លោក​កឹម សុខា ដឹកនាំ​ក្រុមតំណាងរាស្ត្រ​ជាង​៣០​នាក់​ទៅ​ជួប​លោក​សម រង្ស៊ី​

1080
ចែករម្លែក

(​ភ្នំពេញ​)៖​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា អោយដឹងថា លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​​ដឹកនាំ​ក្រុមតំណាងរាស្ត្រ​ជាង​៣០​នាក់ ចេញទៅ​ប្រទេស​ថៃ រួច​បន្តទៅ​ប្រទេស​បារាំង ដើម្បី​ជួប​លោក​សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​នៅ​ប្រទេស​ហុងកុង​ពាក់ព័ន្ធ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​និង​ជាពិសេស​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​។​

​ជាមួយគ្នានេះ នៅពេល​ត្រឡប់​មកពី​ជួប​លោក​សម រង្ស៊ី ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៥៥​រូប គ្រោង​នឹងធ្វើ​លិខិត​ផ្ញើ​ទៅកាន់​ព្រះមហាក្សត្រ នៅពេល​ខាងមុខនេះ ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះអង្គ​កុំ​ឲ្យ​ឡាយ​ព្រហស្ថ​លេខា​លើ​វិសោធនកម្ម​ច្បាប់ ស្តីពី​គណ​បក្សនយោបាយ ដែល​ស្នើឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​រដ្ឋសភា​អនុម័ត​រួច​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ហើយ​បាន​ទៅ​ដល់ដៃ​ព្រឹទ្ធសភា​ហើយ​នៅ​ព្រឹក​ថ្ងៃទី ១២ ខែកក្កដា​។​

​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង បាន​ទម្លាយ​ឲ្យ​ដឹង​ទៀតថា លោកស្រី មូរ សុខ​ហួរ បានចេញ​ចាក​ពី​កម្ពុជា ទៅកាន់​ទីក្រុង​ហុងកុង នៅ​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា​នេះ​តាម​ជើង​ហោះ ចំណែក​លោក សុន ឆ័យ ក៏បាន​ចាក​ចេញពី​កម្ពុជា​ផងដែរ​។​

​សូម​ជំរាប​ថា កាលពី​ម្សិលមិញ លោក កឹម សុខា ចាក​ចេញពី​ប្រទេស​ថៃ ទៅ​ជួបពិភាក្សា​កិច្ចការ​សំងាត់​ជាមួយ​ទណ្ឌិត សម រង្ស៊ី​នៅ​ទីក្រុង​​ហុងកុង​នា​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ ជាមួយ​មន្ត្រី​មួយចំនួនទៀត​។ ហើយ​ការជួប​នេះ ទំនង​អាចជា​ឱកាស​ចុងក្រោយ​ហើយ មុនពេល​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី​ចូល​ជា​ធរមាន នាពេល​ឆាប់ៗ​នេះ​៕ ​ដោយ ៖មុនី​រ័ត្ន​-​វាសនា

​លោក​កឹម សុខា ចេញទៅ​បរទេស​កាលពីពេល​កន្លងមក​(រូប៖វេបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម