ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្ត ដោយមានការចូលរួមពីលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានអនុញ្ញាតឲ្យតំណាងអាជីវករ ៥នាក់ ចូលជួបពិភាក្សា ករណីភ្លើងឆេះតូប នៅផ្សារណាត់ បាត់ដំបង នៅបន្ទប់ប្រជុំរបស់ លោកអភិបាលខេត្ត។
តំណាងអាជីវករម្នាក់ បានលើកសំណូមពរចំនួន ៧ ចំណុច ដើម្បីឲ្យលោកអភិបាល ខេត្ត ជួយដោះស្រាយ ពន្យារការបង់ថ្លៃផ្សារផ្សេងៗ ដល់គណៈកម្មការ ផ្សារណាត់ ចំនួន ៥ ឆ្នាំគឺៈ ទី១.សុំកុំឲ្យយកថ្លៃជួលតូប ចំនួន៥ឆ្នាំ, ទី២.សុំជួយជួសជុលផ្សារឲ្យស្អាត ដូចផ្សារទំនើប, ទី៣. សុំកុំឲ្យយកភាស៊ីផ្សារ ៥ ឆ្នាំ , ទី៤.កុំយកថ្លៃទឹក ភ្លើងអគ្គិសនី ៥ ឆ្នាំ, ទី៥.កុំឲ្យយកថ្លៃសន្តិសុខ ៥ ឆ្នាំ , ទី៦. សូមដាក់មេក្រូ ឬ ស៊ីរ៉ែន សម្រាប់ប្រកាសអាសន្ន និងទី៧ សុំពន្យារការបង់ការប្រាក់ ដល់ធនាគារ ៥ ឆ្នាំ ។

អាជីវករខ្លះទៀត សុំឲ្យរៀបចំផ្សារណាត់ ទៅជាផ្សារទំនើប បញ្ហាសណ្តាប់ធ្នាប់ កុំឲ្យអ្នកលក់ដាក់ឥវ៉ាន់ ហួសតូប បើដាក់ហូស សុំឲ្យសន្តិសុខ យករទេះមកលើក ទៅកន្លែងគណៈកម្មការ ផាកពិន័យ និងសុំឲ្យគណៈកម្មការផ្សារ ត្រូវមានបំពង់ពន្លត់អគ្គិភ័យ ប្រចាំឲ្យបានច្រើនបំពង់។
ក្នុងនោះ លោក អភិបាលខេត្ត បានលើកឡើងថាៈ រដ្ខបាលខេត្ត សូមចូលរួមសោកស្តាយ ចំពោះអគ្គិភ័យ ដែលឆេះតូបរបស់បងប្អូន កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ដោយឆេះអស់ទាំងស្រុង ៣៣ តូប និងប៉ះពាល់ជាង ៤០ តូប ។ កន្លងមក មិនមែនមានតែខេត្តយើងទេ ដែលភ្លើងឆេះផ្សារ មានដូចជា ខេត្តក្រចេះ តាកែវ ពោធិសាត់ ផ្សារស្ទឹងមានជ័យ ជាដើម គឺត្រូវបានរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានជូយថវិកា ឲ្យសាងសង់ឡើងវិញ។

ចំពោះសំណូមពរ ដែលតំណាងអាជីវករ លើកឡើង មិនឲ្យយកថ្លៃជួលតូប ថ្លៃភាស៊ី សន្តិសុខ និងភ្លើងអគ្គសនី ៥ ឆ្នាំនោះ លោកងួន រតនៈ បានបញ្ជាក់ថាៈ គឺហួសសមត្ថភាពរបស់ខេត្ត ប៉ុន្តែរដ្ឋបាលខេត្ត ធ្វើសំណើទៅរាជរដ្ឋាភិបាល ទៅក្រសួងមហាផ្ទៃ ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចហើយ ។ ចំពោះបញ្ហាភាស៊ី បញ្ហាសន្តិសុខ យាមផ្សារ បញ្ហាភ្លើងអគ្គិសនី គឺយើងទាំងអស់គ្នា ត្រូវបង់ជូគណ:កម្មការផ្សារ ទើបផ្សារអាចដំណើរការបាន។ ចំណែកសុំឲ្យធ្វើផ្សារ ទៅជាផ្សារទំនើប មិនអាចទៅរួចទេ ព្រោះផ្សារយើង មានជាង ៥០០ តូប។ បើធ្វើជាផ្សារទំនើប គឺត្រូវមានតែ ២០០ តូបចុះជាង ៣០០ តូបទៀត គេសុខចិត្តឬទេ ។
បញ្ហាដាក់មេក្រូ ឬស៊ីរ៉ែន អាចដាក់បាន ហើយសុំឲ្យអាជីវករ គោរពតាមបម្រាម របស់គណៈកម្មការផ្សារ បានឬទេ ដូចជាឲ្យចូលលក់ម៉ោង ៧ ព្រឹក ចេញម៉ោង ៦ ល្ងាចជាដើម មិនមានអ្នកណា ធ្វើបានទេ ។ ចំពោះបញ្ហារៀបចំសណ្តាប់ធ្នាប់ មិនឲ្យអាជីវករលក់ លើសពីតូប ទុកផ្លូវដើរ ឲ្យអ្នកដើរចេញ ចូល បានស្រួល គឺរដ្ឋបាលខេត្តយល់ស្របតាម តែខ្លាចតែអាជីវករវិញទេ ដែលអនុវត្តមិនបាន។ ចំពោះបញ្ហាសណ្តាប់ធ្នាប់នេះ រដ្ឋបាលខេត្ត នឹងកោះហៅអាជីវករទាំងអស់ មកប្រជុំនៅអគារធំ នៅថ្ងៃណា មិនខាន៕/V