Home ព័ត៌មានជាតិ សង្គម មន្រ្តីនៅកោះក...

មន្រ្តីនៅកោះកុងចំនួន១៨នាក់ ចូលស្បថជាភ្នាក់ងារនគរបាលយុត្តិធម៌

ដោយ:សុផានីតា/កោះកុង ៖ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី៦ខែតុលា ឆ្នាំ២០២០នេះ បានទទួលក្រុមមន្រ្តីចំនួន១៨មកពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រួមនឹងមន្រ្តីមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ចូលស្បថប្រណិធានក្លាយជាភ្នាក់ងារមន្រ្តីនគរបាលយុត្តិធម៌ដែលបំពេញភារកិច្ចបង្ក្រាបបទល្មើសផ្សេងៗក្នុងវិសាលភាពដែនគ្រប់គ្រងរបស់ខ្លួន។

ការស្បថរបស់មន្រ្តីចំនួន២អង្គភាពស្ថាប័នក្នុងខេត្តកោះកុងនេះ ធ្វើឡើងនៅចំពោះមុខលោក កែវ សុខា អនុប្រធានសាលាដំបូងខេត្ត លោក រស់ សារាំ ព្រះរាជអាជ្ញាខេត្ត និងលោក ចេង មុន្នីរ័ត្ន ក្រឡាបញ្ជីខេត្តកោះកុង។

ក្នុងពិធីចូលសច្ចប្រណិធាននេះ លោក រស់ សារាំ ព្រះរាជអាជ្ញា និងលោក កែវ សុខា អនុប្រធានសាលាដំបូងខេត្តកោះកុង ថ្លែងថា ដំណើរការស្បថរបស់មន្រ្តីរ៉ែ និងសាខាការពារអ្នកប្រើប្រាស់នេះ មិនខុសពីក្រុមមន្រ្តីភ្នាក់ងារនគរបាលយុត្តិធម៌ដ៏ទៃទៀតដែលបានចូលស្បថទេ គឺដើម្បីទទួលនីតិសម្បទានក្លាយជាភ្នាក់ងារនគរបាលយុត្តិធម៌ឈរលើគោលការណ៍ច្បាប់កំណត់។

តំណាងអ្នកច្បាប់ទាំង២រូប ពន្យល់ទៀតថា ក្រោយស្បថសច្ចាហើយ ចាំបាច់មានភាពស្មោះត្រង់នឹងកាតព្វកិច្ចការងារឱ្យត្រឹមត្រូវ ដោយពុំមែនមានន័ថា ក្លាយជាភ្នាក់ងារនគរបាលយុត្ថិធម៌សុទ្ធតែអាចធ្វើបានតែឯកឯងនោះទេ។

ទាំងលោកអនុប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា ប្រាប់ឱ្យភ្នាក់ងារនគរបាលយុត្តិធម៌ថ្មី ត្រូវបង្កើនសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ តាមការគោរពច្បាប់ ហើយសហការជាមួយស្ថាប័នតុលាការជាប្រចាំ។ ករណីចុះស៊ើបអង្កេតតាមដាន ឬបង្រ្កាបបទល្មើសណាមួយ ក្រៅពីបង្រ្កាប ភ្នាក់ងារនគរបាលយត្តិធម៌អាចបំពេញការងារតាមធម្មតា ពុំចាំបាច់ធ្វើរបាយការណ៍មកស្ថាប័នតុលាការឡើយ។ ប៉ុន្តែស្នើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទំនួសខុសត្រូវតួនាទី។

ដោយឡែកលោក ហ៊ុយ ភារម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង គូសបញ្ជាក់ស្រដៀងដូចគ្នាក្រោយការស្បថថា ការចូលស្បថនៅក្នុងសាលាដំបូងខេត្តរបស់ពួកគាត់ គឺដើម្បីទទួលបាននីតិសម្បទានជាភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងគោលបំណងបំពេញភារកិច្ចតួនាទីដោយភាពស្មោះត្រង់ទៅតាមច្បាប់ដែលចែងកំណត់រួចរាល់ហើយ។

លោក ហ៊ុយ ភារម្យ និងលោក ប៉ិច ស៊ីយ៉ុន ប្រសិនបើពួកគាត់មិនបានគោរពតាមនូវពាក្យស្បថដែលសច្ចានោះទេ ទោសកំហុសនឹងផ្តន្ទាចំពោះពួកគាត់ ដូច្នេះគាត់ពុំខ្លាចចាញ់ស្បថឡើយ ពីព្រោះវាជាតួនាទីមុខងារនៅចំពោះ ដើម្បីធ្វើយ៉ាងណាបង្ហាញភាពស្មោះស័គ្រចំពោះប្រទេសជាតិលើសកម្មភាពការពារ បង្រ្កាប និងថែរក្សាសុខភាពសាធារណៈ ក៏ដូចជាសម្បត្តិធនធានធម្មជាតិឱ្យបានកាន់តែមានគុណភាពថែមទៀត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular