ដោយៈមុនីរ័ត្ន/ភ្នំពេញៈអ្នកនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ថាៈមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន១.២០០នាក់បាននឹងកំពុងបំពេញតួនាទីជាឆ្មាំព្រៃការពារនិងអភរិក្សធនធានធម្មជាតិនិងបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។

កម្ពុជាដែលបច្ចុប្បន្ននេះមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៦ កន្លែង ។ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព និងតំបន់រ៉ាមសារដែលមានផ្ទៃដីសរុប៧,៣លានហិកាស្មើប្រមាណ៤១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
ទាក់ទងនឹងតំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរីលោកនេត្រភក្ត្រារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា មានចំនួន ៦កន្លែង មានផ្ទៃដីសរុបប្រមាណ១លានហិកតា ។ក្នុងនោះរួមមានដែនជម្រកសត្វព្រៃកែវសីមាដែនជម្រកសត្វព្រៃស្រែពកដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឥសាន។

នៅក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ មន្ទិរបរិស្ថានមានមន្ត្រីឧទ្យា នុរក្សសរុបចំនួន ១០៤ នាក់ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។ មន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត ។ដោយក្នុងនោះមានទាំងវិធីសាស្ត្រថ្មិរជើង ម៉ូតូ និងរថយន្ត និងមានការប្រមូលទិន្នន័យព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដោយមានកាគាំទ្របច្ចេកទេសពីអង្គការដៃគូដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ WCS ជាដើម។

ការចុះល្បាតក៏មានការសហការចូលរួមពីកម្លាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធនិងកម្លាំងប្រជាសហគមន៍តំបន់ការពារធម្មជាតិចូលរួមសហកាដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្ក្រាបទល្មើស។លោកបានលើកឡើងថាដោយការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបទល្មើសធនធានធម្មជាតិទ្រុងទ្រាយធំលែងកើតមានទៀតហើយតែនៅសល់បទល្មើសទ្រុងទ្រាយតូចដែលចាំបាច់សមត្ថកិច្ចជំនាញត្រូវបន្តខិតខំបន្ថែមទៀតដើម្បីទប់ស្កាត់និងបង្ក្រាបដើម្បីថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែលកម្ពុជាមាន។

ដោយសារតែកត្តាសុខសន្តិភាពកំណើនសេដ្ឋកិច្ចទើបបានផ្តល់ឱកាសដល់កម្ពុជាមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីការពារនិងអភិរក្សធនធានធម្មជាតិគ្រប់ជ្រុងជ្រោយ។រហូតមកទល់ពេលនេះបានធ្វើឱ្យការការពារនិងអភិរក្សធនធានធម្មជាតិកាន់តែមានភាពល្អប្រសើរដែលធ្វើឱ្យតំបន់ការពារធម្មជាតិខ្លះត្រូវបានវាយតម្លៃថាមានសុវត្ថិភាព។ឈានដល់ការលក់ឥណទានកាបូនទៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្នុងនោះក៏មានដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីដែលបានលក់ឥណទានកាបូនតាំងពីឆ្នាំ ២០១៦ មក។

យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅក្នុងរយៈពេល ៩ ខែឆ្នាំ២០២០មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិចំនួន២៩៩៥ លើកដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន១៥២៨ករណី។ដែលក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៨៤ ករណី ពិន័យអន្តរការណ៍ចំនួន ២៦ ករណី រឹបអូសរណាយន្តបានចំនួន ៣៦៤គ្រឿង ចាប់ឃាត់រថយនកតចំនួន ៣៤គ្រឿង ដោះអន្ទាក់ចម្រុះ សរុបចំនួន ២.៩៥៧ខ្សែ៕S/


រូបថតលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
វត្ថុតាងដែលដកហូតពីជនល្មើស