ដោយ: មូលសម្បត្តិ / ភ្នំពេញ: ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ លោកសៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា បានអញ្ជើញជាអធិបតីនិងដឹកនាំសិក្ខាសាលាស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យបរិស្ថាន» ដែលប្រព្រឹត្តទៅនៅសាលប្រជុំ ម៉ុក ម៉ារ៉េត ទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពចំណុះក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធ ដែលមានសមាសភាពសរុប ប្រមាណ២០០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្ស៊ីគម្រោងកម្មវិធីក៏ដូចជាការគាំទ្រពីដៃគូអភិវឌ្ឍន៍ជាមួយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើវិស័យបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាព និងពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងប្រមូលធាតុចូលជាមូលដ្ឋានសម្រាប់កំណត់ទិសដៅការងារបន្ត។

លោកសៅ សុភាព បានមានមតិស្វាគមន៍និងបានរំលេចពីសេចក្តីថ្លែងការណ៍ទីក្រុងប៉ារីស៍នៅឆ្នាំ២០០៥ ស្តីពីប្រសិទ្ធិភាពនៃការផ្តល់ជំនួយ ដែលក្នុងនោះបានសង្កត់ធ្ងន់ទៅលើ ។(១).ភាពជាម្ចាស់ក្នុងនាមជាប្រទេសសាមី ។ (២).ការបន្ស៊ីគោលបំណងក៏ដូចជាផែនការសកម្មភាពរបស់គម្រោងទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ (៣).ការសហការដោយរលូននិងមានលក្ខណៈសុខុដុមរមនីយកម្ម ។ ៤).ការផ្តោតសំខាន់លើលទ្ធផល និង(៥).ការទទួលខុសត្រូវរួមរវាងម្ចាស់ជំនួយនិងដៃគូ។ បន្ថែមពីនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានកន្លងមករវាងអង្គការ ដៃគូអភិវឌ្ឍន៍ជាមួយក្រសួងបរិស្ថាន ក្នុងការពារនិងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ការជម្រុញការកំណត់និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ ការរៀបចំគោលនយោបាយយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ជាពិសេសការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិក ដោយប្រកាន់លើគោលជំហរភាពជាម្ចាស់ក្នុងនាមជាប្រទេសសាមី ហើយអង្គការដៃគូដើរតួនាទីជាដៃគូសហការក្នុងការផ្តល់ជំនួយបច្ចេកទេស ការគាំទ្រថវិកា ដោយអនុលោមតាមគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពដែលបានដាក់ចេញ។

ក្នុងឱកាសនោះ លោកបានស្នើឱ្យអង្គសិក្ខាសាលាចូលរួមពិភាក្សា ផ្តល់យោបល់ ដើម្បីស្វែងរកបញ្ហាប្រឈមនិងដំណោះស្រាយ ដើម្បីជាមូលដ្ឋានក្នុងការលើកទិសដៅការងារបន្តដោយគិតគូរពីគោលបំណងរបស់អង្គការ ដៃគូអភិវឌ្ឍន៍ និងការងារអាទិភាពរបស់រាជរដ្ឋាភិបាលជាពិសេសក្រសួងបរិស្ថានផងដែរ៕ ល