រហូតមកទល់ពេលនេះរុស្ស៊ីមិនព្រមទាត់ចោលលទ្ធភាពលក់ប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះទំនើប S-400 ទៅអោយអ៊ីរ៉ង់ ទោះជាមានការប្រឆាំងជំទាស់និងការគំរាមពីសហរដ្ឋអាម៉េរិក ដែលនាំអោយមានភាពតានតឹងរវាងរដ្ឋាភិបាលក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីរ៉ង់ លោក ឡេវ៉ាន ចាហ្ការៀន នៅតែនិយាយថា រុស្ស៊ីនឹងមិនមានបញ្ហាក្នុងការលក់ប្រព័ន្ធបច្ចេកវិទ្យាខ្ពស់របស់ខ្លួនអោយអ៊ីរ៉ង់ទេនៅពេលទណ្ឌកម្មសព្វាវុធអង្គការសហប្រជាជាតិលើអ៊ីរ៉ង់នឹងផុតសុពលភាពនៅថ្ងៃ១៨តុលា ឆ្នាំ២០២០ខាងមុខនេះ។
លោក ចាហ្ការៀន បាននិយាយថា រដ្ឋាភិបាលវិមានក្រឹមឡាំងនឹងពិចារណាដោយប្រុងប្រយ័ត្នចំពោះសំណើទិញសព្វាវុធពីអ៊ីរ៉ង់ ទោះជារដ្ឋាភិបាលអាម៉េរិកបន្តដាក់សម្ពាធអោយប្រទេសនានាធ្វើយ៉ាងទុកអោយរដ្ឋាភិបាលក្រុងតេអេរ៉ង់(អ៊ីរ៉ង់)នៅឯកោតទៅទៀតក្តី។
លោកបាននិយាយថា «យើងមិនខ្លាចការគំរាមរបស់អាម៉េរិកទេ ហើយយើងសូមប្រកាសការប្តេជាចិត្តរបស់យើង»។
សូមបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានបរាជ័យក្នុងការជំរុញអោយសមាជិកក្រុមប្រឹក្សាសន្តិសុខគាំទ្រការបន្តទណ្ឌកម្មសព្វាវុធរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ នៅពេលវាជិតផុតកាលកំណត់អនុវត្ត។លោកប្រធានាធិបតីត្រាំនិយាយថា ការដែលទុកអោយទណ្ឌកម្មអាវុធនៅផុតអាណត្តិទៅ វានឹងរឹតតែរុញតំបន់អោយកាន់តែអស្ថិរភាព និងបានព្រមានថាអ៊ីរ៉ង់នឹងស្វះស្វែងទិញសព្វាវុធភ្លាមដើម្បីជំរុញគោលនយោបាយការបរទេសរបស់ខ្លួន។
អាម៉េរិកបារម្ភថា សព្វាវុធផ្គត់ផ្គង់ដោយអ៊ីរ៉ង់នឹងជោរជន់នៅអ៊ីរ៉ាក់ យែម៉ែន លីបង់ និងតំបន់ផ្សេងទៀត កន្លែងដែលរដ្ឋាភិបាលក្រុងតេអេរ៉ង់ ផ្តល់អាវុធដល់ក្រុមសកម្មប្រយុទ្ធដែលជាសាខារបស់ខ្លួន។តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បរាជ័យនៅក្នុងការកៀរគរប្រមូលការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខ សូម្បីតែពីសម្ពន្ធមិត្តអឺរ៉ុបជាប្រពៃណីរបស់ខ្លួន ដូចជាអង់គ្លេសនិងបារាំង។ប្រការនេះហើយដែលនាំអោយឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ ផ្ទុះកំហឹងនិងចោទប្រកាន់សម្ពន្ធមិត្តអឺរ៉ុបរបស់ខ្លួនថា «ឥឡូវពួកគេឈរខាងក្រុមភេរវករ»។
S-400ជាមុខទំនិញសំខាន់របស់រុស្ស៊ី ដែលកន្លងមកវាបានបង្កអោយអាម៉េរិកមើលមុខសម្ពន្ធមិត្តណាតូរបស់ខ្លួនមួយមិនចំ ក្រោយតួកគីបានបញ្ជាទិញនិងទទួលយកវាពីរុស្ស៊ី។
S-400ត្រូវបានដាក់អោយដំណើរការនៅឆ្នាំ២០០៧ ។វាហោះបានឆ្ងាយ(៤០២គីឡូម៉ែត្រ) នៅរយៈកំពស់ខ្ពស់ គឺ៣០គីឡូម៉ែត្រនិងលឿន។វាត្រូវបានគេចាត់ទុកជាសព្វាវុធទំនើបមួយក្នុងចំណោមប្រព័ន្ធប្រឆាំងយន្តហោះនៅក្នុងលោក។
ក្រៅពីតួកគី ចិននិងបេឡារុស ក៏បានទទួលប្រព័ន្ធS-400នេះហើយដែរ ខណៈឥណ្ឌាបានបញ្ជាទិញវា ហើយអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានរាយការណ៍ថា កំពុងពិភាក្សាជាមួយរដ្ឋាភិបាលក្រុងមូស្គូអំពីប្រព័ន្ធគួរអោយញញើតនេះ៕ប្រែសម្រួល៖វាសនា

អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងទិញលក់ប្រព័ន្ធកាំជ្រួចS-400 អោយបានឆាប់ព្រោះខ្លាចអាម៉េរិកវាយប្រហារខ្លួន