ដោយ:លី ម៉េងហួរ: ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នាជាច្រើនមេ យ៉ាងគំហុក និងទឹកហូរចាក់ពីស្រុកអង្គស្នូល ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺបានបណ្តាលឲ្យ កើតមានជំនន់ទឹកភ្លៀង លិចភូមិឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍ សែនជ័យ រួមទាំងលិចមួយចំណែកនៃផ្លូវជាតិលេខ ៤ ម្តុំបញ្ជាការដ្ឋានកងទ័ពជើងគោក ម្តុំផ្លូវរថភ្លើង ជាដើម។
ចំពោះមុខគ្រោះទឹកជំនន់ទឹកភ្លៀងនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជា ឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូល ដោយសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន កាយទម្លាយចំណុចចាក់ដីលុបប្រឡាយ អមមហាវិថីឈ្នះឈ្នះ ជាង ៣០ទីតាំង ដើម្បីរំដោះទឹកភ្លៀង កុំឲ្យជន់លិចនៅប៉ែកខាងលិចរាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកាយទម្លាយចំណុចចាក់ដីលុបប្រឡាយអមវិថី ឈ្នះឈ្នះជាង ៣០ទីតាំង ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅប៉ែកខាងលិច បានធ្វើឡើងក្នុងឱកាស លោក ចុះពិនិត្យស្ថានភាពជាក់ស្តែងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល ប៉ែកខាងលិច រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំអោយអភិបាលខណ្ឌពោធិសែនជ័យនិងមន្ត្រី ពាក់ព័ន្ធ ត្រូវពិនិត្យមើលការរំលោភចំណីប្រឡាយ នៅផ្លូវឆេកូ ដែលមានទទឹង ៥០ម៉ែត្រ ដោយតម្រូវឲ្យរុះរើសំណង់ ដែលរំលោភប្រឡាយចេញឲ្យអស់និងត្រូវរក្សាស្ថានភាពប្រឡាយ ដូចដើមវិញ។
ជាមួយគ្នានេះ លោកអភិបាល ក៏បានណែនាំ អោយមន្ទីរសាធារណការ និងដឹកជញ្ជូនយក គ្រឿងចក្រកាយបើកមុខទឹកចំនួន ២កន្លែងអមផ្លូវរថភ្លើង ក្នុងសង្កាត់ត្រពាំងក្រសាំង ដើម្បីនាំ ទឹកទៅប្រឡាយទម្លាក់ ទៅស្ថានីយបូមទឹកទួលសំពៅ រំដោះទឹកលិចលង់ ដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ត្រពាំងក្រសាំងផងដែរ។
អាជ្ញាធររាជធានីភ្នំពេញ បានកត់សម្គាល់នូវកត្តា ៣សំខាន់ៗ ដែលធ្វើឲ្យភូមិសាស្ត្ររាជធានី ភ្នំពេញប៉ែកខាងលិច ត្រូវលិចលង់ខ្លាំង ដោយសារជំនន់ទឹកភ្លៀង នៅឆ្នាំនេះ គឺបរិមាណទឹក ភ្លៀងធ្លាក់ខ្លាំង រហូតដល់ ១០៥មីលីម៉ែត្រ ក្នុងមួយវិនាទី ផ្ទៃរងទឹកភ្លៀង ដែលធ្លាប់តែទទួល ចែករំលែកទឹកទៅតាមអូរ ប្រឡាយ ឬវាលស្រែនានាត្រូវបានអភិវឌ្ឍន៍ទៅជាសំណង់លំនៅ ដ្ឋាន និងមួយចំណែកទៀត ត្រូវបានចាក់ដីរំលោភប្រឡាយ ពីប្រជាពលរដ្ឋមួយចំនួនបណ្តាល ឲ្យខ្វះផ្លូវទឹកហូរធ្វើឲ្យទឹកចាល់ មិនអាចហូរ ទៅណាបានក៏បណ្តាលលិចភូមិសាស្ត្រខាងលើ នេះតែម្តង។
យ៉ាងណាក៏ដោយចុះ មហាជនមើលឃើញថា ភ្លៀងខ្លាំងដូច្នេះ មិនមែនទើបតែកើតមាននៅ ឆ្នាំនេះទេ។ ពោលគឺរៀងរាល់ឆ្នាំ យូរយាណាស់មកហើយ តែទឹកភ្លៀង ក៏មិនដែលជន់លិចខ្លាំង ដូចពេលនេះឡើយ។ បញ្ហាសំខាន់ ដែលនាំឲ្យទឹកភ្លៀងលិចលង់ផ្ទះ និងផ្លូវ ក្នុងពេលនេះ ដោយសារតែអូរ ប្រឡាយ ឬវាលស្រែនានា ត្រូវបានអភិវឌ្ឍន៍ ទៅជាសំណង់លំនៅដ្ឋាន បុរីផ្ទះល្វែង។ ក្នុងនោះ បឹង និងប្រឡាយមួយចំនួន ដែលជាកន្លែងស្តុកទឹកកន្លងមកត្រូវបាន ចាក់ដីរំលោភ លុបធ្វើបុរីផ្ទះល្វែង ខណៈដែលដីឡើងថ្លៃខ្ពស់។ ដូច្នេះហើយបានជាបណ្តាលឲ្យ ខ្វះផ្លូវទឹកហូរ មិនមានកន្លែងរំដោះទឹក ធ្វើឲ្យទឹកជន់លិចផ្ទះ និងលិចផ្លូវដូច្នេះ។ នេះគឺជាលទ្ធផល ជាក់ស្តែង ចេញពីការលុបអូរ ប្រឡាយ ស្រះ បឹង និងវាលស្រែ ដើម្បីអភិវឌ្ឍន៍ជាបុរីផ្ទះល្វែង។
ជាការពិត ការអភិវឌ្ឍន៍សំណង់ ប្រទេសណាក៏ដោយ នៅកន្លែងណាក៏ដោយ ក៏ត្រូវតែធ្វើដែរ។ ប៉ុន្តែគួរតែធ្វើដោយមានប្លង់ត្រឹមត្រូវ ដោយអ្នកជំនាញ ដោយរៀបចំសំខាន់ជាងគេ ផ្លូវ ភ្លើង ទឹក និងប្រព័ន្ធបង្ហូរទឹកកខ្វល់ ព្រមទាំងបណ្តាញបង្ហូរទឹកភ្លៀង ដើម្បី កុំឲ្យជន់លិចដូចអ្វីដែលយើង ធ្លាប់ឃើញកន្លងមក។
ការជន់លិច ដោយទឹកភ្លៀងនេះ បានកើតឡើងច្រើនរួចមកហើយ ប្រសិនបើផ្ទះ ឬកន្លែងធ្វើការ នោះ ត្រូវបានសាងសង់មុនគេ គឺច្បាស់ជាទាបជាងផ្លូវទាបជាងផ្ទះរបស់អ្នកសាងសង់ ក្រោយៗ។ ក្នុងនោះ បើសិនជាអាជ្ញាធរសមត្ថកិច្ច មិនរៀបចំប្រព័ន្ធលូប្រឡាយរំដោះទឹកភ្លៀង ឲ្យបានត្រឹមត្រូវទេ ច្បាស់ជាប្រជាពលរដ្ឋម្នាក់ ចេះតែលើកដីចាក់ខ្ពស់រៀងៗខ្លួន ដល់រងគ្រោះ គឺអ្នកផ្ទះទាបជាងគេ ឬសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពនេះឯង។
ដូច្នេះយើងមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍បុរីផ្ទះល្វែងលំនៅឋាន ឬតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ្វីនោះទេ តែសូមឲ្យតែមានគម្រោងប្លង់ត្រឹមត្រូវរៀបចំដោយអ្នកជំនាញសហការជាមួយ អាជ្ញាធរសមត្ថកិច្ច ដើម្បីជៀសវាងការជន់លិចដោយជំនន់ទឹកភ្លៀងដូចធ្លាប់កើតឡើងកន្លងមក ពិសេសនៅភ្នំពេញ។ រីឯការចាក់ដីរំលោភអូរប្រឡាយ បឹង ស្រះទឹក ជាដើមដែលជាផ្លូវទឹក ហូរនោះ ក៏គួរតែអាជ្ញាធរសមត្ថកិច្ច ទប់ស្កាត់នៅពេលជនខិលខូចដឹកដីចាក់លុបពីដំបូង ព្រោះថា សកម្មភាពដឹកដីចាក់លុបអូរប្រឡាយ បឹង ស្រះទឹក មិនមែនធ្វើដោយស្ងាត់ស្ងៀម ឬក៏យប់ស្ងាត់ឯណា គឺជាសកម្មភាពគគ្រឹកគគ្រេងដូចគេហែកឋិនហើយសុទ្ធតែមានស៊ីញ៉េពី អាជ្ញាធរសមត្ថកិច្ចទៀតផងទេតើ!។ អីចឹង យើងគួរតែការពារជាមុន ប្រសើរជាងព្យាបាល ព្រោះតែមានទឹកលិចហើយ ក្រៅពីខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ផ្លូវថ្នល់ស្ពានហើយនោះ អាយុជីវិតមនុស្សសត្វ ក៏អាចកើតឡើងជាយថាយហេតុបានដែរ៕