នៅចុងខែមីនា ឆ្នាំ២០២០ ទីក្រុងនានាក្នុងប្រទេសឥណ្ឌា បានជាប់គាំងដោយនឹកស្មានមិនដល់នៅពេលប្រទេសនេះត្រូវបានបិទទាំងស្រុងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏កាចសាហាវកូវីដ-១៩។
កន្លែងធ្វើការនានាត្រូវបានបិទ សេវាដឹកជញ្ជូនសាធារណៈត្រូវបានបញ្ឈប់ ហើយមនុស្សម្នាទាំងចាស់ទាំងក្មេងសម្ងំនៅតែផ្ទះដោយការភ័យខ្លាច។ ប៉ុន្តែនារីថតរូបដ៏អង់អាចម្នាក់ឈ្មោះ ប៉ារុល សាម៉ា (Parul Sharma) ហាក់មិនខ្លាចអ្វីទាំងអស់ ហើយបានចេញដំណើរផ្សងព្រេងគ្រប់ច្រកល្ហកទូទាំងរដ្ឋធានីញូវដេលី ដែលមានសភាពស្ងាត់ជ្រងំដូចទីក្រុងខ្មោចដ៏គួរឱ្យខ្លាច ដើម្បីថតរូបទុកជាឯកសារ។
ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ នារីជាអ្នកថតរូបខាងលើនេះបានប្រាប់ទូរទស្សន៍ BBC ថា “ការបិទប្រទេសពិតជាវេទនាណាស់សម្រាប់មនុស្សដែលមិនចេះនៅស្ងៀមដូចខ្ញុំ។ ជាធម្មតាខ្ញុំមិនចូលសម្ងំនៅតែក្នុងផ្ទះនោះទេ ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តចេញក្រៅ”។
ពីដំបូង គ្រួសាររបស់នាងមិនអនុញ្ញាតឱ្យនាងយកជីវិតទៅប្រថុយនឹងគ្រោះថ្នាក់នៅខាងក្រៅឡើយ ព្រោះខ្លាចឆ្លងវីរុសកូវីដ-១៩ ហើយបានសួរនាំនាងជាច្រើនទម្រាំតែអនុញ្ញាតឱ្យនាងចេញក្រៅ។ ទីបំផុត នៅថ្ងៃទី៣ ខែមេសា ពោលគឺប្រហែលមួយសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី ប្រកាសបិទប្រទេសតាមកញ្ចក់ទូរទស្សន៍ នាង សាម៉ា ក៏បានចាប់ផ្ដើមចេញផ្សងព្រេងនៅខាងក្រៅ។
រយៈពេលប៉ុន្មានខែបន្ទាប់ នាងបានបើករថយន្តជុំវិញទីក្រុងប្រដាប់កាមេរ៉ា និងលិខិតចេញចូលដ៏ចាំបាច់សម្រាប់អនុញ្ញាតឱ្យអ្នកសារព័ត៌មាន មន្ត្រីនិងអ្នកធ្វើការសំខាន់ៗដូចជាវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិការ ធ្វើដំណើរចេញចូលដោយសេរី។
នាងនិយាយថា “ខ្ញុំមើលឃើញតែពពក និងបក្សាបក្សី ប៉ុន្តែមិនឃើញមានមនុស្សម្នាឡើយ។ វាជាទិដ្ឋភាពដ៏សែនតក់ស្លុត ប៉ុន្តក៏ស្រស់ស្អាតណាស់ដែរ”។
ជាលទ្ធផល រូបថតដ៏គួរឱ្យចាប់អារម្មណ៍ប្រមាណ ១០.០០០ សន្លឹកដែលបង្ហាញពីទិដ្ឋភាពគួរឱ្យខ្លោចចិត្តក្នុងប្រវត្តិសាស្ត្ររបស់ក្រុងញូវដេលី បានក្លាយជាផ្នែកមួយនៃសៀវភៅថ្មីរបស់នាងមានចំណងជើងថា Dialects Of Silence ដែលបោះពុម្ពផ្សាយដោយរោងពុម្ព Roli Books។
ស្នាដៃសៀវភៅរបស់នាងដែលបានចេញផ្សាយនៅដំណាច់ខែសីហា កន្លងទៅ ទទួលបានការចាប់អារម្មណ៦ និងការកោតសរសើរយ៉ាងខ្លាំង៕ប្រែសម្រួលៈខុម/sn