ដោយៈ បូរិន/ភ្នំពេញៈ លោកស្រីឧកញ៉ា ណារួម ហៅម៉ែរួយ អគ្គនាយិកាក្រុមហ៊ុនរួយអ៉ីនហ្វីនីធី ខូអិលធីឌី កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ មានភ័ព្វសំណាងខ្ពស់ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ដែលជាគ្រឿងឥស្សរិយយសលំដាប់ខ្ពស់ថ្នាក់ទី២ របស់ជាតិ ។

លោកស្រីឧកញ៉ាបានទទួលការប្រោសព្រះរាជប្រទានដោយផ្ទាល់ព្រះហស្ថ ពីព្រះករុណា ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបុណ្យសម្ពោធ “ប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្រ សីហមុនី” នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមរំលឹកថា ម៉ែរួយ ចាប់ផ្តើមជាអ្នកជំនួញវ័យក្មេងពីមនុស្សធម្មតាឡើងជាមនុស្សល្បីលើ បណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ក្នុងប្រទេសហើយទទួលគាំទ្រខ្លាំង ជាតារាហ្វេសប៊ុកលេចធ្លោក្នុងចំណោមអ្នកលក់តាមអនឡាញជាច្រើន៕





