រដ្ឋចំនួន៩នៅសហរដ្ឋអាម៉េរិក បានរាយការណ៍ករណីឆ្លងវីរុសកូវីដ១៩កើនឡើងអស់រយៈពេល៧ថ្ងៃមកនេះ ភាគច្រើនគឺនៅតំបន់ខាងលិចនិងភាគកណ្តាលខាងលិច ដែលអាកាសធាតុត្រជាក់កំពុងបង្ខំឱ្យមានសកម្មភាពច្រើននៅក្នុងផ្ទះ។
កាលពីថ្ងៃសៅរ៍ទី០៣ខែតុលា នៅរដ្ឋចំនួន៤គឺរដ្ឋ Kentucky រដ្ឋMinnesota រដ្ឋMontana និង រដ្ឋWisconsin មានការកើនឡើងករណីឆ្លងថ្មី និងករណីឆ្លងថ្មីនៅទូទាំងប្រទេសនេះ គឺមានជិត ៤៩.០០០ នាក់ដែលជាចំនួនឆ្លងខ្ពស់បំផុតសម្រាប់មួយថ្ងៃសៅរ៍នោះ បើធៀបនឹងការឆ្លងនៅថ្ងៃសៅរ៍នៅក្នុងរយៈពេល៧ សប្តាហ៍កន្លងមក។
ករណីឆ្លងច្រើនក៏ត្រូវបានរាយការណ៍ផងដែរនៅរដ្ឋKansas រដ្ឋNebraska រដ្ឋNew Hampshire រដ្ឋSouth Dakota និងរដ្ឋWyoming កាលពីសប្តាហ៍មុន។
រដ្ឋ New York គឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១៨ ដែលករណីឆ្លងមិនបានកើនឡើងខ្លាំងអស់រយៈពេល២សប្តាហ៍កន្លងមកនេះ។
ទោះយ៉ាងនេះក្តី អភិបាលក្រុងNew York លោក Bill de Blasio បាននិយាយកាលពីថ្ងៃអាទិត្យទី៤ខែតុលា ថា លោកកំពុងត្រៀមបិទអាជីវកម្មដែលមិនសំខាន់ៗនិងសាលារៀននៅសង្កាត់ចំនួន៩ ដោយចាប់ផ្តើមបិទពីថ្ងៃពុធ។
អ្នកជំនាញផ្នែកសុខភាពបានព្រមានជាយូរមកហើយថា សីតុណ្ហភាពកាន់តែត្រជាក់ជំរុញឱ្យមនុស្សនៅក្នុងផ្ទះ និងនាំឱ្យមានការឆ្លងរីករាលដាលនៃវីរុសនេះកើនឡើង។
សហរដ្ឋអាម៉េរិក រាយការណ៍ករណីឆ្លងថ្មីចំនួន៤២.៦០០នាក់និងអ្នកស្លាប់ចំនួន៧០០នាក់គិតជាមធ្យមក្នុងមួយថ្ងៃៗ បើធៀបនឹងករណីឆ្លងចំនួន៣៥.០០០នាក់និងស្លាប់ចំនួន៨០០នាក់កាលពីពាក់កណ្តាលខែកញ្ញា៕ប្រែសម្រួល៖សុខា/sn/Ha

អ្នកជំនាញផ្នែកសុខភាពបានព្រមានជាយូរមកហើយថាសីតុណ្ហភាពកាន់តែត្រជាក់ដែលជំរុញឱ្យមនុស្សនៅក្នុងផ្ទះ អាចបង្កើនការឆ្លងរីករាលដាលនៃវីរុសនេះ