ដោយ:តារារិទ្ធ/ភ្នំពេញៈព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែតុលានេះបានយាងទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព តបតាមការយាងពីសំណាក់ក្រុមគ្រូពេទ្យចិន។
អញ្ជើញជូនព្រះរាជដំណើរដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូប រួម រាជវង្សានុវង្សផង។
ក្នុងព្រះរាជសារជូនប្រជានុរាស្ត្រខ្មែរកាលពីថ្ងៃទី៥ខែតុលា ព្រះករុណា បានមានព្រះរាជបន្ទូលថា”ទូលព្រះបង្គំខ្ញុំព្រះករុណា ខ្ញុំនិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអនុញ្ញាតនិងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈនិង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតាលោកយាយ មាមីងបងប្អូនក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី៦ខែតុលាឆ្នាំ២០២០តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព” ។
ព្រះរាជសារបន្តថា”នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានឹងទទួល ជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា”។
គួររំលឹកថា ព្រះករុណានិងសម្តេចម៉ែតែងតែយាងពិនិត្យព្រះរាជសុខភាពជាទៀងទាត់ក្នុងរយៈពេល ៦ខែម្តងតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន ។ កាលពីថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២០ ព្រះករុណានិងសម្តេចម៉ែ បានយាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព និងបានយាងនិវត្តន៍វិញនៅរសៀលថ្ងៃទី ១១ ខែឧសភា៕សរន/HA