ដោយៈមុនីរ័ត្ន/ភ្នំពេញៈដោយសារក្នុងពេលថ្មីៗនេះមានការបកស្រាយដោយភ័ន្តច្រលំតាមបណ្ដាញសារព័ត៌មានខ្លះអំពីការផ្លាស់ប្ដូរទីតាំងទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ ជ សស)។អគ្គលេខាធិការដ្ឋាននៃគ.ជ.សបានធ្វើការជូនដំណឹងនិងបំភ្លឺដល់សាធារណជនក៏ដូចជាមជ្ឈដ្ឋានជាតិនិងអន្តរជាតិឱ្យបានជ្រាបដូចតទៅ:
ចាប់តាំងពីឆ្នាំ២០១០ទីបញ្ជាការជួរមុខដែលជាអង្គភាពប្រតិបត្តិការអនុវត្តច្បាប់ចម្រុះស្ថាប័នបានរៀបចំទីបញ្ជាការរបស់ខ្លួនដោយស្នើសុំផ្នែកតូចមួយរបស់មូលដ្ឋានសមុទ្ររាមនៃកងទ័ពជើងទឹកជាទីតាំងបណ្តោះអាសន្ន។ស្ថិតក្រោមកម្មវិធីនៃកិច្ចសហប្រតិបត្តិការយោធាជាមួយ ប្រទេសជាដៃគូមួយចំនួន សហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលី។បានផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនិងការហ្វឹកហ្វឺន ដល់ទីបញ្ជាការជួរមុខ។ តែទោះជាដូច្នេះក្តី ដំណើរការនៃ កិច្ចប្រតិបត្តិការរបស់ទីបញ្ជាការជួរមុខ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលចម្រុះគឺជោគជ័យនិងការលំបាកដែលតម្រូវឲ្យមានការគិតគូរអំពីការផ្លាស់ប្តូរទីតាំង។

ផ្អែកលើទស្សនៈនេះ អគ្គលេខាធិការដ្ឋាន គ ជ ស ស បានធ្វើការសិក្សាអំពីគម្រោងនៃការ ផ្លាស់ប្តូរទីតាំងនេះយ៉ាងល្អិតល្អន់ ចាប់តាំងពីចុងឆ្នាំ២០១៧ តរៀងមក ។ អនុលោមតាមភាពចាំបាច់ និងស្មារតីសហប្រតិបត្តិការ អគ្គលេខាធិការដ្ឋានក៏បានធ្វើការជូនដំណឹង និងពន្យល់អំពីហេតុផល ដល់ប្រទេសជាដៃគូ ជាពិសេសសហរដ្ឋអាមេរិក អំពីផែនការផ្លាស់ប្តូរទីតាំងនេះ ហើយក៏ពុំបាន ទទួលនូវការជំទាស់ចិត្តទៅការណាមួយចំពោះការផ្លាស់ប្ដូរនេះដែរ។

ការផ្លាស់ប្តូរទីតាំង ទីបញ្ជាការជួរមុខនេះ អនុលោមទៅតាមហេតុផលសំខាន់ៗមួយចំនួនដូចតទៅ៖ ទីតាំងទីបញ្ជាការជួរមុខបច្ចុប្បន្ន ស្នាក់អាស្រ័យក្នុងបរិវេណមូលដ្ឋានកងទ័ពជើងទឹក មានទំហំតូច ធ្វើឲ្យប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការចម្រុះស្ថាប័នមានកម្រិតនិងជួបការលំបាក។ឧទាហរណ៍ជាក់ស្តែងគឺទីតាំងនេះពុំមានផែសម្រាប់ចតនាវាពុំអាចពង្រីករចនាសម្ព័ន្ធតទៅទៀតបាននិងមានការលំបាកសម្រាប់បុគ្គលិកមកពីស្ថាប័ន ស៊ីវិលនានា ក្នុងការចេញចូលក្នុងទីតាំងយោធា ដែលតម្រូវឲ្យមានការរឹតត្បិតផ្នែក សន្តិសុខ។
ទីបញ្ជាការជួរមុខត្រូវការចាំបាច់នូវទីតាំងសមស្របមួយដែលប្រកបដោយភាពឯករាជ្យក្នុងឋានៈជាស្ថាប័នជាតិ ងាយស្រួលក្នុងការចេញប្រតិបត្តិការ ការធ្វើអន្ត រាគមន៍ និងការជួយសង្គ្រោះ។ លើសពីនេះ ទីបញ្ជាការជួរមុខ ត្រូវការពង្រីក និង អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ទាំងក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពនៃកិច្ច ប្រតិបត្តិការ ដែលកិច្ចការនេះ ពុំអាចធ្វើបាន សម្រាប់ទីតាំងដែលនៅក្នុងមូលដ្ឋាន សមុទ្ររាម។

ដូច្នេះ នៅលើកោះព្រាប ដែលជាទីតាំងថ្មី មានអំណោយផលសម្រាប់ដោះស្រាយ ការលំបាក ដូចបានពោលខាងដើម។ អគ្គលេខាធិការដ្ឋាន គ ជ ស ស កំពុង ដំណើរការសាងសង់ទីបញ្ជាការជួរមុខ នៅលើកោះព្រាបមានទំហំធំនិងចំនួនអាគារច្រើនជាងមុនតែខិតខំជៀសវាងមិនឲ្យមានការបាត់បង់នូវសមិទ្ធិផល ដែល ប្រទេសជាដៃគូ បានផ្តល់ឲ្យផងដែរ។
ទីតាំងថ្មី របស់ទីបញ្ជាការជួរមុខ នឹងជួយសម្រួល និងបង្កើនប្រសិទ្ធិភាពប្រតិបត្តិការ ដោយមានការសាងសង់ផែសម្រាប់ចតនាវាផ្តល់ភាពងាយស្រួលនៅក្នុងទំនាក់ទំនងរវាងស្ថាប័នជាតិនានាដែលពាក់ព័ន្ធព្រមទាំងឯករាជ្យភាពសម្រាប់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងកិច្ចសហប្រតិ បត្តិការជាមួយដៃគូអន្តរជាតិ តទៅថ្ងៃអនាគត។

អគ្គលេខាធិការដ្ឋាន គ ជ ស ស នៅតែប្រកាន់ជំហយ៉ាងម៉ឺងម៉ាត់ នៅក្នុងស្មារតីនៃការរក្សា និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និតជាមួយបណ្តាប្រទេសជាដៃគូទាំងអស់ ប្រកបដោយ តម្លាភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ គ ជ ស ស នៅតែស្វាគមន៍យ៉ាងកក់ ក្តៅបំផុតចំពោះការចូលរួមពីសំណាក់ដៃគូអន្តរជាតិនានាដើម្បីបង្កើនសមត្ថភាពផ្នែកប្រតិបត្តិការរបស់ទីបញ្ជាការជួរមុខ តទៅថ្ងៃអនាគត។ យើងខ្ញុំសង្ឃឹមថា ជនរួមជាតិ ក៏ដូចជាមជ្ឈដ្ឋានជាតិ និង អន្តរជាតិ យល់អំពីហេតុផលពិតប្រាកដនៃដំណើរការនៃការផ្លាស់ប្តូរទីតាំងនេះ។
គោលដៅចម្បងរបស់យើងគឺបង្កើនប្រសិទ្ធភាពរបស់គ.ជ.ស.សនៅក្នុងការបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យគ្រប់គ្រងសន្តិសុខលម្អសមុទ្ររបស់កម្ពុជានិងការបន្តលើកស្ទួយកិច្ចសហ ប្រតិបត្តិការជាមួយអន្តរជាតិ ប្រកបដោយតម្លាភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕S/