាម៉េរិកដែលអស្ចារ្យ”? តើប៉េកាំងនឹងជ្រើសយកលោកបាយដិន?

សំណួរទាំងនេះគឺស្ថិតនៅក្នុងចិត្តរបស់សហគមន៍ស៊ើបការណ៍សម្ងាត់អាម៉េរិកនៅមុនការបោះឆ្នោតខែវិច្ឆិកា។ ការវាយតម្លៃពីមន្ត្រីជាន់ខ្ពស់មួយរូបបានព្រមានថា មហាអំណាចបរទេសដូចជារុស្ស៊ីចិននិងអ៊ីរ៉ង់នឹងប្រើ “វិធានការដាក់ឥទ្ធិពលទាំងបិទបាំងនិងបើកចំហ” ដើម្បីព្យាយាមធ្វើឱ្យអ្នកបោះឆ្នោតអាម៉េរិកងាករ៉េចិត្ត។

តាមទស្សនៈរបស់ទីភ្នាក់ងារចារកម្មអាម៉េរិក ប្រទេសទាំងបីមិនអាចមានគំនិតចង់បានអ្នកឈ្នះឆ្នោតដូចគ្នានោះទេ ព្រោះប្រទេសនីមួយសុទ្ធតែមានគោលដៅរៀងៗខ្លួន និងសមត្ថភាពរៀងៗខ្លួន។

ការវាយតម្លៃខាងចារកម្មរបស់អាម៉េរិកក៏កំពុងស្ថិតក្រោមការពិនិត្យពិច័យផងដែរ ព្រោះកាលពីពេលថ្មីៗនេះ អ្នកទម្លាយរឿងរសើបម្នាក់បានអះអាងថា គាត់ត្រូវបានគេប្រាប់ឱ្យនិយាយសម្រាលអំពីការគំរាមកំហែងដែលបង្កឡើងដោយរុស្ស៊ី ពីព្រោះបើមិនអ៊ីចឹងទេវានឹងធ្វើឱ្យប្រធានាធិបតីត្រាំមើលទៅជាមនុស្សមិនល្អ។

ដូច្នេះខណៈការបោះឆ្នោតសល់ពេលជាងមួយខែទៀតនឹងមកដល់ តើអ្នកបោះឆ្នោតអាម៉េរិកត្រូវដឹងអ្វីខ្លះ?

១. ​រុស្ស៊ី

តើខាងចារកម្មនិយាយអ្វីខ្លះ? ដូចដែលអ្នកបានដឹងហើយ ប្រទេសរុស្ស៊ីក្លាយជាប្រធានបទគេនិយាយច្រើនបំផុតនៅក្នុងការបោះឆ្នោតអាម៉េរិកឆ្នាំ ២០១៦ និង ក្រោយការបោះឆ្នោត។

និយាយឱ្យខ្លីទៅចារកម្មអាម៉េរិកជឿថារុស្ស៊ីបានព្យាយាមបង្វែរពួកបោះឆ្នោតឱ្យមកគាំទ្រលោកដូណាល់ ត្រាំ ដោយចង្អុលបង្ហាញអំពីការប្រជុំរវាងក្រុមរបស់លោកត្រាំនិងក្រុមមន្រ្តីរុស្ស៊ី ការវាយប្រហារតាមអ៊ីនធឺណេតប្រឆាំងនឹងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោកស្រីហ៊ីលឡារី គ្លីនតុននិងសមាជិកគណបក្សប្រជាធិបតេយ្យ ការដាក់គោលដៅវាយប្រហារលើទិន្នន័យមូលដ្ឋានរបស់អ្នកបោះឆ្នោតតាមរដ្ឋនីមួយៗ និង ការខិតខំប្រឹងប្រែងដើម្បីពង្រីកព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណេត។

កាលពីខែមុនគណៈកម្មាធិការមួយរបស់ព្រឹទ្ធសភាដឹកនាំដោយគណបក្សសាធារណរដ្ឋបានផ្តល់ការគាំទ្របន្ថែមទៀតដល់ទស្សនៈដែលថារុស្ស៊ីចង់ឱ្យលោកត្រាំឈ្នះ ដោយសន្និដ្ឋានថា យុទ្ធនាការរបស់ត្រាំគឺងាយស្រួលក្លាយជាគោលដៅសម្រាប់ការដាក់ឥទ្ធិពលពីបរទេស ប៉ុន្តែមិនបានលើកឡើងអ្វីសោះអំពីការចោទប្រកាន់ពីបទឃុបឃិតគ្នាលួចលាក់រវាងត្រាំនិងរុស្ស៊ី។

សម្រាប់ឆ្នាំ ២០២០ ពេលនេះគឺប្តូរពីលោកស្រីហ៊ីលឡារី គ្លីនតុនមកលោកចូ បាយដិនវិញម្តង។ នៅក្នុងអត្ថបទវាយតម្លៃរបស់គាត់ ដែលមានបំណងឱ្យសាធារណជនអាម៉េអាន ប្រធានមជ្ឈមណ្ឌលជាតិប្រឆាំងបកនឹងចារកម្មសម្ងាត់និងសន្តិសុខ (NCSC) លោកវីលៀម អ៊ីវ៉ានីណា និយាយថា រុស្ស៊ីកំពុងប្រើវិធានការជាច្រើនដើម្បីនិយាយសម្អុយឈ្មោះអតីតអនុប្រធានាធិបតីបាយដិន។

តាមទស្សនៈរបស់នាយក FBI លោក គ្រីស្តូហ្វើ រ៉េ ប្រទេសរុស្ស៊ីមិនដែលបញ្ឈប់ការជ្រៀតជ្រែកនោះឡើយ ដោយហៅកិច្ចខិតខំប្រឹងប្រែងជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតសភាឆ្នាំ ២០១៨ ថាជា “ការហាត់សមសម្រាប់ការបោះឆ្នោតធំនៅឆ្នាំ ២០២០”។

រុស្ស៊ីបានបដិសេធចោលជានិច្ចនូវការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតបរទេស។ កាលពីដើមឆ្នាំនេះអ្នកនាំពាក្យវិមានក្រឹមឡាំងបានហៅការចោទប្រកាន់អំពីការជ្រៀតជ្រែកនេះថាជា “ការប្រកាសបែបស្រមើស្រមៃ” ដែលគ្មានអ្វីជាការពិតទាល់តែសោះ។

មិនថារុស្ស៊ីចង់បានអាណត្ដិទី ២ សម្រាប់ប្រធានាធិបតីត្រាំឬអត់នោះទេ ទស្សនៈមួយទៀតតែងសម្តែងជាញឹកញាប់ដោយអ្នកវិភាគគឺថា ប្រទេសនេះមានគោលបំណងទូលំទូលាយក្នុងការធ្វើឱ្យគូប្រជែងអស្ថិរភាព ដោយការបាចសាចព័ត៌មានក្លែងក្លាយធ្វើឱ្យភ័ន្តភាំង។

ឧទាហរណ៍ជាក់ស្តែងនៅឆ្នាំនេះ ឯកសារមួយរបស់សហភាពអឺរ៉ុបបានចោទប្រកាន់ថាមានយុទ្ធនាការរបស់រុស្ស៊ីដើម្បីជំរុញព័ត៌មានក្លែងក្លាយអំពីមេរោគកូរ៉ូណាដើម្បីធ្វើឱ្យកាន់តែពិបាកសម្រាប់ប្លុកមួយនេះក្នុងការទាក់ទងគ្នាដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត។ រុស្ស៊ីបានហៅការអះអាងនេះថាគ្មានមូលដ្ឋាន។

តើបេក្ខជននីមួយៗនិយាយអ្វីខ្លះ? ថ្មីៗនេះលោក ចូ បាយដិន បានព្រមានថានឹងមាន “តម្លៃត្រូវបង់” ប្រសិនបើរុស្ស៊ីនៅតែបន្តជ្រៀតជ្រែក ដោយហៅរុស្ស៊ីថាជា “គូប្រជែង” របស់សហរដ្ឋអាម៉េរិក។

ប្រធានាធិបតីត្រាំតែងតែនិយាយសម្រាលអំពីការជ្រៀតជ្រែករបស់រុស្ស៊ីដោយធ្វើឱ្យគាត់ទាស់ទែងគ្នាជាមួយក្រុមអ្នកជំនាញចារកម្ម។

បន្ទាប់ពីកិច្ចប្រជុំកំពូលឆ្នាំ ២០១៨ ជាមួយលោកវ្ល៉ារឌីមៀ ពូទីន អ្នកកាសែតបានសួរថាតើលោកត្រាំជឿថាសហគមន៍ស៊ើបការណ៍សម្ងាត់អាម៉េរិកឬប្រធានាធិបតីរុស្ស៊ីដឹងអំពីការជ្រៀតជ្រែកនេះឬអត់ លោកត្រាំនិយាយថា “ប្រធានាធិបតីពូទីននិយាយថាវាមិនមែនជាប្រទេសរុស្ស៊ីទេ។ ខ្ញុំមិនឃើញមានហេតុផលណាមួយថាវាជារុស្ស៊ីនោះទេ”។ ក្រោយមក គាត់បាននិយាយថា គាត់និយាយច្រឡំ។

២. ចិន

តើខាងចារកម្មនិយាយអ្វីខ្លះ? មនុស្សលេចធ្លោជាច្រើននៅក្នុងរដ្ឋបាលត្រាំបានអះអាងថា ឆ្នាំនេះចិនជាការគំរាមកំហែងមិនមែនរុស្ស៊ីទេ។

អគ្គរដ្ឋអាជ្ញាលោក វីលលៀម បា និយាយថា “ខ្ញុំបានឃើញដំណឹងចារកម្មសម្ងាត់ ហើយនោះជាអ្វីដែលខ្ញុំសន្និដ្ឋាន”។ សមាជិកបក្សប្រជាធិបតេយ្យលោក អាដាម ស៊ីហ្វ ជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃសភាតំណាងរាស្ត្រ បានចោទប្រកាន់លោកបាថា “និយាយកុហក”។

នៅក្នុងការវាយតម្លៃមួយ លោកអ៊ីវ៉ានីណានិយាយថា ចារកម្មអាម៉េរិកជឿថា ប្រទេសចិនមិនចង់ឱ្យត្រាំជាប់ឆ្នោតមួយអាណត្តិទៀតទេ។

លោកនិយាយថា “ចិនកំពុងពង្រីកកិច្ចខិតខំប្រឹងប្រែងដាក់ឥទ្ធិពលរបស់ខ្លួនដើម្បីកំណត់រូបរាងនៃបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ដាក់សម្ពាធលើឥស្សរជននយោបាយដែលខ្លួនចាត់ទុកថាប្រឆាំងនឹងផលប្រយោជន៍របស់ចិន និង ប្រឆាំងជំទាស់នឹងការរិះគន់លើប្រទេសចិន”។

ការប្រើប្រាស់ពាក្យ “ឥទ្ធិពល” គឺមើលឃើញជាក់ស្តែងលើគោក។ ចិនមានមធ្យោបាយទំនើបៗដើម្បីជះឥទ្ធិពលលើមតិយោបល់ផ្សេងៗ ហើយគេមិនច្បាស់ទេថាតើចិននឹងធ្វើសកម្មភាពជ្រៅកម្រិតណា។ លោកអ៊ីវ៉ានីណានិយាយថា “ចិននឹងបន្តថ្លឹងថ្លែងរវាងហានិភ័យនិងផលប្រយោជន៍ពីសកម្មភាពដ៏ឈ្មុសឈ្មុលរបស់ខ្លួន”។

ចេតនាទាំងនោះទំនងជាពាក់ព័ន្ធនឹងការជំរុញផ្សព្វផ្សាយទស្សនៈរបស់ចិនអំពីពិភពលោក។ ថ្មីៗនេះហ្វេសប៊ុកបានបិទបណ្តាញគណនីជាច្រើន ដែលមានទំនាក់ទំនងជាមួយចិន ដែលភាគច្រើនគាំទ្ររដ្ឋាភិបាលចិន ដូចជាផលប្រយោជន៍របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

ចិនបានបដិសេធការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដោយនិយាយថាខ្លួនមិនមានការចាប់អារម្មណ៍ឬមានបំណងធ្វើដូច្នេះទេ។

តើបេក្ខជននីមួយៗនិយាយអ្វីខ្លះ? ក្នុងខែនេះលោកប្រធានាធិបតីត្រាំបានចែករំលែកតនូវអត្ថបទសំណេរមួយនៅលើវេបសាយ Breitbart របស់យុទ្ធនាការបោះឆ្នោតគាត់ ដែលមានចំណងជើងថា “ចិនហាក់គាំទ្រខាងចូ បាយដិន ក្នុងការបោះឆ្នោតប្រធានាធិបតី”។

សំដៅលើលោកហាន់ធឺ កូនប្រុសរបស់លោកចូបាយដិន លោកត្រាំបានសរសេរថា “ជាការពិត ពួកគេចង់ឱ្យបាយដិនឈ្នះឆ្នោត។ ខ្ញុំបានយកប្រាក់រាប់ពាន់លានដុល្លារពីចិន ហើយប្រគល់វាឱ្យទៅកសិករនិងរតនាគារអាម៉េរិករបស់យើង។ ចិននឹងកាន់កាប់សហរដ្ឋអាម៉េរិក ប្រសិនបើបាយដិននិងហាន់ធឺកាន់តំណែង!”។

ចំណងទាក់ទងរវាងសហរដ្ឋអាម៉េរិកនិងចិនកំពុងស្ថិតក្នុងកម្រិតទាបបំផុត ដោយកំពុងមានជម្លោះនឹងគ្នាលើអ្វីៗគ្រប់យ៉ាងរាប់ចាប់តាំងពីវីរុសកូរ៉ូណារហូតដល់ការដាក់ឱ្យប្រើច្បាប់សន្តិសុខដ៏ចម្រូងចម្រាសរបស់ចិននៅហុងកុង។

លោកចូ បាយដិនបានព្យាយាមទប់ទល់នឹងការចោទប្រកាន់ពីប្រធានាធិបតីត្រាំ ថា គាត់ទន់ភ្លន់ចំពោះចិន ដោយលោកសន្យាថានឹង “បន្តឹង” លើសិទ្ធិមនុស្សនិងបញ្ហាផ្សេងទៀត។ ទោះយ៉ាងណា ពួកប្រជាធិបតេយ្យអះអាងថានៅពេលនិយាយដល់ការបោះឆ្នោត រុស្ស៊ីជាអ្នកធ្វើសកម្មភាពគឃ្លើនជាងគេ។

៣. អ៊ីរ៉ង់

តើខាងចារកម្មនិយាយអ្វីខ្លះ? នៅក្នុងសេចក្តីថ្លែងការណ៍ លោកអ៊ីវ៉ានីណានិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ប្រឆាំងជំទាស់នឹងអាណត្តិមួយទៀតសម្រាប់លោកប្រធានាធិបតីត្រាំ ដែលខ្លួនជឿថានឹងមានការដាក់សម្ពាធជាបន្តពីសហរដ្ឋអាម៉េរិកទៅលើអ៊ីរ៉ង់នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីធ្វើឱ្យមានការផ្លាស់ប្តូររបប។

លោកនិយាយថាកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់នឹងផ្តោតលើ “ឥទ្ធិពលតាមអ៊ីនធឺណេត ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គមនិងការចែករំលែកឡើងវិញនូវខ្លឹមសារនានាប្រឆាំងអាម៉េរិក”។

គាំទ្រការចោទប្រកាន់ទាំងនេះដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក ក្រុមហ៊ុនកុំព្យូទ័រយក្ស Microsoft បាននិយាយថា ពួកហ៊ែកឃើ ដែលមានទំនាក់ទំនងជាមួយរុស្ស៊ីចិននិងអ៊ីរ៉ង់ កំពុងព្យាយាមស៊ើបការណ៍លើឥស្សរជនសំខាន់ៗដែលពាក់ព័ន្ធនឹងការបោះឆ្នោតអាម៉េរិក។

ចំពោះអ៊ីរ៉ង់ ក្រុមហ៊ុន Microsoft និយាយថា ក្រុមហ៊ែកឃើអ៊ីរ៉ង់ដែលគេស្គាល់ថា Phosphorus បានព្យាយាមបរាជ័យក្នុងការចូលទៅក្នុងគណនីរបស់មន្ត្រីសេតវិមាននិងបុគ្គលិកយុទ្ធនាការរបស់លោកត្រាំនៅចន្លោះខែឧសភានិងមិថុនាក្នុងឆ្នាំនេះ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានហៅរបាយការណ៍របស់ក្រុមហ៊ុន Microsoft ថា “គួរឱ្យអស់សំណើច”។ លោកសាអ៊ីដ ខាទីបហ្សាដេ និយាយថា “អ៊ីរ៉ង់មិនមានការព្រួយបារម្ភអំពីថាតើអ្នកណានឹងធ្វើជាប្រធានាធិបតីនៅក្នុងសេតវិមាននោះទេ”។

របាយការណ៍ស្តីពីកិច្ចប្រឹងប្រែងជះឥទ្ធិពលរបស់អ៊ីរ៉ង់នៅដើមឆ្នាំនេះពីក្រុមប្រឹក្សាអាត្លង់ទិកបានបង្ហាញថាប្រទេសអ៊ីរ៉ង់បានផ្តោតលើការលើកកម្ពស់របៀបវារៈជាតិដូចជា ការប្រឹងប្រែងរបស់ខ្លួនសម្រាប់ឧត្តមភាពក្នុងតំបន់។

របាយការណ៍នោះលើកឡើងថា “មាតិកាស្ទើរតែទាំងអស់ដែលត្រូវបានផ្សព្វផ្សាយដោយកិច្ចប្រឹងប្រែងដាក់ឥទ្ធិពលតាមឌីជីថលរបស់អ៊ីរ៉ង់គឺទាក់ទងដោយផ្ទាល់ទៅនឹងទស្សនៈពិភពលោកឬគោលបំណងនយោបាយការបរទេសជាក់លាក់”។

តើបេក្ខជននីមួយៗនិយាយអ្វីខ្លះ? អ៊ីរ៉ង់មិនលេចធ្លោអីណាស់ណាក្នុងការបោះឆ្នោតអាម៉េរិកដូចរុស្ស៊ីឬចិនទេទាំងឥទ្ធិពលនិងនយោបាយ។

ប្រធានាធិបតីដូណាល់ត្រាំបានអនុវត្តគោលនយោបាយកាចៗប្រឆាំងនឹងអ៊ីរ៉ង់ ដកអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និង បញ្ជាឱ្យសម្លាប់ឧត្តមសេនីយ៍ដ៏មានឥទ្ធិពល កាសេម សូឡីម៉ានី។

លោកចូ បាយដិន និយាយថា គោលនយោបាយនេះបានបរាជ័យ។ នៅក្នុងបទវិចារណកថារបស់លោកបាយដិនលើទូរទស្សន៍ CNN លោកនិយាយថាមាន “វិធីសាស្ត្រឆ្លាតវៃមួយដើម្បីធ្វើឱ្យតឹងរ៉ឹងលើអ៊ីរ៉ង់” ដោយសន្យាថានឹងដកចេញវិញនូវ “សកម្មភាពបង្កអស្ថិរភាព” របស់ប្រទេសនេះ ខណៈផ្តល់ជូនអ៊ីរ៉ង់នូវ “ផ្លូវឆ្ពោះទៅរកការទូត”៕ ដោយ ៖ កញ្ញាដាលីស

ប្រទេសរុស្ស៊ីចង់ឱ្យត្រាំជាប់ឆ្នោត ចំណែងចិននិងអ៊ីរ៉ង់ចង់ឱ្យបាយដិនឈ្នះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...