គម្រោងរេដបូកនៅដែនជម្រកសត្វព្រៃកែវសីមាកម្ពុជាលក់ឥណទានកាបូន បាន៣,៥ លានដុល្លារ

ដោយ៖ដេប៉ូ/មណ្ឌលគិរី៖គិតរហូតមដល់ពេលបច្ចុប្បននេះគម្រោងរេដបូក( REDD+)នៅដែនជម្រកសត្វព្រៃកែវសីមាខេត្ត មណ្ឌលគិរី កម្ពុជាបានលក់ឥណទានកាបូន ឱ្យទៅក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន ៣ គឺក្រុមហ៊ុន  Disney ក្រុមហ៊ុន Kering និងក្រុមហ៊ុន Intuit ដោយទទួលបានថវិកាចំនួន ៣,៥ លានដុល្លារសហរដ្ឋអាមេរិក។

          នេះបើតាមការឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យនិងជារដ្ឋេលខាធិការក្រសួងបរិស្ថានខណៈពេលដែលដឹកនាំក្រុមអ្នកសារព័ត៌មាន២០ស្ថាប័នចុះសិក្សាស្វែងយល់ពីការងារការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី៣-៥ខែតុលាឆ្នាំ២០២០កន្លងមក។

          ថ្លែងប្រាប់បណ្តាញសារព័ត៌មានលោករដ្ឋលេខាធិការបានឱ្យដឹងថា ផ្ទៃដីអនុវត្តគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាមានទំហំ ១៦៦ ៩៨៣ ហិកតា។ នៅក្នុងការអនុវត្តគម្រោងរេដបូកនៅក្នុងដែនជម្រក សត្វព្រៃកែវសីមានេះបានផ្តោតសំខាន់លើការពង្រឹងការអនុវត្តច្បាប់ ការចូលរួមរបស់ប្រជាសហគមន៍ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ការបង្កើនជីវភាពប្រជាសហគមន៍តាមរយៈការធ្វើ កសិកម្មនិងទេសចរណ៍ធម្មជាតិ ការកំណត់តំបន់គ្រប់គ្រង និងការតាមដាន និងស្រាវជ្រាវជីវៈចម្រុះ។ 

លោកថាអត្ថប្រយោជន៍នៃគម្រោងរេដបូកនៅដែនជម្រកសត្វព្រៃកែវសីមាបានផ្តល់ផលប្រយោជន៍ទៅដល់ ភូមិចំនួន ២០ ដែលក្នុងមួយភូមិៗបានទទួលថវិកាចន្លោះពីជាង ១០០០០ ដុល្លារក្នុងមួយឆ្នាំ។ គម្រោងរេដបូកបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយការបាត់បង់ព្រៃឈើ កាត់បន្ថយការបាត់បង់ជិវៈចម្រុះ អភិវឌ្ឍជីវភាពរបស់សហគមន៍មូលដ្ឋានតាមរយៈការប្រើប្រាស់ថវិកាបែងចែកផលប្រយោជន៍គម្រោងរេដបូកសម្រាប់បំពេញបន្ថែមទៅក្នុងថវិកានៃផែនការវិនិយោគឃុំ។ គម្រោងរេដបូកនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ 

ជាមួយសមិទ្ធផលដ៏ល្អប្រសើរនេះលោករដ្ឋលេខាធិការបានបន្ថែមឱ្យដឹងផងថា ក្នុងពេលបច្ចុប្បន្ន កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានផលល្អដូចប្រទេសដទៃទៀត មានដូចជាម៉ាឡេស៊ី វៀតណាម ឥណ្ឌុនេស៊ី ប្រេស៊ីល អេក្វាទ៍រ កូឡំប៊ី ឈីលី ម៉ិកស៊ីកូ កេនយ៉ា ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest Referral Level) កម្ពុជាអាចផលិតឥណទានកាបូនលើសពី ១០ លានតោនក្នុងមួយឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខណ្ឌការទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង។

លោក នេត្រភក្ត្រាបានបណ្ជាក់បន្ថែមថា “លទ្ធផលដែលយើងទទួលបាននៅពេលនេះគឺកើតចេញពីការសហការ និងយកចិត្តទុក ដាក់ខ្ពស់ក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិដែលយើងបានថែរក្សានិងការពារព្រៃឈើបានល្អប្រសើរ”។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ដែរថាបើគិតចាប់ពីឆ្នាំចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារអាមេរិកពីការលក់ឥណទានកាបូន ហើយថវិការទាំងនេះបានធ្វើការអភិវឌ្ឍន៍តាមតំបន់សហគមន៍ ហើយប្រជាសហគមន៍ទាំងអស់ក៏បានទទួលផលប្រយោជន៍ដោយផ្ទាល់ពីការលក់កាបូនទាំងនេះ។ចំពោះថវិការពីការលក់ឥណទានកាបូនទាំងអស់នេះដែរគឺបន្ទាប់ពីកម្ពុជាបានលក់កាបូនទៅឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សានិងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។

លោកបានលើកឡើងឱ្យដឹងថាកត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ចជាប់ៗគ្នាក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ និងការអភិវឌ្ឍន៍ប្រទេសបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសពេញលេញក្នុងការគិត គូរខ្ពស់ពីបញ្ហាបរិស្ថាននិងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ។ អាស្រ័យដោយ សារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្តដោយបានសហការជាមួយអង្គការដៃគូដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) និងអង្គការអភិរក្សអន្តរជាតិ (CI)។ 

លោកបានបញ្ជាក់បន្ថែមដែរថា សមិទ្ធផលនៃការលក់ឥណទានកាបូននេះបង្ហាញថាកម្ពុជាបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។ ការថែរក្សាបាននូវឈើឈរ យើងអាចលក់តួនាទី របស់ឈើ ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូននេះត្រូវបានយកទៅប្រើប្រាស់សម្រាប់ការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលអនុវត្តចាប់ពីឆ្នាំ ២០២០ ហើយដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។

គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមាដែលមានផ្ទៃដីសរុបទំហំ ២៩២ ៦៩០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរីនិងផ្នែកខ្លះនៅក្នុងខេត្តក្រចេះ។ ក្រសួងបរិស្ថានបានសហការជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) អនុវត្តគម្រោងរេដបូកតាំងពីឆ្នាំ ២០១៦ មក ពោលគឹចាប់តាំងពីដែនជម្រកសត្វព្រៃកែវសីមាត្រូវបានផ្ទេរឱ្យក្រសួងបរិស្ថានគ្រប់គ្រង៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា ​ប្រាប់​សហភាព​អឺរ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...