ដោយៈ មេសា/ភ្នំពេញៈ តាមរយៈបណ្តាញ តេឡេហ្ក្រាម នៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២០ នេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា បានផ្ញើសារក្រើនរំឭកដល់កសិករ ចិញ្ចឹម ជ្រូក ទាំងជាលក្ខណៈគ្រួសារ និង ជាលក្ខណៈកសិដ្ឋាន ឱ្យប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះ ជំងឺប៉េស្តជ្រូក អាហ្វ្រិក ថា “ យើងប្រហែលជាអាចភ្លេចជំងឺ ប៉េស្តជ្រូក អាហ្វ្រិក ប៉ុន្តែជំងឺ ប៉េស្តជ្រូក អាហ្វ្រិក មិនដែលភ្លេចជ្រូករបស់យើងម្តងណាទេ ពោលគឺថា ជំងឺ ប៉េស្តជ្រូក អាហ្វ្រិក អាចផ្ទុះឡើង និង បំផ្លិចបំផ្លាញ បង្ហិនបង្ហោច ជ្រូករបស់យើងគ្រប់ពេលវេលា ប្រសិនបើយើងហ៊ានធ្វេសប្រហែស ។ ហេតុនេះ ការធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួន និង ការធ្វើ ជីវៈសុវត្ថិភាព ជាប្រចាំ គឺជាកត្តាដ៏ចាំបាច់បំផុតមួយសម្រាប់កសិករចិញ្ចឹមជ្រូក “ ។

ចំពោះរបៀបធ្វើជីវៈសុវត្ថិភាព ត្រូវបានលោក ស្រ៊ុន ពៅ ពន្យល់ថា មានកិច្ចការសំខាន់មួយ ចំនួនដែលត្រូវធ្វើដូចជា ៖ ១. សម្អាត ឬ ធ្វើអនាម័យកន្លែងចិញ្ចឹមជ្រូកជាប្រចាំ , ២. បាញ់ថ្នាំ សម្លាប់មេរោគជាប្រចាំ , ៣. មិនត្រូវអនុញ្ញាតឱ្យអ្នកដទៃចេញចូលកន្លែងចិញ្ចឹម ជ្រូករបស់ យើង សូម្បីតែសាច់ញាតិ ក៏ដោយ លើកលែងតែមានការអនុវត្តតាមក្បួនអនាម័យ សុវត្ថិភាពយ៉ាងត្រឹមត្រូវ , ៤. មិនត្រូវចេញចូលកន្លែងចិញ្ចឹមជ្រូក របស់អ្នកដទៃ ហើយប្រសិនបើចាំបាច់ ពេលចេញចូលកន្លែងចិញ្ចឹមជ្រូកអ្នកដទៃ រួចហើយ ដាច់ខាតត្រូវប្រញាប់សម្អាតខ្លួនប្រាណ និង សម្លៀកបំពាក់ ជាដើមឱ្យបានហ្មត់ចត់ , ៥. មិនត្រូវយកចំណីអាហារពីផ្ទះបាយ ឬ ពីភោជនីយដ្ឋាននានាជាដើម មកឱ្យជ្រូកស៊ី , ៦. មិនត្រូវយកចំណីអាហារដែលធ្វើពីសាច់ជ្រូក ដោយរួមទាំងសាច់ក្រក និង ហតដក ជាដើម ទៅបរិភោគនៅក្បែរកន្លែងចិញ្ចឹមជ្រូកឡើយ និង ៧. ព័ទ្ធសំណាញ់ជាដើម ជុំវិញទ្រុងជ្រូក ធ្វើយ៉ាងណាកុំឱ្យសត្វ ដូចជា រុយ កណ្តុរ និង បក្សី ជាដើម អាចចេញចូលកន្លែងចិញ្ចឹមជ្រូកបាន ព្រោះសត្វទាំងនោះ ក៏អាចនាំយកមេរោគ នៃ ជំងឺប៉េស្តជ្រូក អាហ្វ្រិក ចូលទៅក្នុងកន្លែងចិញ្ចឹមរបស់លោកអ្នកបាន ហើយក៏ត្រូវចាក់វ៉ាក់សាំងការពារជំងឺ និង ទម្លាក់ ប៉ារ៉ាស៊ីត ជាប្រចាំផងដែរ ។
សូមជម្រាបថា រយៈពេលប្រមាណជាជាង ០១ ឆ្នាំ ចុងក្រោយនេះ វិស័យចិញ្ចឹមជ្រូកនៅ កម្ពុជា មានសម្ទុះ គួរឱ្យកត់សម្គាល់ ហើយក្នុង ០១ ថ្ងៃ កម្ពុជា ត្រូវការជ្រូកប្រមាណជា ០៧ ពាន់ក្បាល ហើយពីចន្លោះខែ មករា ដល់ខែ កក្កដា ឆ្នាំ ២០២០ នេះ ក្នុង ០១ ថ្ងៃ កម្ពុជា មានសមត្ថភាព បញ្ចេញជ្រូកពីកសិដ្ឋាន ទៅក្នុងទីផ្សារ ប្រមាណជា ០៥ ពាន់ក្បាល ក្រៅពីនោះ ត្រូវនាំចូលពីប្រទេស ថៃ ដើម្បី បង្គ្រប់តម្រូវការ ។ ប៉ុន្តែចាប់ពីចន្លោះដើមខែ សីហា មកដល់ដំណាច់ខែ កញ្ញា កន្លងទៅថ្មីៗនេះ ក្នុង ០១ កម្ពុជា អាចបញ្ចេញជ្រូកទៅក្នុងទីផ្សារ ប្រមាណជា ០៦ ពាន់ក្បាល ដែលបានសេចក្តីថា វិស័យចិញ្ចឹមជ្រូកនៅ កម្ពុជា បានកើនសមត្ថភាពមួយកម្រិតទៀត ។
ទោះយ៉ាងណា អ្នកពាក់ព័ន្ធទាំងឡាយ មានតួយ៉ាង លោក ស្រ៊ុន ពៅ និង លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ជាដើម សុទ្ធតែបានក្រើនរំឭកជាបន្តបន្ទាប់ ហើយនៅតែបារម្ភចំពោះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយថា បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រូក អាហ្វ្រិក កំពុងលាក់ខ្លួននៅកន្លែងណាមួយ អាចនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកណាមួយ ពោលគឺ ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនទាន់ត្រូវបានកម្ចាត់ចោលទាំងស្រុងពី កម្ពុជា នៅឡើយទេ ។
គប្បីរំឭកថា កម្ពុជា ធ្លាប់រងការវាយប្រហារដោយជំងឺប៉េស្តជ្រូកអាហ្វ្រិក កាលពីឆ្នាំ ២០១៩ ដោយវាបានសម្លាប់ជ្រូក កម្ពុជា អស់រាប់ពាន់ក្បាល ។ ទោះយ៉ាងណា ជំងឺប៉េស្តជ្រូកអាហ្វ្រិក កើតតែលើសត្វជ្រូកប៉ុណ្ណោះ គឺវាមិនកើតលើសត្វអ្វីផ្សេងឡើយ ហើយក៏មិនកើតលើមនុស្សដែរ សូម្បីតែមនុស្សបរិភោគសាច់ជ្រូក ដែលមានជំងឺប៉េស្តជ្រូក អាហ្វ្រិក ក៏ដោយ ។ ប៉ុន្តែពេលវាកើតនៅកន្លែងណាហើយ វានឹងសម្លាប់ជ្រូកនៅទីនោះទាំងអស់ ជាក់ស្តែង វាបានបង្ហិនបង្ហោច ជ្រូកនៅ ប្រទេស វៀតណាម ដែលរហូតមកដល់ពេលនេះ វៀតណាម មិនទាន់ងើបផុតពីភាពហីនហោចដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក នេះនៅឡើយទេ ហើយនោះគឺជាមូលហេតុដែលរហូតមកដល់ពេលនេះ វៀតណាម ត្រូវនាំជ្រូកចូលពីប្រទេស ថៃ ជារៀងរាល់ថ្ងៃ ៕ Kh


