ដោយៈ រ៉ូហ្សា / កែបៈ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡា បានបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង កម្រិតមូលដ្ឋាន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ សម្រាប់គ្រូកីឡា នៅតាមគ្រឹះស្ថានសិក្សា ជុំវិញខេត្តកែប។
វគ្គនេះ មានសិក្ខាកាម ចូលរួម ចំនួន ២០ នាក់ បង្រៀនដោយគ្រូថ្នាក់ជាតិ ចំនួន ២ នាក់ និងមានប្រឹក្សាបច្ចេកទេស ដោយមគ្គុទ្ទេសក៍ កីឡាទ្រីយ៉ាត្លុង មកពីប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃ ពិធីបើកវគ្គនេះ ក៏មានការអញ្ជើញចូលរួមពី លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ។

លោក ងឹន សុបញ្ញា អគ្គលេខាធិការ នៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ពីខេត្តកែបមកថាៈ រាជរដ្ឋាភិបាល បានសម្រេចទទួល ធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជាយើង ដោយក្នុងនោះ ខេត្តកែប ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ប្រកួតកីឡាទ្រីយ៉ាត្លុង នឹងមានប្រតិភូ និងអត្តពលិក មកពីបណ្តាប្រទេសអាស៊ាន យ៉ាងតិច ចំនួន ៧ ប្រទេស ចូលរួម។
ក្នុងឱកាសនេះ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទ្រីយ៉ា ក្នុងកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាទ្រីយ៉ាក្នុង កម្រិតមូលដ្ឋាន ជាលើកដំបូង នៅខេត្តកែប ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ បានស្គាល់ចេះលេងកីឡាទ្រីយ៉ាត្លុង និងមានមន្ត្រីបច្ចេកទេស រៀបចំការប្រកួត នៅថ្ងៃអនាគត។ វគ្គបណ្តុះបណ្តាលនេះ យើងផ្តោតទៅលើ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង៖ ១.ទ្រឹស្តី៖ ប្រវត្តិកីឡាទ្រីយ៉ាត្លុង ប្រភេទកីឡា និងរបៀបហែលទឹក ។ល។

លោកបានបន្តថាៈ កីឡាទ្រីយ៉ាត្លុង សំខាន់ទៅលើការហែលទឹក ធ្វើយ៉ាងណា ឲ្យសិក្ខាកាម ចេះហែលទឹក វិធីសាស្ត្របង្វឹកហែលទឹក លំហាត់ហាត់ប្រាណ ដែលមានសារៈសំខាន់ ដល់សារពាង្គកាយ ឬសាច់ដុំ និង របៀបប្រកួតកីឡា ទ្រីយ៉ាត្លុង។ ដោយមានសិក្ខាកាមទាំងអស់ អញ្ជើញមកពី ៧ ស្ថាប័ន មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប វិទ្យាល័យ ហ៊ុន សែន ចំការដូង វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស អនុវិទ្យាល័យពងទឹក អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប អនុវិទ្យាល័យសង្គមរាស្ត្រនិយម និងអនុវិទ្យាល័យ ហ៊ុន សែន អង្គោល៕/V


