Home ព័ត៌មានជាតិ សន្តិសុខ ​តុលាការ​កាត់...

​តុលាការ​កាត់ទោស​អតីត​អគ្គនាយក​សារព័ត៌មាន TVFBនៅព្រឹកនេះ

ដោយៈ​ស​រិ​ទ្ធ+ឆាយានាថ​/​ភ្នំពេញ​៖​ លោក សុវណ្ណ រិទ្ធី អតីត​អគ្គនាយក​សារព័ត៌មាន TVFB នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើកសវនាការ​ជំនុំជម្រះ​ក្នុង​សំណុំរឿង​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។​តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​ ពាក់ព័ន្ធ​ការផ្សាយ​ព័ត៌មាន​បង្ក​ភាពចលាចល​ក្នុងសង្គម​។​សវនាការ​កំពុងតែ​ដំណើរការ ខណៈ​លទ្ធផល​យ៉ាងណា​នោះនៅ​ពុំទាន់​ដឹង​នៅឡើយ​ទេ ។​

​គួររំលឹកថា លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​លោក សុវណ្ណ រិទ្ធី អតីត​អគ្គនាយក​សារព័ត៌មាន TVFB ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការផ្សាយ​ព័ត៌មាន​បង្ក​ភាពចលាចល​ក្នុងសង្គម ។​

​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក សុវណ្ណ រិទ្ធី កាលពី​យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ ដល់ទី​ស្នាក់ការ​សារព័ត៌មាន TVFB នៅ​ខណ្ឌ​សែន​សុខ ក្រោយ​ស្ថាប័ន​មួយ​នេះ ផ្សាយ​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ និងកាត់​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួយ​ដល់​អ្នករត់ម៉ូតូឌុប នៅពេល​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ។​ជាមួយគ្នានេះ ក្រសួង​ព័ត៌មាន ក៏បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​សារព័ត៌មាន​របស់ TVFB ផងដែរ ៕S/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular