Home ព័ត៌មានជាតិ សង្គម អភិបាលរាជធានី...

អភិបាលរាជធានី អំពាវនាវឲ្យកម្មករ ប្រមូលសំរាមចូលធ្វើការងារវិញ

*** រដ្ឋបាលរាជធានី បញ្ចេញរថយន្ត ទើបនឹងទិញថ្មី ចំនួន ៧០ គ្រឿង ប្រមូលសំរាមជំនួស

ដោយៈរ៉ាម៉ន/ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យកម្មករ ប្រមូលសំរាម ក្រុមហ៊ុនស៊ិនទ្រី ដែលកំពុងធ្វើបាតុកម្ម ចូលធ្វើការងារ ជាធម្មតាវិញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់អតីតភាពការងារ ទៅតាមដំណាក់កាល ហើយកម្មករ នៅតែទទួលបាន ឱកាសការងារថ្មី នៅពេលក្រុមហ៊ុន ចំនួន ៣ បើកប្រតិបត្តិការ ប្រមូលសំរាម។ នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់បទសម្ភាស៍ ជាមួយអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែតុលានេះ នៅពេលលោក បានអញ្ជើញទៅបើកសម្ពោធ ដាក់អោយប្រើប្រាស់ អគារទីចាត់ការ សាលាបឋមសិក្សាសន្ធរម៉ុក ដែលជាអំណោយរបស់លោក និងលោកស្រី។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា នៅប៉ុន្មានថ្ងៃនេះ មានការកកស្ទះសំរាម យ៉ាងខ្លាំង ដោយសារកម្មករ ក្រុមហ៊ុនស៊ីនទ្រី ធ្វើកូដកម្ម ទាមទារប្រាក់អតីតភាពការងារ ។ ចំណុចនេះ ក្រសួងការងារ បានជម្រាបជូនហើយថា ប្រាក់អតីតភាព ក្រសួង នឹងផ្តល់ជូន តាមដំណាក់កាល ខណៈដែលកម្មករទាំងអស់នោះ សុំបើកប្រាក់ នោះផ្តាច់តែម្តង ហើយឈប់ធ្វើការ ។

លោកបានបន្តថា ការទាមទារបែបនេះ ដោយសារពួកគាត់ យល់ថា នៅថ្ងៃអនាគត ដ៏ខ្លីនេះ រដ្ឋបាលរាធានីភ្នំពេញ នឹងធ្វើការដេញថ្លៃ យកក្រុមហ៊ុនចំនួន ៣ មកប្រតិបត្តិការ ប្រមូលសំរាម ហើយគាត់គិតថា គាត់មិនបានចូលធ្វើការងារបន្ត ។ ក្នុងករណីនេះ លោកអភិបាល បានផ្ញើសារជូនកម្មករ កម្មការិនីទំាងអស់ ថា ការបង្កើតឱ្យមាន ក្រុមហ៊ុនប្រមូលសំរាម ចំនួនបីតំបន់នេះ គឺដើម្បីធ្វើយ៉ាងណា ឱ្យការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ មានភាពលឿនរហ័ស បញ្ចៀសការកកស្ទះ ខណៈដែលក្រុមហ៊ុនទាំងអស់នោះ នឹងយកកម្មកររបស់ ក្រុមហ៊ុនស៊ីនទ្រី ដែលមានការជួយពី រដ្ឋបាលរាជធានីភ្នំពេញ មកបំរើការងារដែរ ។

លោកសូមផ្ញើសារជូនកម្មករ កម្មការិនី អ្នកប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញទាំងអស់ថា មិនដូចការគិតរបស់បងប្អូនទេ កិច្ចការងារយកសំរាម ក្រុមហ៊ុនថ្មីមក ក៏ត្រូវការកម្មករ ហើយកម្មករ នឹងបន្តអតីតភាពការងារ ដោះស្រាយនៅដដែល ។ ឧទាហរណ៍ ក្រុមហ៊ុនស៊ីនទ្រី ដេញបានតំបន់ណាមួយនោះ ក្រុមហ៊ុនប្រតិបត្តិ នៅតំបន់នោះ បើកម្មករលើស អាចដាក់ពាក្យទៅក្រុមហ៊ុនថ្មីមួយទៀត ដែលមានការជួយជ្រោមជ្រែង ពីរដ្ឋបាលរាជធានីភ្នំពេញ ហើយប្រាក់អតីតភាព គឺមិនឱ្យគាត់ មានការបាត់បង់នោះទេ សូមឱ្យបងប្អូនកម្មករយើង ចូលធ្វើការវិញ។

លោកអភិបាលរាជធានី បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហា ចំពោះមុខនេះ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញរថយន្ត ប្រមូលសំរាម ដែលទើបនឹងទិញថ្មី ចំនួន ៧០ គ្រឿង រួមជាមួយកំលាំងសន្តិសុខ និងប្រជាការពារ រាប់សិបនាក់ ដើម្បីចេញប្រតិបត្តិការ ប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ។ លោកក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀស ការកកស្ទះសំរាម សំណល់រឹង ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែឱ្យអាជ្ញាធរខណ្ឌ ទាំង១៤ ប្រមូលតាមខណ្ឌរៀងៗខ្លួន ។

គួរបញ្ជាក់ថា កន្លងមកនេះ រដ្ឋបាលរាជធានី ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បានគិតគូរបញ្ហាសំរាមនេះ តាំងពីឆ្នាំ២០១៩ មកម៉្លេះ ដោយបានទិញរ៉ឺម៉កកង់បី ដឹកសំរាម ប្រគល់ទៅឱ្យគ្រប់សង្កាត់ ទាំង ១០៥ ខណ្ឌទាំង ១៤ និងផ្សារ ជាមួយនឹងការទិញរថយន្ត សំរាប់ដឹកសម្រាម ចំនួន ៧០ គ្រឿងផងដែរ។

ដោយឡែក ចាប់តាំងពីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ កម្មករប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី បាននឹងកំពុងធ្វើកូដកម្ម ដោយមិនចេញ ប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...