Home ព័ត៌មានអន្តរជាតិ សហរដ្ឋ​អាម៉េរ...

សហរដ្ឋ​អាម៉េរិក អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន ជួប​ពិភាក្សា​អំពី​កំណើន​ឥទ្ធិពល​របស់​ចិន​

​ក្រុម​រដ្ឋមន្ត្រីការបរទេស​មកពី​ប្រទេស​នៅក្នុង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ចំនួន​៤​ប្រទេស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម​ប្រទេស​Quad (​ក្រុម​៤​ប្រទេស​)​កំពុង​ប្រជួប​ជុំគ្នា​នៅ​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​អង្គារ​ទី​៦​តុលា​​ដើម្បី​ធ្វើ​កិច្ចពិភាក្សា​ដែល​ជប៉ុន​សង្ឃឹមថា នឹង​បង្កើន​ការចូលរួម​របស់​ពួកគេ​នៅក្នុង​គំនិត​ផ្តួចផ្តើម​ក្នុង​តំបន់​ដែល​មានឈ្មោះ​ថា ” សេរីភាព​និង​បើកចំហ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក “​ដើម្បី​ប្រឆាំង​ការ​វាតទី​ដែល​​ចេះតែ​កើន​ឡើង​របស់​ចិន​។​

​កិច្ច​ជំនួប ដែល​ជា​កិច្ច​ពិភាក្សា​ដោយផ្ទាល់​លើកដំបូង​ក្នុងចំណោម​រដ្ឋមន្ត្រីការបរទេស​ទាំង​៤​ចាប់តាំងពី​មាន​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​មកនោះ ត្រូវ​បាន​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​​លោក​ម៉ៃ ផ​ម​ផេវ​( Mike Pompeo) រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី​ម៉ា​រី​ស ផេន​( Marise Payne) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌា​លោក​ស៊ូ​ប្រា​ម៉ាន់​យ៉ាម ចៃ​សាន​កា​( Subrahmanyam Jaishankar )​និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក​តូ​ស៊ី​មី​តស៊ូ ម៉ូតេ​ហ្គី​( Toshimitsu Motegi )​។​

​ក្រុមមន្ត្រី​ជប៉ុន​និយាយថា​ពួកគេ​នឹង​ពិភាក្សា​អំពី​ផលប៉ះពាល់​នៃ​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា​និង​គំនិត​ផ្តួចផ្តើម ” សេរីភាព​និង​បើកចំហ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​”​សម្រាប់​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​​និង​សេដ្ឋកិច្ច​កាន់តែខ្លាំង​ឡើង​ដែល​ជប៉ុន​និង​សហរដ្ឋ​អាម៉េរិក​បាន​និង​កំពុង​ជំរុញ​ដើម្បី​នាំ​ប្រទេស​មានគំនិត​ដូច​គ្នា​ធ្វើការ​រួមគ្នា ។​

​នៅពេល​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​តូ​ក្យូ លោក​ម៉ៃ ផ​ម​ផេ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ប្រទេស​ទាំង​៤​នេះ​សង្ឃឹមថា​នឹង​មាន​សមិទ្ធិ​ផល​សំខាន់ៗ​នៅក្នុង​កិច្ចប្រជុំ​នោះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ទេ​។​

​កិច្ចពិភាក្សា​នេះ​កើតឡើង​ប៉ុន្មាន​សប្តាហ៍​នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​និង​ចំពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​អំពី​បញ្ហា វីរុស​កូរ៉ូណា ពាណិជ្ជកម្ម ​បច្ចេកវិទ្យា ក្រុង​ហុងកុង តៃវ៉ាន់ និង​សិទ្ធិមនុស្ស​។​

​វា​ក៏​កើតឡើង បន្ទាប់ពី​មាន​ភាព​តានតឹង​រវាង​ចិន​និង​ឥណ្ឌា​ជុំវិញ​បញ្ហា​ព្រំដែន​តំបន់ភ្នំ​ហេមពាន្ត​ដែលមាន​ជម្លោះ​របស់​ពួកគេ​។ ទំនាក់ទំនង​រវាង​អូស្ត្រាលី​និង​ចិន​ក៏​កាន់តែ​យ៉ាប់យ៉ឺន​ដែរ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​​ៗ​នេះ​។​

​ទន្ទឹមនឹងនេះ ជប៉ុន​មាន​ការព្រួយបារម្ភ​អំពី​ការអះអាង​សិទ្ធិ​កាន់កាប់​របស់​ចិន​ចំពោះ​កោះ​សេន​កាគុ​(​ចិន​ហៅ ទាវ​យុ​)​នៅ​សមុទ្រ​ចិន​ខាងកើត​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ម៉ៃ ផ​ម​ផេ ជួបពិភាក្សា​ជាមួយ​សម​ភាគី​មកពី​៣​ប្រទេស​ទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular