Home ព័ត៌មានជាតិ សង្គម ទឹកស្ទឹងនៅក្ន...

ទឹកស្ទឹងនៅក្នុងខេត្តពោធិ៍សាត់ ចាប់ផ្ដើមស្រកវិញហើយ នៅថ្ងៃនេះ

ដោយៈរិទ្ធិសែន/ពោធិ៍សាត់: ស្ថានភាពទឹកស្ទឹង ក្រុងពោធិ៍សាត់ បានចាប់ផ្តើមស្រកចុះ ០,១៤ ម៉ែត្រ លើកម្ពស់ ៥,២០ ម៉ែត្រ ខណៈកម្ពស់ទឹក ត្រូវបានប្រកាសអាសន្ន ៥ ម៉ែត្រ ហើយនឹងឈានទៅរក លក្ខណៈធម្មតាវិញ នាល្ងាចថ្ងៃនេះ ។ នេះបើយោងតាម ការបញ្ជាក់ឱ្យដឹង ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ២និង៣៨នាទី រសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ។

ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្ន មានកម្ពស់ ៥,០៦ ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៥ ម៉ែត្រ ស្ទឹងក្រវាញ មានកម្ពស់ ៣,៤០ ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៦ ម៉ែត្រ និងស្ទឹងវាលវែង មានកម្ពស់ ១,២៧ ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ១០ ម៉ែត្រ ។

ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្ទឹងក្រវាញ (ស្ទឹងអារ៉ៃ) ចាប់ផ្តើមស្រក ០,៧៨ ម៉ែត្រ ដោយឡែក ស្ទឹងក្រុងពោធិ៍សាត់ ចាប់ផ្តើមស្រកបាន ០,១៤ ម៉ែត្រ លើកម្ពស់ ៥,២០ ម៉ែត្រ។

គួររំលឹកផងដែរថា នៅល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកស្ទឹង ពោធិ៍សាត់ មានកម្ពស់ទឹក កើនឡើង ក្នុងកម្រិតប្រកាសអាសន្ន ជាលើកទី២ ក្រោយពីទទួលឥទ្ធិពល ប្រព័ន្ធសម្ពាធទាប ពីសមុទ្រចិនខាងត្បូង បង្កឱ្យមានជំនន់ទឹកភ្លៀង ធ្លាក់ជាបន្តបន្ទាប់ ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និង ស្ទឹងធំ មានកម្រិតខ្ពស់ មកលើដងស្ទឹងពោធិ៍សាត់ ។

ក្នុងសេចក្តីជូនដំណឹងនោះ បានឱ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈ ការពារគ្រោះធម្មជាតិ ទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមាន ក្នុងខេត្តពោធិ៍សាត់ សូមអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និង ស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀស ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular