ដោយៈ រ៉ូហ្សា / ភ្នំពេញៈ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell card នាយប់ថ្ងៃទី៣ តុលា អ្នកប្រដាល់ជើងចាស់ ឡុង ខេត្ត ក្លិបខ្លារខិនមាន រិទ្ធ បានទម្លាក់ អ្នកប្រដាល់ជើងថ្មី លីន សេងហុង ក្លិបបូរីរាជសីហ៍មានរិទ្ធ មិនឲ្យមានឱកាសឡើង ទៅប្រកួតជម្រុះជុំទី២ ទៀតឡើយ ។
ការប្រកួតដែលមាន ៣ ទឹកនោះ ឡុង ខេត្ត មានប្រៀបពេញទាំង ៣ ទឹកតែម្ដង ។ សេងហុង ពិតជាក្លាហានមែន តែសមត្ថភាពរបស់គេ ទាបជាង ឡុង ខេត្ត ឆ្ងាយណាស់ គេឡើងទៅប្រកួត ប្រៀបបាននឹងឡើង ទៅធ្វើជាបាវសាក់ឲ្យ ឡុង ខេត្ត វ៉ៃតែប៉ុណ្ណោះ ។ ស្ថានភាព នៃការប្រកួត ប្រសិនបើ ឡុង ខេត្ត មានបំណងផ្ដួល សេងហុង ទឹកទី៣ គេប្រាកដជាធ្វើបាន តែគេហាក់ដូចជាបន្ធូរដៃ ឱ្យអ្នកប្រដាល់ជើងថ្មី រូបនេះ ។ ទោះជាយ៉ាងណា ក៏បន្ទាប់ពីប្រកួតគ្នា ៣ ទឹកនោះ ឡុង ខេត្ត ឈ្នះ លីន សេងហុង ដោយពិន្ទុ ។ ឡុង ខេត្ត បានទទួលកៅអី សម្រាប់ឡើងទៅប្រកួតបន្ត នៅវគ្គជម្រុះជុំទី២ ក្នុងខណៈដែល លីន សេងហុង ខ្ទាតចេញពីការប្រកួត ត្រឹមនេះ ។ ឡុង ខេត្ត គឺជាអ្នកប្រដាល់ទី៦ ហើយ ដែលប្រជែងបានកៅអី សម្រាប់ឡើងទៅប្រកួតបន្ត វគ្គជម្រុះជុំទី២ រីឯ លីន សេងហុង ក៏ជាអ្នកប្រដាល់ទី៦ ដែរ ដែលបានខ្ទាតចេញ ពីការប្រកួត ។

ចំពោះការប្រកួត ក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះ អ្នកប្រដាល់ ថាន់ ប៊ុនរ៉ុង ក្លិបកងយោធពលខេមរភូមិន្ទ បានយកឈ្នះអ្នកប្រដាល់ កណ្ដាប់ដៃធ្ងន់ មាឃ សុវណ្ណារ៉ា ក្លិបតាឡីដំរីមានរិទ្ធ ដោយពិន្ទុ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ ប៊ុនរ៉ុង ជាអ្នកប្រដាល់ជើងថ្មី ក៏ពិតមែន តែគេមានផ្លែវ៉ៃល្អ មានប្លង់វ៉ៃច្បាស់លាស់ ខុសពីសុវណ្ណារ៉ា ដែលមានតែកណ្ដាប់ដៃ ក្រៅពីកណ្ដាប់ដៃ គេមិនមានអ្វីពិសេសឡើយ ។ ការប្រកួតនេះ ប៊ុនរ៉ុង ជាអ្នកបានទទួលជ័យជំនះមែន តែគេក៏ទក់សាច់ មិនស្ទើរដែរទេ ។
អ្នកប្រដាល់ជើងចាស់ អ៊ុង កំសត់ ក្លិបព្រៃទទឹងកីឡា ខេត្តបាត់ដំបង ប្រកួតចាញ់អ្នកប្រដាល់ជើងថ្មី ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ឈ្នោះ ថៃ រ៉េត ដោយពិន្ទុ។ កំសត់ ជាអ្នកប្រដាល់ ដែលមានជង្គង់ និង កែងរហ័ស តែពេលជួបជាមួយ ថៃ រ៉េត គេហាក់ដូចជា បញ្ចេញអាវុធមិនរួចទៅវិញ ។ ការវ៉ៃចេញរបស់គេ ជាប់របាំងការពារ របស់ ថៃ រ៉េត រហូត ចំពោះការវ៉ៃចេញរបស់ ថៃ រ៉េត ភាគច្រើន ចំគោលដៅបានល្អ ។ ជំនួបរវាងអ្នកប្រដាល់ ទាំង ២ រូបនេះ ពិតជាតឹងតែង តែស្ថានភាពនៃ ការប្រកួតទាំង ៥ ទឹកគឺ ថៃ រ៉េត មានប្រៀបស្ទើរតែពេញទាំង ៥ ទឹកតែម្ដង ។ ប្រកួតចប់ទឹកទី៥ ថៃ រ៉េត ជាអ្នកបានទទួលជ័យជំនះ លើ អ៊ុង កំសត់ ដោយពិន្ទុ ។
ប៊ន ពន្លឹក ក្លិបនាគរាជចតុមុខ បានយកឈ្នះអ្នកប្រដាល់ ឡុក ប៊ុនសំណាង ក្លិបកងយោពលខេមរភូមិន្ទ ដោយពិន្ទុ ដាច់តែម្ដង បន្ទាប់ពីប្រកួតគ្នា ៥ ទឹក ពេញមកនោះ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម ។ សំណាង ត្រូវអាជ្ញាកណ្ដាល រាប់ ៨ នៅក្នុងទឹកទី២ តែទោះជាយ៉ាង
ណា ក៏គេតស៊ូរហូតចប់ទឹកទី៥ ។ សំណាង ត្រូវអាជ្ញាកណ្ដាល រាប់ ៨ មែន តែគេក៏ធ្វើឲ្យពន្លឹក វេទនាមិនស្ទើរដែរទេ ។ បន្ទាប់ពីប្រកួតចប់ទឹកទី៥ ប៊ន ពន្លឹក បានទទួលជ័យជំនះលើ ឡុក ប៊ុនសំណាង ដោយពិន្ទុ ៕/V

