ដោយៈវ៉ៃកូ/ស្វាយរៀងៈ បុរសម្នាក់ បានបើកម៉ូតូ ក្នុងល្បឿនលឿនពេក ក៏បានធ្លាក់ចូល ក្នុងការដ្ឋានសាងសង់ស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង ៦និង២០នាទី ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវប្រឡាយមេ ១ខ្សែ ត្រង់ចំណុចភូមិ ត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល។

សមត្ថកិច្ចនគរបាល ស្រុករំដួល បានឲ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ សូ វ៉េត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអណ្ដូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខេត្ត ស្វាយរៀង (ស្លាប់) ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1A 4026 បាននបើកម៉ូតូ ក្នុងល្បឿនលឿន ហើយក៏ធ្លាក់ចូល ក្នុងការដ្ឋានសាងសង់ស្ពាន បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថាៈ បុរសដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពី បើកបរលឿនពេកចាប់ហ្វ្រាំងមិនជាប់ ក៏ធ្លាក់ចូលក្នុងការដ្ឋាន បណ្ដាលឱ្យស្លាប់តែម្ដង។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។ ចំណែក ម៉ូតូក្រុមគ្រួសារ សំណូមពរ យកទៅជួសជុល ដើម្បីប្រើប្រាស់វិញ៕S/
