
ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជាបានជូនដំណឹងដល់ថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជាន់ថ្នាក់របស់ខ្លួន អំពីការផ្អាកការរៀបចំសន្និបាតគណៈកម្មាធិការកណ្ដាលនៅដំណាច់ឆ្នាំ២០២០ និងខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា ដោយសារតែការរីករាលដាលជំងឺកូវីដ១៩។
យោងតាមលិខិតរបស់គណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៦ខែតុលាបានបញ្ជាក់ថា យោងសភាពការណ៍នៃជំងឺកូវីដ១៩ ដែលនៅតែបន្តឆ្លងរាលដាលខ្លាំងពាសពេញពិភពលោក និងតម្រូវឱ្យកម្ពុជា ត្រូវតែបន្តប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ជាប់ជានិច្ចនោះ។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមជម្រាបជូន “សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលទាំងអស់ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់” បានជ្រាបអំពីការប្រារព្ធពិធីប្រចាំឆ្នាំរបស់គណបក្ស នៅពេលខាងមុខនេះដូចតទៅ៖
១.ត្រូវផ្អាកការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលនៅដំណាច់ឆ្នាំ២០២០នេះសិន។ប៉ុន្តែនៅពេលនោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល នឹងរៀបចំនូវឯកសារ “របាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១”ដើម្បីផ្ញើជូនឱ្យគណបក្ស គ្រប់ថ្នាក់ ចាត់ចែង រៀនសូត្រផ្សព្វផ្សាយនិងអនុវត្តភារកិច្ចបន្តទៀត។
២. ត្រូវផ្អាកការជួបប្រជុំមីទ្ទិញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា ដែលត្រូវធ្វើនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះសិន។ ប៉ុន្តែគ្រប់ថ្នាក់ត្រូវត្រៀមរៀបចំឡូហ្គោ បដា ពាក្យស្លោក។ល។ ដាក់តាំងនៅតាមទីតាំងនានា ដើម្បីអបអរសាទរដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំកន្លងមក៕សរន/Ha
