មនុស្សរាប់ម៉ឺននាក់បានដើរតវ៉ាកាត់តាមកណ្តាលរដ្ឋធានីមីនស្គ៍(Minsk) ប្រទេសបេឡារុស កាលពីថ្ងៃអាទិត្យទី០៤ខែតុលា ដើម្បីទាមទារឱ្យក្រុមអាជ្ញាធរដោះលែងក្រុមអ្នកទោសនយោបាយតែត្រូវប៉ូលិសបង្ក្រាបដោយបាញ់ទឹកលើពួកគេ។
ការហែក្បួនតវ៉ានេះគឺជាការប្រមូលផ្តុំតវ៉ាចុងក្រោយបំផុតនៅប្រទេសបេឡារុសចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃទី៩ខែសីហា ដែល ប្រធានាធិបតី លោក អាឡិកសាន់ឌ័រ លូកាសេនកូ(Alexander Lukashenko)បានអះអាងជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។ គូប្រជែងរបស់លោកនិយាយថា វាជាការបោះឆ្នោតក្លែងបន្លំដែលធ្វើឱ្យលោកឡើងកាន់អំណាច អាណត្ដិទី ៦ ។
បណ្តាញព័ត៌មានNexta បាននិយាយមនុស្សជាង ១០០.០០០នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីមីនស្គ៍។
ហ្វូងមនុស្សដែលគ្រវីទង់ពណ៌សជាមួយឆ្នូតក្រហមដែលបានក្លាយជានិមិត្តរូបរបស់ក្រុមអ្នកប្រឆាំងបេឡារុសបានដើរក្បួនតវ៉ាជាមួយនឹងការវាយស្គរឆ្ពោះទៅកាន់មណ្ឌលឃុំឃាំង ហើយរូបភាពនិងវីដេអូនៃសកម្មភាពតវ៉ានេះបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។
ហ្វូងមនុស្សតវ៉ាបានស្រែកនៅមជ្ឈមណ្ឌលឃុំឃាំងOkrestina ជាកន្លែងដែលក្រុមបាតុករមួយចំនួននិងគូប្រជែងរបស់ លោក អាឡិកសាន់ឌ័រ លូកាសេនកូ ត្រូវបានឃុំឃាំង។ លោក លូកាសេនកូកំពុងតស៊ូដើម្បីទប់ទល់នឹងការតវ៉ានៅតាមដងផ្លូវអស់រយៈពេលជិត២ខែដែលបង្កបញ្ហាប្រឈមធំបំផុតចំពោះការគ្រប់គ្រងអំណាចអស់រយៈពេល២៦ឆ្នាំរបស់លោក មកនេះ។
មនុស្សជាង ១៣.០០០នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមក មនុស្សមួយចំនួនត្រូវបានដោះលែងនៅពេលដែលឥស្សរជនអ្នកប្រឆាំងសំខាន់ៗច្រើននាក់ ត្រូវបានចាប់ដាក់គុកឬនិរទេសខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន Interfaxបានរាយការណ៍ថាប៉ូលិសបេឡារុសកាលពីថ្ងៃអាទិត្យ បានប្រើប្រាស់កាណុងបាញ់ទឹកបាញ់ដើម្បីបាញ់បំបែកក្រុមអ្នកតវ៉ានិងបានចាប់ខ្លួនក្រុមអ្នកតវ៉ាជាច្រើននាក់។ប៉ូលិសប្រដាប់ដោយអាវុធ ពាក់មួកសុវត្ថិភានិង កាន់ដំបង បានបិទផ្លូវនៅនៅកណ្តាលរដ្ឋធានីមីនស្គ៍ ខណៈដែលស្ថានីយរថភ្លើងមួយចំនួន បានបិទជាបណ្តោះអាសន្ន។
ក្រុមអាជ្ញាធរបានបញ្ជាឱ្យបន្ថយល្បឿនប្រព័ន្ធអ៊ីនធឺណែតជាបណ្តោះអាសន្នដែលត្រូវបានបើក ឡើងវិញកាលពីល្ងាចថ្ងៃអាទិត្យ។
ទីក្រុងផ្សេងទៀតនៅបេឡារុសក៏បានធ្វើការតវ៉ាផងដែរប្រឆាំងលោក អាឡិកសាន់ឌ័រ លូកាសេនកូកាលពីថ្ងៃអាទិត្យ។
វិបត្តិនយោបាយនៅបេឡារុសបានបង្កឱ្យមានផលវិបាកច្រើនសម្រាប់រដ្ឋាភិបាលក្រុងមីនស្គ៍និងរដ្ឋាភិបាលក្រុងមូស្គូដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
សហគមន៍អឺរ៉ុប និងសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់បេឡារុសជាច្រើននាក់ហើយ ការដាក់ទណ្ឌកម្មនេះ បានធ្វើឱ្យ លោក អាឡិកសាន់ឌ័រ លូកាសេនកូ មានកំហឹងខ្លាំង។
វិបត្តិនេះក៏បាននាំឱ្យមានលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងរដ្ឋាភិបាលក្រុងម៉ូស្គូប្រសិនបើរដ្ឋាភិបាលក្រុងម៉ូស្គូ ជួយ លោក អាឡិកសាន់ឌ័រ លូកាសេនកូ៕ប្រែសម្រួល៖សុខា/sn

ប៉ូលិសបាញ់ទឹកលើក្រុមអ្នកតវ៉ា