នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូយីតឌីន យ៉ាសស៊ីន នឹងដាក់ខ្លួននៅដាច់ពីគេ១៤ថ្ងៃ ក្រោយពីបាននៅជាមួយរដ្ឋមន្ត្រីម្នាក់ដែលក្រោយមកបានពិនិត្យរកឃើញវីរុសរ៉ូណា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី០៥តុលា លោក មូយីតឌីន យ៉ាសស៊ីន បាននិយាយថា ទោះជាការពិនិត្យសុខភាពកាលពីពេលថ្មីរបស់លោកទាំងអស់បង្ហាញថាលោកមិនមានវីរុសកូរ៉ូណា ក៏លោកនៅតែធ្វើចត្តាឡីស័កដោយខ្លួនឯង តាមការណែនាំពីក្រសួងសុខាភិបាល។
លោកបានបញ្ជាក់ថា «វានឹងមិនប៉ះពាល់ការងាររបស់រដ្ឋាភិបាលទេ។ខ្ញុំនឹងនៅតែបន្តធ្វើការចេញពីផ្ទះ និងធ្វើការប្រជុំតាមវីដេអូខល ដែលមានខ្ញុំជាអ្នកដឹកនាំការប្រជុំ។ជាវិធានការបង្ការទុកជាមុន ខ្ញុំត្រូវបានធ្វើតេស្តិ៍បែបប្រញាប់ដោយយកសំណាកតាមមាត់នៅរាល់២សប្តាហ៍ម្តងចាប់តាំងពីខែមេសាឆ្នាំ២០២០មក និងហើយរាល់ការធ្វើតេស្តិ៍រកវីរុសទាំងនោះសុទ្ធតែអវិជ្ជមាន។គ្រាន់តែ៣សប្តាហ៍មកនេះ ខ្ញុំបានពិនិត្យ៣ដងនិងមិនបានរកឃើញវីរុសទេ»។

នាយករដ្ឋមន្ត្រីមូយីតឌីន យ៉ាសស៊ីន(ឆ្វេង) និងរដ្ឋមន្ត្រី ហ្ស៊ុលគីផ្លី ម៉ូហាម៉ាត អាល់-បាគ្រី ដែលកើតកូវីដ១៩
កាលពីថ្ងៃ០៣ តុលា លោកមូយីតឌីន បានដឹកនាំកិច្ចប្រជុំពិសេសមួយស្តីពីជំងឺកូវីដ១៩ ដែលមានការចូលរួមពីរដ្ឋមន្ត្រីជាច្រើនរូប រួមមានរដ្ឋមន្ត្រីកិច្ចការអ៊ីស្លាម លោកហ្ស៊ុលគីផ្លី ម៉ូហាម៉ាត អាល់-បាគ្រី ដែលបានប្រកាសកាលពីថ្ងៃ០៥តុលាថា លោកពិនិត្យឃើញកូវីដ១៩។
គេថា រដ្ឋមន្ត្រីច្រើនរូបទៀតដែលបានចូលរួមកិច្ចប្រជុំនេះ ក៏ត្រូវបានណែនាំអោយដាក់ខ្លួននៅដោយឡែកពីគេនៅតាមផ្ទះរៀងៗខ្លួនផងដែរ។
សូមបញ្ជាក់ថា ម៉ាឡេស៊ីហាក់មានកំណើនការឆ្លងវីរុសកូរ៉ូណាឡើងវិញនៅពេលថ្មីៗនេះ មួយផ្នែកពាក់ព័ន្ធនឹងការជួបជុំមនុស្សច្រើនៗដើម្បីធ្វើយុទ្ធនាការបោះឆ្នោតក្នុងរដ្ឋសាបាកាលពីខែមុន។ប្រទេសនេះ ឥឡូវមានអ្នកកើតកូវីដ១៩សរុប១២.៨១៣នាក់ ក្រោយពីមនុស្ស៤៣២នាក់ទៀតបានឆ្លងកាលពីថ្ងៃចន្ទ៕ប្រែសម្រួល៖វាសនា