ក្លឹប Arsenal បានសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ ថូម៉ាស ប៉ាតេ (Thomas Partey) ពីក្លឹប Atletico Madrid ។
ក្លឹប Arsenal បានឆ្លើយតបនឹងតម្លៃទិញផ្តាច់ ៤៥លានផោនសម្រាប់កីឡាករអន្តរជាតិសញ្ជាតិ ហ្គាណារូបនេះ។ ប៉ាតេ នឹងពាក់អាវលេខ១៨។ ប៉ាតេ ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀង ផ្ទេរមកក្លឹប Arsenal ពេញមួយរដូវកាល ហើយនៅពេលនេះកិច្ចព្រមព្រៀងទទួលបាន ផ្លែផ្កាហើយ។
សេចក្តីថ្លែងការណ៍របស់ក្លឹប Atletico Madrid អះអាងថា ក្របខណ្ឌ La Liga បានជូនដំណឹងមក ខ្លួនថា កញ្ចប់ថវិកាទិញផ្តាច់សម្រាប់កីឡាករ ថូម៉ាស ប៉ាតេ ត្រូវបានបង់៣២នាទីមុនពេល រដូវកាលទិញដូរបិទទ្វារ។ ប៉ាតេ វ័យ២៧ឆ្នាំបានចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងកិច្ចសន្យា លេងរយៈពេល៤ឆ្នាំ។
គ្រូបង្វឹកបង្គោលលោក មីគែល អាតេតា (Mikel Arteta) បាននិយាយថា “យើងបានតាមឃ្លាំមើល ថូម៉ាស មួយរយៈមកហើយ ដូច្នេះនៅពេលនេះ យើងសប្បាយចិត្តក្នុងការបន្ថែមកីឡាករ ដែលមានគុណភាពខ្ពស់ម្នាក់ទៀតទៅក្នុងក្រុម។ គាត់គឺជាខ្សែបម្រើឆ្នើមដែលមានថាមពល។
លោក អាតេតា បន្តថា “ប៉ាតេ នឹងនាំយកបទពិសោធច្រើនពីក្លឹបកំពូលៗដែលធ្លាប់ប្រជែងនៅ ក្នុងកម្រិតខ្ពស់នៅក្របខណ្ឌ La Liga និងក្របខណ្ឌ Champions League ច្រើនមកហើយ។
លោក អេឌូ (Edu) ប្រធានបច្ចេកទេសរបស់ក្លឹប Arsenal បានអះអាងថា “ថូម៉ាស មានឥរិយាបថ ស័ក្តិសមជាកីឡាករកំពូលសម្រាប់ Arsenal។ គាត់គឺជាមេដឹកនាំម្នាក់នៅក្នុងនិងក្រៅទីលាន ប្រកួតហើយជាកីឡាករដែលក្លឹបជាច្រើនចង់បាន។ យើងបានវិភាគទម្រង់លេងរបស់គាត់យ៉ាង ដិតដល់មួយរយៈចុងក្រោយនេះ”៕ ប្រែសម្រួល: ពិសិដ្ឋ
