ដោយៈ ជា សីហៈ / ភ្នំពេញៈ ប្រធានបទ នៃទិវាគ្រូបង្រៀនពិភពលោ នាឆ្នាំនេះ អង្គការយូណេស្កូ បានផ្តោតសំខាន់នៅលើ ប្រធានបទ “ គ្រូវ័យឆ្លាត សម្រាប់ការអប់រំ ឌីជីថល” និង ផលប៉ះពាល់លើ វិស័យអប់រំ ដែលបណ្តាលមក ពីការរីករាលដាល នៃមេរោគកូវីដ ១៩ ។
អង្គការយូណេស្កូ បានអះអាងថាៈ វិស័យអប់រំនៅកម្ពុជា គឺជាវិស័យមួយ ដែលរងផលប៉ះពាល់ ដោយការរាតត្បាត នៃជំងឺកូវីដ-១៩ ។
យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅថ្ងៃទី៥ តុលា នេះ យូណេស្កូ បាននិយាយថាៈ មេរោគកូវីដ- ១៩ បានបង្កការប៉ះពាល់ ដល់អ្នកសិក្សាជិត ១,៦ ពាន់លាននាក់ និងបុគ្គលិកសិក្សាគ្រប់កម្រិត តាំងពីគ្រូបឋមដល់ អនុវិទ្យាល័យ ចំនួន ៦៣ លាននាក់ នៅក្នុងប្រទេសជាង ១៩០ រួមទាំងប្រទេសកម្ពុជា ផងដែរ។
អង្គការយូណេស្កូ បានអះអាងថាៈ សម្រាប់ប្រទេសកម្ពុជា តែមួយមានបុគ្គលិកសិក្សា ចំនួន ១១៣ ០០០ នាក់ ក្នុងនោះ មានគ្រូចំនួន ៩៣ ២២៥ នាក់ បានរងគ្រោះ។
បន្ទាប់ពីការបិទសាលារៀន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ និងការចាប់ផ្តើមកម្មវិធីអប់រំ ពីចម្ងាយរបស់ក្រសួង អប់រំ យុវជន និងកីឡា គ្រូបង្រៀន នៅកម្ពុជា បានក្លាយជាអ្នក ដែលកំពុងតែ ប្រឈមនឹងបញ្ហា។
ក្នុងរយៈពេលខ្លីបំផុត គ្រូបង្រៀន ដែលជាបុគ្គលិកជួរមុខ នៃវិស័យអប់រំ ត្រូវប្រកាន់ខ្ជាប់ នូវវិធីសាស្ត្រថ្មី នៃការបង្រៀន និងការរៀនសូត្រ ដោយដាក់បញ្ចូល វិធីសាស្ត្ររៀន ពីចម្ងាយ ទៅក្នុងការអនុវត្តការងារអប់រំ របស់ពួកគេ និងការចុះទៅដល់ផ្ទះ របស់សិស្ស ដើម្បីធានាថា ពួកគេ នឹងអាចបន្តការសិក្សាបាន ៕/V
